លោក​ជែក ម៉ា​លែង​ឈប់​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន Alibaba Group

258
ចែករម្លែក

​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group លោក ជែក ម៉ា ដែល​បាន​ជួយ​ឱ្យ​ការលក់​រាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅ​ចិន​រីកដុះដាល បាន​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះហើយ​។​

​ចំណាត់ការ​នេះ​កើតឡើង​ចំពេល​ឧស្សាហកម្ម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​លឿន​នេះ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ចំពេល​មាន​សង្គ្រាម​ពន្ធ​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​។​

​លោក​ម៉ា ដែលជា​សហគ្រិន​មាន​បំផុត​និង​ល្បីល្បាញ​បំផុត​មួយរូប​របស់​ចិន បាន​បោះបង់ចោល​មុខតំណែង​របស់គាត់​នៅ​ថ្ងៃ​ខួបកំណើត​លើក​ទី ៥៥ របស់គាត់ ដែលជា​ផ្នែក​មួយ​នៃ​ការ​ស្នង​តំណែង​បន្ត ដែល​បានប្រកាស​កាលពី​មួយឆ្នាំ​មុន​។​

​គាត់​នឹង​នៅ​បន្ត​ជា​សមាជិក​នៃ Alibaba Partnership ដែលមាន​សមាជិក ៣៦ នាក់ មាន​សិទ្ធិ​តែងតាំង​ក្រុមប្រឹក្សាភិបាល​ភាគច្រើន​របស់​ក្រុមហ៊ុន​។​

​លោក​ម៉ា អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស បាន​បង្កើត​ក្រុមហ៊ុន Alibaba ក្នុង​ឆ្នាំ ១៩៩៩ ដើម្បី​ភ្ជាប់​ក្រុមហ៊ុននាំចេញ​របស់​ចិន​ទៅនឹង​ក្រុមហ៊ុន​លក់រាយ​របស់​អា​ម៉េ​រិ​ក​។​

​ក្រុមហ៊ុន​បាន​បង្វែរ​ការ​ផ្តោតអារម្មណ៍​របស់ខ្លួន​មក​បម្រើ​ទីផ្សារ​អតិថិជន​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​ចិន​វិញ និង ពង្រីក​ទៅជា​ធនាគារ​តាម​អ៊ិន​ធឺ​ណេ​ត ការកម្សាន្ត និង សេវា Cloud Computing​។​

​អាជីវកម្ម​ក្នុងស្រុក​រួមចំណែក ៦៦ ភាគរយ​នៃ​ប្រាក់ចំណូល ១៦,៧ ពាន់​លាន​ដុល្លារ​របស់ខ្លួន នៅ​ត្រីមាស​ដែល​បញ្ចប់​ទៅក្នុង​ខែមិថុនា​។​

​ការលក់​រាយ​របស់​ចិន​ប្រឈមមុខ​នឹង​ភាពមិនប្រាកដប្រជា​ចំពេល​កំពុងមាន​សង្គ្រាម​ពន្ធ ដែល​ធ្វើឱ្យ​ថ្លៃ​នៃ​ការនាំ​ចូលទៅ​អាម៉េរិក​កើនឡើង​។​

​កំណើន​នៃ​ការលក់​តាម​អ៊ី​ន​ធឺ​ណេ​ត​បាន​ធ្លាក់ចុះ​ដល់ ១៧,៨ ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ ចំពេល​កំណើនសេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ ពោលគឺ​ធ្លាក់ចុះ​ពី​អត្រា​ពេញ​មួយឆ្នាំ ២០១៨ ចំនួន ២៣,៩ ភាគរយ​៕ ដោយ៖ កញ្ញាដាលីស

លោក ជែក ម៉ា លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន Alibaba Group