លោក​ត្រាំ​គំរាម​ដក​អាម៉េរិក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

241
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​ថា សហរដ្ឋ​អាម៉េរិក​អាច​នឹង​ដកខ្លួន​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គឺ​បន្ទាប់ពី​អ្វីដែល​គាត់​អះអាងថា​រង​ការធ្វើ​បាប​រាប់​ឆ្នាំ​នៅក្រោម​កណ្តាប់ដៃ​របស់​អង្គការ​មួយ​នេះ​។​

​លោក​ត្រាំ​បាន​និយាយ​ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ទីក្រុង​ភី​ត​ស្បឺ​កថា “​យើង​នឹង​ចាកចេញ ប្រសិនបើ​យើង​ត្រូវតែ​ចាកចេញ​។ ពួកគេ​ធ្វើបាប​យើង​ជាច្រើន​ឆ្នាំ​ហើយ ហើយ​វា​នឹងមិន​កើតឡើង​ទៀត​ទេ​”​។​

​លោក​ត្រាំ​បាន​និយាយថា​សហរដ្ឋ​អាម៉េរិក​មិនត្រូវ​ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ ប្រសិនបើ​អង្គការ​នេះ​ខកខាន​ក្នុងការ​ដោះស្រាយ​ចន្លោះប្រហោង​ដែល​អនុគ្រោះ​ដល់​ប្រទេស​មួយចំនួន​។​

​លោក​និយាយថា “​ពួកគេ​ចាត់ទុក​ប្រទេស​ជាក់លាក់​ដូចជា​ចិន ឥណ្ឌា ប្រទេស​ជាច្រើន​ទៀតថា​ជា​ប្រទេស​កំពុង​រីកចម្រើន​។ មែន ពួកគេ​ជា​ប្រទេស​កំពុង​រីកចម្រើន ហើយ​ពួកគេ​កំពុងមាន​ប្រៀប​ឈ្នះ​យ៉ាងខ្លាំង​ក្លា​។ យើង​នឹង​មិនឱ្យ​រឿង​បែបនេះ​កើតឡើង​ទៀតឡើយ​”​។​

​លោក​ត្រាំ​បានបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​នូវ​ការរិះគន់​របស់លោក​ចំពោះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​អះអាងថា​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​គុណវិបត្តិ​ក្នុងនាម​ជា​សមាជិក​នៃ​ប្លុក​សកល​មួយ​នេះ​។ ប្រធានាធិបតី​អាម៉េរិក​នេះ​ក៏បាន​ហៅ WTO ម្តង​ហើយ​ម្តង​ទៀតថា​ជា “​គ្រោះមហន្តរាយ​និង​វិនាសកម្ម​” សម្រាប់​សហរដ្ឋ​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាម៉េរិក លោក​ដូ​ណា​ល់ ត្រាំ