លោក​ឌូ​តឺ​តេ​ហៅ​ហ៊ី​ត្លែ​រថា “​ឆ្កួត​” អំឡុងពេល​គោរព​វិញ្ញាណក្ខន្ធ​ជនជាតិ​ជ្វី​ហ្វ​នៅ​អ៊ីស្រាអែល​

529
ចែករម្លែក
  • 9
    Shares

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ដែល​ពីមុន​ធ្លាប់បាន​ប្រៀបប្រដូច​ខ្លួន​លោក​ទៅនឹង​ហ៊ី​ត្លែរ កាលពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា បានធ្វើ​ទស្សនកិច្ច​ទៅកាន់​វិមាន​គោរព​វិញ្ញាណក្ខន្ធ​ជនជាតិ​ជ្វី​ហ្វ​របស់​ជាតិ​អ៊ីស្រាអែល ដោយ​ហៅ​មេដឹកនាំ​បក្ស​ណា​ស៊ី​នេះ​ថា “​ឆ្កួត​” ខណៈដែល​លោក​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ជ្វី​ហ្វ ៦ លាន​នាក់​។​

​ការអត្ថាធិប្បាយ​នេះ​បានកត់សម្គាល់​ពី​ការប្តូរ​របត់​មួយ​ទំហឹង​របស់លោក​ឌូ​តឺ​តេ ដែល​កាលពី​២​ឆ្នាំមុន​បាន​ប្រៀបធៀប​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់គាត់​ទៅនឹង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​លើ​ជនជាតិ​អ៊ីស្រាអែល (Holocaust) ហើយ​បាន​និយាយថា​គាត់ “​សប្បាយ​ចិត្តនឹង​សម្លាប់​” អ្នកញៀន​ថ្នាំ ៣ លាន​នាក់​។ ក្រោយមក លោក​បាន​សុំទោស​។​

​លោក​ឌូ​តឺ​តេ ដែល​ល្បី​ខាង​ឆាប់​ផ្ទុះ​កំហឹង​និង​រំលោភ​សិទ្ធិមនុស្ស បាន​និយាយ​យ៉ាង​ស្ងៀមស្ងាត់​និង​ដោយ​ក្តី​គោរព​នៅពេលដែល​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ Yad Vashem ។ លោក​បាន​និយាយថា ការសម្លាប់​រង្គាល​នេះ​មិនគួរ​កើតមាន​ម្តងទៀត​ទេ ហើយ​ថា “​ពួក​កាន់អំណាច​ផ្តាច់ការ​” គ្មាន​កន្លែង​ឈរជើង​ក្នុង​ពិភពលោក​ទំនើប​នេះ​ទេ​។​

​លោក​បាន​និយាយថា “​ខ្ញុំ​មិនអាច​ស្រមៃ​ថា​ប្រទេសមួយ​នាំគ្នា​គោរព​មេដឹកនាំ​ឆ្កួត​នោះទេ ហើយ​ខ្ញុំ​មិនអាច​ប្រមើល​មើលឃើញ​ទស្សនីយភាព​មនុស្ស​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​សេរី សម្លាប់​ទាំង​បុរស​ចំណាស់ ស្ត្រី និង​កុមារ ដូច្នេះ​ទេ​។ ខ្ញុំ​សង្ឃឹមថា រឿងនេះ​នឹងមិន​កើតឡើង​ម្តងទៀត​ទេ​”​។​

​លោក​បាន​និយាយថា “​នេះ​ជា​មេរៀន​ត្រូវ​រៀនសូត្រ​ជា​ដរាប : ពួក​អ្នក​មេដឹកនាំ​ផ្តាច់ការ​និង​មេដឹកនាំ​ដែល​បង្ហាញ​ភាព​ឆ្កួត​ល្ងង់ ពួកគេ​គួរតែ​ត្រូវបាន​ផ្តួលរំលំ​ចោល​ភ្លាម​នៅនឹងកន្លែង​ដំបូង​តែម្តង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ឌូ​តឺ​តេ និង នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ