លោក​ត្រាំ​ជាប់ទាក់ទង​នឹង​រឿងអាស្រូវ​ទម្លាយ​សារ​ស្រើបស្រាល​របស់​ម្ចាស់​ក្រុមហ៊ុន Amazon លើ​កាសែត National Enquirer

132
ចែករម្លែក

​សហការី​ម្នាក់​របស់លោក​ដូ​ណា​ល់ ត្រាំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទម្លាយ​សារ​ឆ្លើយឆ្លង​ដ៏​ស្រើបស្រាល​ដែល​ផ្ញើ​ទៅវិញទៅមក​រវាង​មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក​ជេ​ហ្វ បេ​ហ្សូ​ស និង​ស្រី​លួចលាក់​របស់គាត់ ខណៈដែល​អាពាហ៍ពិពាហ៍​របស់គាត់​ត្រូវបាន​បញ្ចប់​។​

​យោងតាម​ប្រភព​ជាច្រើន​ដែល​បាន​និយាយ​ជាមួយ​សារព័ត៌មាន Daily Beast បានឱ្យដឹងថា លោក ម៉ៃ​ឃើ​ល សាន់​ឆេស បងប្រុស​របស់​នាង​ឡូ​រិ​ន សាន់​ឆេស ដែលជា​ស្រី​លួចលាក់​របស់លោក​បេ​ហ្សូ​ស បាន​ចែករំលែក​សារ​ស្រើបស្រាល​របស់​គូស្នេហ៍​លួចលាក់​នេះ​ជាមួយ​សារព័ត៌មាន National Enquirer​។​

​មហាសេដ្ឋី​រូបនេះ​បាន​សរសេរ​ទៅកាន់​ស្រី​លួចលាក់​ដែល​រៀបការ​រួច​របស់គាត់​ក្នុង​សារ​មួយ​យ៉ាង​ដូច្នេះ​ថា “​បង​ស្រលាញ់​អូន​ណាស់​។ បង​នឹង​បង្ហាញ​អូន​នូវ​រូបរាងកាយរ​បស់បង និង​បបូរមាត់​និង​កែវភ្នែករ​បស់បង​ឆាប់ៗ​នេះ​”​។​

​នៅក្នុង​សារ​មួយទៀត​គាត់​បានសរសេរថា “​បង​ចង់​ធុំក្លិន​អូន បង​ចង់​ដកដង្ហើម​ស្រូប​ក្លិន​អូន​។ បង​ចង់ឱ​បអូន​ឱ្យ​ណែន​។ បង​ចង់​ថើប​បបូរមាត់​អូន​។ បង​ស្រលាញ់​អូន​។ បង​លង់​ស្នេហ៍​អូន​ហើយ​”​។​

​សារ​ស្រើបស្រាល​រវាង​ប្រធាន​ក្រុមហ៊ុន Amazon និង​តារា​ទូរទស្សន៍​នាង​សាន់​ឆេស ត្រូវបាន​លាតត្រដាង​ដោយសារ​ព័ត៌មាន National Enquirer កាលពីដើម​ខែកុម្ភៈ​នៅក្នុង​អ្វីដែល​គេ​ហៅថា “​ការស៊ើបអង្កេត​ធំ​បំផុត​” នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កាសែត​នេះ​។​

​លោក​បេ​ហ្សូ​ស​និង​ភរិយា​ឈ្មោះ ម៉ាក​ខេន​ហ្ស៊ី បានប្រកាស​ពី​ការសម្រេចចិត្ត​របស់​ពួកគេ​ក្នុងការ​លែងលះ​នៅមុន​មួយថ្ងៃ​ដែល​សារព័ត៌មាន National Enquirer ចេញផ្សាយ​របាយការណ៍​ដំបូង​របស់ខ្លួន​ទម្លាយ​អំពី​រឿង​ស្នេហា​លួចលាក់​នេះ​។​

​យោងតាម​សារព័ត៌មាន Daily Beast បានឱ្យដឹងថា ចៅហ្វាយ Amazon រូបនោះ​បានចាប់ផ្តើម​កា​រ​ស៊ើបអង្កេត​មួយ​ទៅលើ​ថា​តើ​លោក​ត្រាំ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ទម្លាយ​សារ​ស្រើបស្រាល​នេះ​ឬ​អត់ ដោយ​គាត់ “​ជឿជាក់​យ៉ាងខ្លាំង​” ថា “​ចេតនា​នយោបាយ​” គឺ​នៅ​ពីក្រោយ​រឿងរ៉ាវ​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​កំពុងមាន​ឈ្មោះ​ជាប់ទាក់ទង​នឹង​ការទម្លាយ​រឿងអាស្រូវ​ស្នេហា​លួចលាក់​រវាង​លោក​បេ​ហ្សូ​ស​និង​នាង​សាន់​ឆេស