លោក​ដា​នី​ញែ​ល ក្រេ​ក នឹង​ប្រគល់​សិទ្ធិ​សម្លាប់​របស់​តួ ០០៧ ឱ្យទៅ​តារា​ស្រី​ស្បែក​ខ្មៅ​ឈ្មោះ ឡា​សា​ណា លីន

377
ចែករម្លែក

ដំណឹង​នេះ​នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​ញ័រញាក់​និង​ភ្ញាក់ផ្អើល​ខ្លាំង​។ កាសែត​អង់គ្លេស Daily Mail បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​ថា រឿង ០០៧ ដែល​នឹង​មកដល់​ឆាប់ៗ​នេះ នឹង​ឃើញ​លោក​ដា​នី​ញែ​ល ក្រេ​ក ដែល​ដើរតួ​ជា​ចារកម្ម​ក្នុង​តួ​ជែ​ម​ស៍ ប៊​ន ៤ លើកចុងក្រោយ ប្រគល់​សិទ្ធិ​សម្លាប់​ដល់​តួ​ស្រី​ឈ្មោះ ឡា​សា​ណា លីន (Lashana Lynch)​។​

​ភាពយន្ត​ថ្មី​នេះ​នឹង​ឃើញ​ជែ​ម​ស៍ ប៊​ន ចាក​ចេញពី​ការចូលនិវត្តន៍​ដើម្បី​ជួយ​កម្ចាត់​មនុស្ស​អាក្រក់​លើ​ពិភពលោក​។​

​ខណៈ​ការសម្ដែង​របស់​តារា​ស្រី​សញ្ជាតិ​អង់គ្លេស​ស្បែក​ខ្មៅ​រូបនេះ​អាចធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​ជែ​ម​ស៍ ប៊​ន​ភ្ញាក់ផ្អើល ក្រុមអ្នកវិភាគ​ភាពយន្ត​បាន​ជជែក​វែកញែក​ជា​ទៀងទាត់​ថា​តើ​ពួក​ផលិតករ​នឹង​គោរព​តាម​ការអំពាវនាវ​ឱ្យមាន​ជាតិ​សាសន៍​ចម្រុះ​និង​សមភាព​យេនឌ័រ​នៅក្នុង​ហូលីវូដ​ឬ​អត់​។​

​ពួក​អ្នកវិភាគ​ទាំង​នោះបាន​កត់សម្គាល់ថា ជាមួយ​លោក​ក្រេ​ក​អាយុ ៥១ ឆ្នាំ ចង់​ចាក​ចេញពី​ខ្សែភាពយន្ត​ជែ​ម​ស៍ ប៊​ន នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ការផ្លាស់ប្តូរ ជាមួយ​ការនិយាយ​តៗ​គ្នា​ថា តារាភាពយន្ត​ស្បែក​ខ្មៅ​លោក អ៊ី​ឌ្រី​ស អែល​បា (Idris Elba) អាយុ ៤៦ ឆ្នាំ កំពុង​ជិត​ចូលមក​កាន់តំណែង​តួឯក​មួយ​នេះហើយ​។​

​ប្រភព​មួយ​បាន​ប្រាប់​កាសែត Daily Mail ថា «​មាន​ឈុត​សំខាន់​មួយ​នៅ​ដើមខ្សែ​ភាពយន្ត កន្លែង​ដែល​នាយក MI6 ហៅ​កាត់ M បាន​និយាយថា “​ចូលមក ០០៧” ហើយ​ដឹក​ដៃ​នាង​ឡា​សា​ណា ដែលជា​ស្ត្រី​ស្បែក​ខ្មៅ​ដ៏​ស្រស់ស្អាត​»​។​

​ប៉ុន្តែ​អ្នក​ផ្សេងទៀត​បានកត់សម្គាល់​ថា នាង​លីន អាយុ ៣១ ឆ្នាំ ដែល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ល្បី Captain Marvel (២០១៩) គឺជា​តារា​មិន​ល្បី​។​

​តើ​នាង​អាចធ្វើឱ្យ​ល្បីល្បាញ​ដូចជា​តួ​ប្រុស​ផ្សេងទៀត​ចាប់ពី​លោក​ស៊ន កូន​នឺ​រី រហូតដល់​លោក​ក្រេ​ក បានដែរ​ឬទេ​?៕ ដោយ៖ កញ្ញាដាលីស

រឿង​ជែ​ម​ស៍ ប៊​ន វគ្គ​ថ្មី​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ ឃើញ​លោក​ដា​នី​ញែ​ល ក្រេ​ក ប្រគល់​សិទ្ធិ​សម្លាប់​ដល់​នាង លីន