លោក​ច​ច គ្លូ​នី ជំរុញ​ឱ្យធ្វើ​សកម្មភាព​លើ​ទ្រព្យសម្បត្តិ​របស់​ពួក​ឧ​ត្ត​ម​សេនីយ៍​ស៊ូដង់​

169
ចែករម្លែក

តារា​ហូលីវូដ​និង​សកម្មជន​សិទ្ធិ​មនុស្សលោក ច​ច គ្លូ​នី កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្ដរជាតិ​តាមដាន​ឱ្យ​ដិតដល់​នូវ​ប្រាក់​ខុសច្បាប់​ពី​ប្រទេស​ស៊ូដង់ ដោយ​បង្ហាញ​ពី​ក្តី​សង្ឃឹមថា​សម្ពាធ​ហិរញ្ញវត្ថុ​អាច​នឹង​ផ្លាស់ប្តូរ​ការគិត​សម្រាប់​ពួក​ឧ​ត្ត​ម​សេនីយ៍​ដែល​បាន​ប្រើ​ហិង្សា​បង្ក្រាប​ទៅលើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​គ្លូ​នី ដែលជា​អ្នកធ្វើ​យុទ្ធនាការ​ការពារ​សិ​ទិ្ធ​មនុស្ស​នៅ​តំបន់​ដា​ហ្វួ​រ ភាគ​ខាងលិច​ស៊ូដង់ បាន​កត់សម្គាល់ថា កងជីវពល​ឃោរឃៅ ចាន់​ចា​វីត (Janjaweed) បាន​ជាប់​ពាក់ព័ន្ធ​ទាំង​ការរំលោភបំពាន​នៅ​ដា​ហ្វួ​រ​និង​ការបង្ក្រាប​បាតុកម្ម​កាលពី​សប្តាហ៍​មុន​។​

​មនុស្ស​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​នៅពេលដែល​កងកម្លាំង​យោធា​បាន​បង្ក្រាប​ដោយ​បង្ខំ​ទៅ​ក្រុមអ្នកតវ៉ា​រយៈពេល​ជាច្រើន​សបា្ដហ៍​នៅ​ខាងក្រៅ​ទីបញ្ជាការ​កណ្តាល​របស់​កងទ័ព ដែល​បាន​ទម្លាក់​មេដឹកនាំ​ជើងចាស់​លោក​អូ​ម៉ា អាល់​បា​សៀរ ប៉ុន្តែ​ទើសចិត្ត​ចំពោះ​ការតស៊ូ​ទាមទារ​របស់​ក្រុមអ្នកតវ៉ា​ឱ្យមាន​ការផ្លាស់ប្តូរ​ភ្លាមៗ​ទៅរក​ការគ្រប់គ្រង​ដោយ​ស៊ីវិល​។​

​លោក​គ្លូ​នី នៅក្នុង​ឯកសារ​រួមគ្នា​មួយ​ដែល​សរសេរ​ជាមួយ​អតីតមន្ត្រី​អាម៉េរិក លោក ច​ន ប្រេន​ឌ័​រ​ហ្គាស (John Prendergast) បាន​និយាយថា ពួក​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ​ភ័យខ្លាច​ថា ពួកគេ​នឹង​ចាញ់​នៅក្នុង​កិច្ចព្រមព្រៀង​នយោបាយ​មួយ បន្ទាប់ពី​ពួកគេ “​ប្លន់​ប្រទេស​នេះ​ដោយ​គ្មាន​និ​ទណ្ឌ​ភាព​អស់​រយៈពេល ៣០ ឆ្នាំ​”​។​

​អ្នក​ទាំងពីរ​បាន​និយាយថា អង្គការ Sentry ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ពួកគេ​បាន​បង្កើតឡើង​ដើម្បី​តាមដាន​លុយកខ្វក់​នោះ បានចង្អុលបង្ហាញ​អំពី​ការលាង​លុយកខ្វក់​ចេញពី​ប្រទេស​ស៊ូដង់ ខណៈដែល​វិបត្ដិ​កាន់តែ​កើន​ខ្លាំង​ឡើង​។​

​លោក​គ្លូ​នី និង​លោក​ប្រេន​ឌ័​រ​ហ្គាស បាន​សរសេរ​នៅក្នុង​វេ​ប​សាយ Politico ថា “​ការ​បង្កក​និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងនោះ​មួយចំនួន​និង​ការទប់ស្កាត់​មន្ត្រី​ទាំងនោះ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ នឹង​ក្លាយជា​ចំណុច​សំខាន់​និង​មិន​ប្រើ​កម្លាំងបាយ សម្រាប់​សន្តិភាព​និង​សិទ្ធិមនុស្ស​”​។​

​ពួកគេ​បានសរសេរថា “​ដោយ​បង្កើត​ផលវិបាក​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ពួក​មេដឹកនាំ​របប​យោធា​ស៊ូដង់​និង​សហការី​ពាណិជ្ជកម្ម​របស់​ពួកគេ នោះ​ក្រុម​អ្នកការទូត​មកពី​អាហ្វ្រិក អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក នឹង​អាចមាន​ឥទ្ធិពល​លើ​ការគិតគូរ​អំពី​ការខាតបង់​ប្រយោជន៍រ​បស់​ពួក​ឧ​ត្ត​ម​សេនីយ៍​នៅ​ទីក្រុង​ខា​ទុំ​”​។​

​ពួកគេ​បាន​សម្តែង​ការព្រួយបារម្ភ​ថា បេសកជន​អាម៉េរិក ដែល​រួមមាន​លោក​ធី​ប័​រ ណា​ហ្គី (Tibor Nagy) អ្នកការទូត​កំពូល​របស់​អាម៉េរិក​ប្រចាំ​នៅ​ទ្វីបអាហ្វ្រិក ដែល​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ខា​ទុំ​នៅ​សប្តាហ៍​នេះ នឹង​មើលឃើញ​ការអំពាវនាវ​របស់​ពួកគេ “​គ្មាន​នរណា​យក​ត្រចៀក​ស្តាប់​នោះឡើយ​” បើ​គ្មាន​ចំណាត់ការ​ស្របគ្នា​នៅលើ​ប្រភព​លុយ​របស់​ពួក​ឧ​ត្ត​ម​សេនីយ៍​ទាំង​នោះទេ​។​

​ទោះបីជា​មានការ​រិះគន់​ពី​លោកខាងលិច​ចំពោះ​ការបង្ក្រាប​នេះ​ក៏ដោយ ក៏ប៉ុន្តែ​លោក​គ្លូ​នី​និង​លោក​ប្រេន​ឌ័​រ​ហ្គាស​បាន​កត់សម្គាល់ថា ពួក​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​រដ្ឋ​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ចិន និង​រុស្ស៊ី​៕ ដោយ៖​ កញ្ញាដាលីស

លោក ច​ច គ្លូ​នី អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​ប្រភព​ទ្រព្យសម្បត្តិ​របស់​ពួក​ឧ​ត្ត​ម​សេនីយ៍​ស៊ូដង់