លោក​ឌូ​តឺ​តេ​និយាយថា ហ្វីលីពីន​គួរ​គ្រប់គ្រង​ដោយ​ជន​ផ្តាច់ការ ប្រសិនបើ​គាត់​អស់តំណែង​

513
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយថា អំពើពុករលួយ​និង​ថ្នាំញៀន​ខុសច្បាប់​មាន​សភាព​ដុះ​ស្លែ​ធ្ងន់ធ្ងរ​ពេក​ក្នុងប្រទេស​ហ្វីលីពីន​ដល់​ថ្នាក់​បើ​គាត់​លែង​កាន់តំណែង ប្រទេស​នេះ​គួរ​ដឹកនាំ​ដោយ​ជន​ផ្តាច់ការ​ដូចជា លោក ហ្វែរ​ឌី​ណង់ ម៉ា​កូ​ស (Ferdinand Marcos) ល្អ​ជាង​។​

​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​សីហា លោក​ឌូ​តឺ​តេ​បានបញ្ជាក់​ឡើងវិញ​ថា គាត់​ចង់​លាឈប់​មុនពេល​បញ្ចប់​អាណត្តិ​របស់គាត់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ផ្ទេរអំណាច​ដល់​លោកស្រី ឡេ​នី រ៉ូ​ប្រេ​ដូ ដែលជា​អនុ​ប្រធានាធិបតី ជាប់ឆ្នោត​ដាច់ដោយឡែក និង​មិនមែនជា​គូប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​គាត់​។​

​លោកស្រី​រ៉ូ​ប្រេ​ដូ​គឺជា​អ្នក​រិះគន់​សង្គ្រាម​ដ៏​ឃោរ​ឃៅ​របស់​ប្រធានាធិបតី​ឌូ​តឺ​តេ​ទៅលើ​ថ្នាំញៀន​។ លោក​ឌូ​តឺ​តេ​បាន​និយាយថា​នឹង​បាត់​សណ្តាប់ធ្នាប់ ប្រសិនបើ​ការបង្ក្រាប​របស់គាត់​ត្រូវបាន​បញ្ឈប់ ហើយ​ហ្វីលីពីន​អាច​ដើរ​ទៅមុខ​បាន​ទាល់តែ​ដឹកនាំ​ដោយ​ជន​ផ្តាច់ការ​។​

​លោក​ឌូ​តឺ​តេ​បាន​និយាយថា “​អ្នក​គួរ​ជ្រើស​រើសយក​មេដឹកនាំ​ផ្តាច់ការ​ដូចជា​លោក​ម៉ា​កូ​ស ល្អ​ជាង​។ នោះ​ជា​អ្វីដែល​ខ្ញុំ​ស្នើសុំ​។ អ្នក​ស្នង​តំណែង​បន្ត​តាម​រដ្ឋធម្មនុញ្ញ​គឺ​លោកស្រី​រ៉ូ​ប្រេ​ដូ ប៉ុន្តែ​លោកស្រី​មិនអាច​ដឹកនាំ​ប្រទេស​នេះ​បានទេ​”​។​

​ការកោតសរសើរ​រប​ស់លោក​ឌូ​តឺ​តេ​ចំពោះ​លោក​ម៉ា​កូ​ស​ដែលជា​ជន​ផ្តាច់ការ​គាបសង្កត់​ខ្លាំងក្លា​នោះ បាន​នាំមក​នូវ​រឿងចម្រូងចម្រាស់ ព្រោះ​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​នៅតែមាន​ស្នាមរបួស​ពី​ការគ្រប់គ្រង​ដ៏​សាហាវព្រៃផ្សៃ​របស់លោក​ម៉ា​កូ​ស​អស់​រយៈពេល​២​ទសវត្សរ៍ ដែល​បាន​បញ្ចប់ទៅ​នៅក្នុង​ការបះបោរ​អំណាចប្រជាជន​គាំទ្រ​ដោយ​យោធា​ក្នុង​ឆ្នាំ ១៩៨៦​។​

​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ឃាត់ខ្លួន ធ្វើ​ទារុណកម្ម ឬ​បាត់​ខ្លួន​នៅក្រោម​ច្បាប់អាជ្ញាសឹក​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ