លោក​ញឹក ប៊ុនឆៃ : នយោបាយ​ពឹង​បរទេស​របស់​សម រង្ស៊ី គឺ​កម្ពុជា​នឹងមិន​បាន​សុខ​ទេ​

517
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ថា អ្វីដែល​លោក​សម រង្ស៊ី ទៅ​ពឹង​អាម៉េរិក​ឲ្យ​ជួយ​គាត់ គឺ​ប្រទេស​កម្ពុជា​មិនបាន​សុខ​ទេ ទោះបីជា​គាត់​ធ្វើទៅ​ជោគជ័យ ឬ​មិន​ជោគជ័យ វា​ជា​រឿង​មួយ ។ប៉ុន្តែ​នយោបាយ​បែបនេះ ជា​នយោបាយ​មួយ​មិន​សុខ​ទេ​។ លោក​មិន​គាំទ្រ​នយោបាយ​ផ្តាច់មុខ​ទៅរក​មហាអំណាច​ណាមួយ​ទេ វា​មិន​អាចធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ទេ​។​


​ ​លោក​បាន​បញ្ជាក់ថា “​នយោបាយ​បែប​លោក​សម រង្ស៊ី ធ្វើ​នេះ គឺ​យើង​ធ្លាប់​កាត់ និង​មានបទពិសោធន៍​រួចហើយ​។ ធម្មតា​ទេ អ្នក​ជួយ មិន​ថា​អ្នកណា​ទេ មហាអំណាច​ណា​ទេ គេ​មិនដែល​មកជួយ​ដើម្បី​តែ​ផលប្រយោជន៍​យើង​ទេ ទាល់តែ​អ្នក​ជួយ​នឹង​គេ​មាន​ផលប្រយោជន៍​របស់គេ​ដែរ បាន​គេ​ជួយ​។ ផលប្រយោជន៍​យ៉ាងម៉េច ខ្ញុំ​ចង់​និយាយថា កម្ពុជា​យើង​ជា​ចំណុច​មួយ​ដែល​នៅ​កណ្តាល​រវាង​មហាអំណាច​ធំៗ​។ ​បើ​យើង​ប្រកាន់​គោលនយោបាយ​កណ្តាល​អ​ព្យា​ក្រឹត្យ យើង​អាចរ​ស់បាន​សុខសន្តិភាព ។នេះ​ជាការ​មើលឃើញ​របស់ខ្ញុំ​ដែល​ឆ្លងកាត់​បទពិសោធន៍​ពីមុនៗ​មក​។ ​គាត់ (​សម រង្ស៊ី​) ទៅ​ពឹងពាក់​គេ​មក ដើម្បី​មក​កំចាត់​គេ​របៀបនេះ វា​មិនមែនជា​ការងាយស្រួល​”​។​


​លោក​ញឹក ប៊ុនឆៃ បាន​លើកឡើងថា អ្វីដែល​លោក​សម រង្ស៊ី ទៅ​ពឹង​បរទេស​ឲ្យ​ជួយ វា​ជាការ​មួយ​ចាប់ផ្តើម​ឈានទៅ​ដូច​ពី​អតីត​កាលដែល​កម្ពុជា​បាន​ឆ្លងកាត់ និង​ធ្លាប់មាន​បទពិសោធន៍​។ លោក​បាន​រម្លឹកថា ក្នុង​ទសវត្ស​៦០ សម័យ​សង្គមរាស្ត្រនិយម កម្ពុ​ជាមាន​សុ​សន្តិភាព​ពេញលេញ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ ​កាលដែល​បាន​សុខ​នៅពេលនោះ ដោយសារ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ​កណ្តាល​របស់​សម្តេចព្រះ នរោត្តម សីហនុ ដោយសារតែ​មិន​ចូល​ដៃ​ខាង​មហាអំណាច​ណាមួយ​ដោយ​ផ្តាច់មុខ​ទេ។ ប៉ុន្តែ​នៅ​កណ្តាល​ប្រកាន់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ដែលជា​មិត្ត​នៅលើ​សាកលលោក ដែល​នេះ​ជា​គោលនយោបាយ​មួយ​ដែល​ល្អប្រសើរ​សម្រាប់​កម្ពុជា ក្នុង​ទសវត្ស​៦០​។


​ ​លោក​បន្តថា ចំពោះ​ស្ថានភាព​នយោបាយ​កម្ពុ​ជាក​ន្ល​ង​មក ក្រោយ​ពីថ្ងៃ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ (១៨ មីនា ១៩៧០) អ្នកដឹកនាំ​ខ្មែរ​បាន​ងាក​ទៅរក​មហាអំណាច​ល​លោក​សេរី គឺ​សហរដ្ឋអាមេរិក​ទាំងស្រុង ពេលនោះ​យើង​ហាក់ដូចជា​ចាត់ទុក​មហាអំណាច​មួយ​ទៀត​ដូចជា​សត្រូវ ហេតុនេះហើយ​បានជា​ពេលនោះ​កម្ពុជា​អត់​បាន​សុខ​ទេ ចាប់ពីពេលនោះ​មក ចាប់ផ្តើម​មាន​សង្គ្រាម​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ក្រុមខ្មែរក្រហម​ដែលមាន​មហាអំណាច​នៅ​ពីក្រោយ​បានឈ្នះ​ប្រដាប់អាវុធ​ទៅលើ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​ក្រោម​ការដឹកនាំ​ដោយ​ខ្មែរក្រហម​ពេលនោះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ២​លាន​នាក់ ដោយសារតែ​ការ​លាប​ពណ៌ ការប្រកាន់​បក្ខពួក …​។​ក្រោយមក​ថ្ងៃ ៧ មករា ១៩៧៩ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម ប៉ុល ពត​។ តែ​នៅមាន​សង្គ្រាម​ជាង ១០​ឆ្នាំ​ទៀត រវាង​ខ្មែរ និង​ខ្មែរ សុទ្ធ​តែមាន​បង្អែក​គាំទ្រ ដូចជា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ម្ខាង​ទៀត​ចលនា​តស៊ូ​ត្រីភាគី ដែលមាន​ក្រុមខ្មែរក្រហម រណសិរ្ស​ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះប្រជាជន​ខ្មែរ (​របស់​សម្តេច សឺ​ន សាន​) ។ ចំណុច​ទាំងនេះ ជា​បទពិសោធន៍​ដែល​យើង​ត្រូវតែ​រៀនសូត្រ និង​គួរតែ​ជៀសវាង​ទៅ​ពឹង​ប្រទេស​មហាអំណាច ឬ​ប្រទេស​មួយចំនួន​គាំទ្រ​ផ្តាច់មុខ ហើយ​ទុក​ប្រទេស​មួយចំនួន​ធ្វើជា​សត្រូវ ហើយ​នយោបាយ​បែបនេះ គឺ​ពិតជា​មិនបាន​សុខ​ទេ ទៅ​ពឹង​ខាង​ណាក៏ដោយ​។​


​ ​លោក​បាន​បញ្ជាក់ថា “​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន ការដណ្តើម​ឥទ្ធិពល នៃ​មហាអំណាច​លើ​តំបន់​អាស៊ី និង​មកលើ​អាស៊ាន និង​មកលើ​កម្ពុជា​យើង​សាជាថ្មី​ហើយ អ្វីដែល​ខ្ញុំ​ចង់​លើក​នៅពេលនេះ គឺ​កម្ពុជា​យើង​ធ្វើយ៉ាងណា​ប្រកាន់​គោលនយោបាយ​កណ្តាល អ​ព្យា​ក្រឹត្យ បាន​កម្ពុជា​យើង​បាន​សុខ ប៉ុន្តែ​យើង​មាន​ទំនាក់ទំនង​ទាំងអស់ ដើម្បី​ជួយ​យើង​ក្នុងការ​អភិវឌ្ឍន៍ វិនិយោគទុន ”៕សរន