លោក​ឌុយទែត​ចេញមុខ​ការពារ “​ការ​គេង​ថ្ងៃ​យក​កម្លាំង​” បន្ទាប់ពី​ខកខាន​កិច្ចប្រជុំ​មួយចំនួន​នៅ​សិង្ហ​បុរី​

809
ចែករម្លែក
  • 304
    Shares

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយទែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​វិច្ឆិកា​បានចេញ​មុខការ​ពារ​ទ​ម្លា​ប់​ចូលចិត្ត​គេង​ថ្ងៃ​របស់គាត់ ក្រោយពី​ការិយាល័យ​របស់គាត់​បា​ន​ឱ្យដឹងថា “​ការ​គេង​មួយស្រឡេត​យក​កម្លាំង​” បាន​បណ្តាលឱ្យ​មេដឹកនាំ​រូបនេះ​ខកខាន​កិច្ចប្រជុំ​សំខាន់ៗ​មួយចំនួន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី​។​

​លោក​ឌូ​តឺ​តេ​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ប្រចាំឆ្នាំ​រួមជាមួយ​មេដឹកនាំ​ពិភពលោក​ជាច្រើនរូប​ទៀត​រួមមាន​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ រ​ពូ​ទីន នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ចិន​លោក​លី កេ​ឈាង និង​អនុប្រធាន​សហរដ្ឋអាមេរិក​លោក ម៉ៃ ផេ​ន​។​

​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​ទី ១៤ វិច្ឆិកា មេដឹកនាំ​ឆាប់​ប្រែប្រួល​ចិត្ត​រូបនេះ​បាន​ខកខាន​កិច្ចប្រជុំ​៤​ក្នុងចំណោម​កិច្ចប្រជុំ​ចំនួន ១១ ដែល​គាត់​គ្រោង​នឹងចូលរួម​ក៏ដូចជា​អាហារ​ពេល​ល្ងាច​មួយ ដែល​រៀបចំ​ដោយ​មេដឹកនាំ​សិង្ហ​បុរី​លោក លី សៀន​ឡុង​។​

​មេដឹកនាំ​អាយុ ៧៣​ឆ្នាំ​រូបនេះ​បាន​សួរ​អ្នកយកព័ត៌មាន​នៅពេល​គាត់​បាន​មកដល់​កន្លែង​កិច្ចប្រជុំ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​កិច្ចប្រជុំ​ដ៏​យូរ​មួយថ្ងៃ​ទៀត​យ៉ាង​ដូច្នេះ​ថា “​តើ​មាន​អ្វី​ខុស​ទៅ​ជាមួយនឹង​ការ​ដេក​ថ្ងៃ​របស់ខ្ញុំ​?”​។​

​នៅពេល​សួរថា​តើ​គាត់​មាន​អារម្មណ៍​គេង​បាន​ឆ្អែត​ទេ គាត់​បាន​ឆ្លើយថា “​នៅ​មិនទាន់​ឆ្អែត​ទេ ប៉ុន្តែ​ឆ្អែត​ល្ម​ង​ដើម្បី​ទប់ទល់​នឹង​ការ​អត់ងងុយ​សម្រាប់​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​”​។​

​ការមិន​បង្ហាញ​របស់​លោក​ឌូ​តឺ​តេ​កាលពី​ថ្ងៃ​ពុធ​បាន​ញ៉ាំងឱ្យមាន​សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​របស់គាត់ ដោយ​ពន្យល់ថា គាត់​បាន​គេង​តែ​៣​ម៉ោង​ប៉ុណ្ណោះ​កាលពី​យប់មិញ​។​

​លោក សាល់​វ៉ា​ឌ័​រ ផា​ណេ​ឡូ អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​និយាយថា “​គាត់​គេង​ថ្ងៃ​យក​កម្លាំង​ដើម្បី​សងកា​រគេង​យប់​។ ការ​គេង​ថ្ងៃ​ខ្លះ​បាន​បង្កបញ្ហា​ធំ​ដែល​បណ្តាល​លោក​ប្រធានាធិបតី​ត្រូវ​ខកខាន​ចូលរួម​កិច្ចប្រជុំ​បី​បួន​ដង​”​។​

​លោក​បាន​បន្ថែមថា “​យើង​ធានា​ដល់​ប្រទេសជាតិ​ថា ការ​អវត្តមាន​របស់គាត់​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​សុខភាព​រាងកាយ​និង​សុខុមាលភាព​របស់គាត់ ដែលជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស