លោក​ណាំ​ប៊ុណ្ណា​រ័ត្ន​គ្រោង​ចូល​ច្រៀង​វិញ​ប៉ុន្តែ​សំឡឹង​រកមើល​ផលិតកម្ម​

181

ភ្នំពេញ​៖ តារាចម្រៀង​លោក ណាំ ប៊ុណ្ណា​រ័ត្ន កំពុងតែ​បង្ហាញ​អារម្មណ៍​នឹកនា​ដល់​អាជីព​ចាស់ របស់ខ្លួន​ឡើងវិញ គ្រា​ដែល​បានសម្រេច​ចិត្ត​ដើរ​ចេញពី​ពិភព​ចម្រៀង ប្រមាណ​ជិត​ពីរ​ឆ្នាំ​មកហើយ ស្របពេល​ដែល​លោក​ត្រូវអស់ កុងត្រា​ជាមួយនឹង​ផលិតកម្ម​ចាស់​រួចមក​។

​ការចាកចេញ​មិនសូវ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​នានា​ត្រូវបាន​តារាចម្រៀង​រូបនេះ​បញ្ជាក់ថា​មូល​ហេតុដែល​សព្វថ្ងៃ​មិនសូវមាន​ការងារ​សិល្បៈ​ឲ្យ​លេចធ្លោ​ដូច​មុន​មកពី​លោក​ជាប់រវល់​ជាមួយនឹង​អាជីវកម្ម​ផ្ទាល់ខ្លួន​បើកហាង​កាហ្វេ​មួយកន្លែង​នៅ​ម្តុំ​ទួល​សង្កែ​ដែល​គេ​ដឹងថា​កំពុង​កាក់កប​នឹង​របរ​មួយ​នេះ​រហូត​ស្ទើរតែ​មិន​ចង់​នឹកនា​ដល់​ការនិពន្ធ​បទ​ភ្លេង​ថ្មី​សម្រាប់​តម្រូវ​ទីផ្សារ​សព្វថ្ងៃ​នោះឡើយ​។
​ ​
​ប្រាប់​ឲ្យ​ដឹង​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស សម្ពោធ​ហាង​របស់​មិត្ត​ភ័​ក្រ​ក្នុង​រង្វង់ សិល្បៈ​កាលពី​ល្ងាច​ថ្ងៃទី​១ មករា តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន និយាយថា ទោះបីជា​លោក​បាន​សម្រាក ពី​ការងារ​ចម្រៀង​មួយរយៈ​ក៍​ពិតមែន​។ ប៉ុន្តែ​លោក​នឹង​វិល​មកវិញ​ជាមួយ​ទំនុកចិត្ត​ក្នុងការ​និពន្ធ​បទ​ភ្លេង ថ្មី (Original Song) ហើយក៍​ជា​ឱកាស​ដែល​លោក​កំពុង​សំឡឹង​រកមើល​ថា ផលិតកម្ម​ណាមួយ ដែល​លោក​គួរ​ជ្រកកោន​នោះ​។
​ ​
​លោក​បន្ថែមទៀតថា សម្រាប់​បទ​ភ្លេង​ថ្មី​ដែល​អ្នក​គ្រប់គ្នា​និយម​ហៅថា បទ​ចម្រៀង Original Song នោះ​វា​ហាក់បីដូចជា​ខ្មាសអៀន​បន្តិច​សម្រាប់​រូបលោក​។​ចំពោះ​រូបលោក​គិតថា​ការនិពន្ធ​បទ​ភ្លេង​ថ្មី​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាប់ចិត្ត​មិនមែន​ធ្វើ​លំៗ​ឲ្យ​តែ​បាន​គេ​ហៅ Original Song ឲ្យ​រួចពីមាត់ នោះឡើយ​។ លោក​សុំ​មិន​ហៅ​ពាក្យ​ថា Original Song នោះទេ​។ ពីព្រោះ​លោក​ចូលចិត្ត​ពាក្យ​ថា និពន្ធ​បទ​ភ្លេង​ថ្មី​និង​ទំនុកច្រៀង​ថ្មី​វិញ​ល្អ​ជាង​។
​ ​
លោក​បន្ថែមថា​ទោះបីជា​និពន្ធ​បទ​ភ្លេង​ថ្មី​ប៉ុន្តែ​លោក​មិន​ប្រកាន់​ជំហរ​ក្នុង​ការផលិត​ដាក់​តាម​យូ​ធូប​ដោយ​មិន​ស្ថិតក្រោម​ផលិតកម្ម​នោះទេ​។ លោក​គិតថា ការផលិត​បទ​ដាក់​ផលិតកម្ម​គឺ​ល្អ​ជាង​ខ្លួនឯង​ព្រោះ ផលិតកម្ម​គេ​មាន​ធនធាន​ច្រើន​ហើយ​មិនសូវ​គិត​ច្រើន​។​ព្រោះ​មាន​បុគ្គលិក​ច្រើន​សម្រាប់​ធ្វើការ​ហើយ សម័យនេះ​គឺ​គ្មាន​អ្នកណា​ដែល​ច្រៀង​បទ​ចម្លង​ពី​គេ​ទៀត​ទេ​គឺ​សុទ្ធតែ​ច្រៀង​បទ​ភ្លេង​ធ្វើ​ថ្មី​ទាំងអស់​ហ្នឹង​តែ​ខ្ញុំ​មិនសូវ​និយាយ​ពាក្យ Original Song គឺ​ចេះតែ​អៀន​មាត់​និយាយថា​បទ​ថ្មីៗ​ទៅ Original ចេញមក​កំប៉ិកកំប៉ុក​អីចឹង​ខ្ញុំ​ខ្ជិល​និយាយ​។
​ ​
​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ដែល​តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន បាន​សម្រាក​ទាំងស្រុង ពី​អាជីព​ចម្រៀង បន្ទាប់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​លោក​បញ្ជាក់ថា​រយៈពេល​ប្រហែល​មួយខែ​នេះ​មាន​ក្រុមហ៊ុន​ខ្លះ បានមក​ទាក់ទង​លោក​ធ្វើ​បទ​ភ្លេង​ថ្មី​សម្រាប់​ក្រុមហ៊ុន​របស់​ពួកគេ​ដែល​ត្រូវការ​បទ​ភ្លេង​និពន្ធ​ថ្មី​។

​សព្វថ្ងៃនេះ​តារាចម្រៀង​និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ទោះបីជា​មិន​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ក្តី​ប៉ុន្តែ​គេ​នៅតែ​និពន្ធ​បទ​ភ្លេង​ថ្មី​សម្រាប់​លក់​ជូន​ផលិតកម្ម​ផ្សេងៗ​ដែល​ត្រូវការ​បទ​ចម្រៀង​ទំនុកភ្លេង​និពន្ធ​ថ្មី​៕ ដោយ​: បញ្ញា​សាស្ត្រ​

​តារាចម្រៀង​លោក ណាំ ប៊ុណ្ណា​រ័ត្ន ក្នុងពេល​ផ្តល់​សម្ភាសន៍​៕ (​រូប​ថ​តៈ បញ្ញា​សាស្ត្រ​)