លោក​ញឹក ប៊ុនឆៃៈ ការបង្រួបបង្រួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​-​ហ្វ៊ុនស៊ិនប៉ិច ជាប់គាំង​

376
ចែករម្លែក
  • 164
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​បញ្ជាក់ថា ការរួបរួម​គ្នា​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មកដល់ពេលនេះ នៅ​គាំង​ត្រង់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាត់​ក្បាលម៉ាស៊ីន សម្តេចក្រុមព្រះ ព្រះ​ឈួន ហើយ​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ភាគច្រើន​ចង់អោយ​រួបរួម​។ ការបញ្ជាក់​នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ មកពី​តាម​បណ្តា​ខេត្ត ប្រមាណ​ជា​៣០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ នៅផ្ទះ​លោក​ញឹក ប៊ុនឆៃ ជ្រោយចង្វារ​។​

​លោក​ញឹក ប៊ុនឆៃ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា (​រូប​ថ​តៈ មុនី​រ័ត្ន​)

​លោក​ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា “​ការរួបរួម​រវាង​គ​ណ​បក្ស​ទាំងពីរ គឺ​ចំនួន​បី​ដង​ហើយ ប៉ុន្តែ​លើក​នេះ រួបរួម​ទៀត គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចង់បាន​ណាស់​ការរួបរួម​សាមគ្គី​គ្នា រវាង​អ្នក​ដែល​ស្រលាញ់​រាជានិយម​ដែល​ធ្លាប់​នៅ​ជាមួយគ្នា ជាពិសេស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ហើយ​ការ​រួបរួមគ្នា​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ស្វាគមន៍ និង​មិន​ជំទាស់​ចំពោះ​គោលការណ៍​រួបរួម​នេះ​ទេ​។ ប៉ុន្តែ​មកដល់ពេលនេះ គោលការណ៍​មាន​ខ្លះ​ហើយ ជជែក​និ​យា​គ្នា​បាន​ខ្លះ​ហើយ ប៉ុន្តែ​ដំណើរការ​វា​នៅ​គាំង គាំង​ត្រង់​ហ្វ៊ុនស៊ិនប៉ិច បាត់​ក្បាលម៉ាស៊ីន ព្រះអង្គ​សម្តេចក្រុមព្រះ ព្រះអង្គ​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​ថៃ​”​។

​លោក​សង្ឃឹមថា បញ្ហា​នេះ និង​អាច​ចាប់ផ្តើម​ដំណើរការ​នាពេលខាងមុខ​នេះ និង​ឲ្យ​បាន​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
​ចំណែក​លោក ណុប សុធា​រិ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៥ ខែមករា ថា ការបង្រួបបង្រួម​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដូចជា​មិនទាន់មាន​ការចរចា​អី​ទេ និង​មិនទាន់មាន​ពន្លឺ​នៅឡើយ​ដែរ​។ ហើយ​អ្នកខ្លះ​ចេះតែ​ថា​ទៅ ប៉ុន្តែ​គោលជំហរ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​អត់​ទាន់​មាន​ទេ ពីព្រោះ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ព្រះ​ឈួន​នៅឡើយ​។​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បន្តថា ព្រះរាជសុខភាព​របស់​សម្តេចក្រុមព្រះ មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ដោយ​ព្រះអង្គ​អាច​យាង​ដើរ​បាន ហើយ​ព្រះអង្គ​គ្រោង​នឹង​យាង​វិល​ត្រលប់មក​កម្ពុជា​វិញ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ គឺ​បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត ពិនិត្យ​ព្រះរាជសុខភាព​ព្រះ​អង្គជា​លើកចុងក្រោយ​សិន​។​

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

​សូម​រម្លឹកថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បែកខ្ញែក​គ្នា​តាំងពី​ឆ្នាំ​២០០៦ រវាង​ក្រុម​លោក​កែវ ពុទ្ធរស្មី , លោក​ញឹក ប៊ុនឆៃ និង​សម្តេចក្រុមព្រះ​។ ដោយ​កាលនោះ សម្តេច​ក្រុម​បាន​ទៅ​បង្កើត​គណបក្ស​ជាតិនិយម​។ បន្ទាប់មក​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១០ គណបក្ស​រាជានិយម​ទាំង​ពីរបាន​ចងសម្ព័ន្ធភាព​ជាមួយគ្នា​សារជាថ្មី​ឡើងវិញ ដើម្បី​បង្រួបបង្រួម​អ្នករាជានិយម និង​អ្នក​សីហនុ​និយម​។ តែ​ការបង្រួបបង្រួម​នេះ មិនបាន​ប៉ុន្មាន​ផង ក៏​បែកបាក់​គ្នា​ទៅវិញ​។​

​គួរ​បញ្ជាក់ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ទទួល​កៅអី​រដ្ឋសភា​ចំនួន​៥៨​កៅអី​។ ឆ្នាំ​១៩៩៨ គណបក្ស​ទទួលបាន​ចំនួន​៤៣​អាសនៈ​។ ឆ្នាំ​២០០៣ គណបក្ស​ទទួលបាន​ចំនួន​២៦​កៅអី ប៉ុន្តែ​ក្រោយ​ការបែកបាក់​ជា​ពីរ គណបក្ស​នីមួយៗ​ទទួលបាន​កៅអី​ម្នាក់ៗ​តែ​២​ប៉ុណ្ណោះ​។ រហូតមកដល់​ការបោះឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​រាជានិយម​ទាំងពីរ​នេះ មិន​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នោះទេ​៕ ល​