លោក​ត្រាំ​គំរាម​ដំឡើង​ពន្ធ​ថ្មី​ដ៏​ធំ​សម្បើម​លើ​ចិន ប្រសិនបើ​លោក​ស៊ី​មិន​បង្ហាញមុខ​ជួបចរចា​ផ្ទាល់​នៅ​កិច្ចប្រជុំ G20 នៅ​ចុងខែ​នេះ​

669
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មិថុនា​ថា​លោក​នឹង​វាយ​ពន្ធ​ថ្មី​ដ៏​ធំ​ទៅលើ​ប្រទេស​ចិន ប្រសិនបើ​សម​ភាគី​លោក​ស៊ី ជីន​ពីង មិន​បង្ហាញខ្លួន​សម្រាប់​កិច្ចប្រជុំ​ជួប​ផ្ទាល់​ទល់មុខ​គ្នា​នៅ​ចុងខែ​នេះ ហើយ​បាន​ទទូចថា សេដ្ឋកិច្ច​ចិន​នឹងមិន​អាច​វ៉ា​ដាច់​អាម៉េរិក​បាន​នោះឡើយ​។​

​លោក​ត្រាំ​បាន​ថ្លែង​សារ​ធ្ងន់ៗ​របស់គាត់​នៅមុន​កិច្ចប្រជុំ​កំពូល G20 នៅ​ថ្ងៃទី ២៨ ដល់ ២៩ ខែមិថុនា​នៅ​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន ដែល​អាច​នឹង​កត់សម្គាល់​នូវ​ចំណុច​របត់​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំងពីរ​របស់​ពិភពលោក​។​

​នៅពេល​សួរថា​តើ​ការខកខាន​របស់លោក​ស៊ីក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​នឹង​នាំឱ្យមាន​ការចាប់ផ្តើម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ឬទេ លោក​ត្រាំ​បាន​ប្រាប់​ទូរទស្សន៍ CNBC ថា “​ពិតណាស់ អាច​នឹង​ដំឡើង​ពន្ធ​”​។​

​លោក​ត្រាំ​បាន​និយាយថា កិច្ចប្រជុំ​នេះ​ត្រូវបាន​កំណត់ពេល​រួចហើយ ហើយ​ថា​លោក​រំពឹង​លោក​ស៊ី​នឹងចូលរួម​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​បើ​គាត់​មិនបាន​ទៅ​។ ខ្ញុំ​គិតថា​គាត់​នឹង​ទៅ ហើយ​ខ្ញុំ​មិនបាន​ឮថា គាត់​នឹងមិន​ទៅនោះ​ទេ​”​។​

​ទោះយ៉ាងណា ខណៈ​ភាព​តានតឹង​រវាង​អាម៉េរិក​និង​ចិន​បាន​កើនឡើង អ្នកនាំពាក្យ​រដ្ឋាភិបាល​របស់លោក​ស៊ី​បាន​និយាយ​កាលពី​ខែ​មុន​ថា គាត់ “​មិនមាន​ព័ត៌មាន​នៅពេលនេះ​” អំពី​កិច្ចចរចា​រវាង​ត្រាំ​និង​ស៊ី​នោះទេ​។​

​លោក​ត្រាំ​បាន​ព្យាយាម​ទាញ​ចិន​ឱ្យ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​លើ​គោលនយោបាយ​ពាណិជ្ជកម្ម ដែល​លោក​ប្រធានាធិបតី​រូបនេះ​អះអាង​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​ថា​បានដាក់​សហរដ្ឋ​អាម៉េរិក​ក្នុង​គុណវិបត្តិ​យ៉ាង​អយុត្តិធម៌​។​

​ភាគី​ទាំងពីរ​ហាក់ដូចជា​ជិត​ឈានដល់​ការចរចា​ត្រូវរ៉ូវ​គ្នា​ទៅហើយ រហូតដល់​កិច្ច​ពិភាក្សាបាន​ជាប់គាំង​ទៅវិញ​កាលពី​ខែ​មុន​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ប៉េកាំង​បាន​ដើរចេញ​នៅ​នាទីចុងក្រោយ​ខណៈ​ភាគី​ចិន​បានបង្ហាញ​សញ្ញា​ថា​ខ្លួន​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ការតស៊ូ​រយៈពេល​វែង​ប្រឆាំងនឹង​ការទាមទារ​មិន​សម​ហេតុផល​។​

​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ ២៥ ភាគរយ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។ ប្រទេស​ចិន​បាន​ឆ្លើយតប​វិញ​ជាមួយនឹង​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​អាម៉េរិក​ត​ម្លៃ ៦០ ពាន់​លាន​ដុល្លារ​។​

​កាលពី​ខែ​មុន​លោក​បាន​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​បន្ថែមទៀត​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ពោលគឺ​លើ​ទំនិញ​ស្ទើរ​គ្រប់មុខ​ដែល​ក្រុមហ៊ុន​អាម៉េរិក​នាំចូល​ពី​ប្រទេស​ចិន ប្រសិនបើ​ការទម្លាយ​ភាពទាល់ច្រក​ណាមួយ​មិនអាច​សម្រេចបាន​ទេនោះ​។​

​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​បានចាប់ផ្តើម​ដំណើរការ​វាយ​ពន្ធ​ថ្មី​ដ៏​ធំ ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ១៧ ខែមិថុនា ប៉ុន្តែ​លោក​ត្រាំ​បាន​និយាយថា​លោក​មិនទាន់​សម្រេចចិត្តថា​តើ​លោក​នឹង​ដំឡើង​ពន្ធ​ថ្មី​នេះ​ឬ​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោ​ស៊ី​ជួបគ្នា​នៅ​ប៉េកាំង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧