លោក​ត្រាំ​តែង​តាំ​លោក​អូ​ប្រាយ​អិន​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​

173
ចែករម្លែក

ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​បានតែងតាំង​លោក​រ៉ូបឺត អូ​ប្រាយ​អិន (Robert O’Brien) ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​របស់គាត់​។ ការងារ​កន្លងមករ​បស់​លោក​អូ​ប្រាយ​អិន​គឺជា​ប្រធាន​ចរចា​ចំណាប់ខ្មាំង​និង​ជា​ឥស្សរជន​ចំណាន​នៅក្នុង​រង្វង់​គោលនយោបាយ​របស់​គណ​បក្ស​សាធារណរដ្ឋ​។​

​លោក​អូ​ប្រាយ​អិន ដែលជា​មនុស្ស​ទី​បួន​ក្នុង​រយៈពេល ២ ឆ្នាំ​កាន់​ការងារ​នេះ បាន​ក្លាយជា​មនុស្ស​ចម្ប​ង​របស់​រដ្ឋបាល​ត្រាំ​ទទួលបន្ទុក​លើ​កិច្ចការ​សន្តិសុខ​ជាតិ​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ បន្ទាប់ពី​ការវាយប្រហារ​កាលពី​ចុង​សប្តាហ៍​ទៅលើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ភាពមិនប្រាកដប្រជា​ថ្មីៗ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការផ្អាក​កិច្ចពិភាក្សា​សន្តិភាព​ជាមួយ​ពួក​តា​លី​បង់​។

​ការប្រកាស​អំពី​ការជ្រើសរើស​របស់លោក​អូ​ប្រាយ​អិន បានកើត​ឡើង​មួយ​សប្តាហ៍ បន្ទាប់ពី​លោក​ត្រាំ​បាន​បណ្តេញ​លោក​ច​ន បូល​តុ​ន​ចេញពី​តំណែង ដោយ​លើកឡើង​ពី​ការមិនចុះសម្រុង​នឹង​គោលនយោបាយ​។ លោក​អូ​ប្រាយ​អិន ដែល​ល្បី​លើ​ចំណងជើង​ធំ​របស់​កាសែត​កាលពី​ខែកក្កដា​នៅពេល​គាត់​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ស៊ុយអែត​ដើម្បី​តាមដាន​ការកាត់ទោស​តារាចម្រៀង​រ៉ែ​ប​អាម៉េរិក​ឈ្មោះ អា​សាប រ៉ុ​ក​គី គឺ​ស្ថិត​ក្នុងចំណោម​បេក្ខជន ៥ រូប ដែល​លោក​ត្រាំ​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ស្ថិតក្រោម​ការពិចារណា​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ជេ​ឡេស គឺ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បញ្ចេញ​ឈ្មោះ​មនុស្ស​សម្រាំង​បាន​នៅលើ Twitter យ៉ាង​ដូច្នេះ​ថា “​គាត់​បានធ្វើការ​ជាមួយ​ខ្ញុំ​អស់​មួយរយៈ​ពេល​ហើយ​លើ​ការចាប់​ចំណាប់ខ្មាំង ហើយ​យើង​មានកំណត់​ត្រា​ដ៏​អស្ចារ្យ​លើ​ចំណាប់ខ្មាំង​។ រ៉ូបឺត​ពិតជា​អស្ចារ្យ​ណាស់​។ យើង​ស្គាល់គ្នា​ច្បាស់​ណាស់​”​។​

​លោក​អូ​ប្រាយ​អិន ដែល​ឈរ​នៅក្បែរ​លោក​ត្រាំ បាន​និយាយថា​វា​ជា “​ឯកសិទ្ធិ​” ដែល​ត្រូវ​ជ្រើសរើស​។​

​លោក​បាន​បន្ថែមថា “​យើង​ទទួលបាន​ជោគជ័យ​យ៉ាង​សម្បើម​ខាង​គោលនយោបាយ​ការបរទេស​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ត្រាំ​។ ខ្ញុំ​រំពឹងថា​រឿង​នោះ​នឹង​បន្ត​កើតមាន​។ យើង​មាន​បញ្ហា​ប្រឈម​មួយចំនួន​”​។ លោក​អូ​ប្រាយ​អិន​បាន​និយាយថា​ការផ្តោត​សំខាន់​របស់​រដ្ឋបាល​គឺ​បន្ត​រក្សា​សហរដ្ឋ​អាម៉េរិក​ឱ្យមាន​សុវត្ថិភាព​និង​កសាង​កងទ័ព​ឡើងវិញ​។ លោក​បាន​និយាយថា លោក​នឹង​ផ្តល់​ដំបូន្មាន​ដល់​លោក​ត្រាំ​ជា​លក្ខណៈ​ឯកជន​អំពី​ស្ថានភាព​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​តែងតាំង​លោក​អូ​ប្រាយ​អិន​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​កាលពី​ថ្ងៃ​ពុធ