លោក​ត្រាំ​នឹង​ប្រញាប់​រៀបចំ​ការចាកចេញ​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ថ្ងៃទី​១​មករា​តែម្តង

597
ចែករម្លែក

​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ​បានប្រកាសថា​លោក​នឹង​ជំនួស​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជី​ម ម៉ា​តទី​ស​ជាមួយ​អនុរដ្ឋមន្ត្រី​របស់លោក​ឈ្មោះ ផា​ទ្រី​ក សា​ណា​ហាន (Patrick Shanahan) ដោយ​បង្កើនល្បឿន​នៃ​ការចាកចេញ​របស់​ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​លាឈប់​ពី​តំណែង ដោយ​លើកឡើង​ពី​ការខ្វែងគំនិត​គ្នា​អំពី​គោលនយោបាយ​គន្លឹះ​មួយចំនួន​ជាមួយ​ប្រធានាធិបតី​អាមេរិក​។​

​លោក​ម៉ា​តទី​ស​អាយុ ៦៨ ឆ្នាំ​បាន​និយាយថា លោក​នឹង​ចាកចេញ​នៅ​ចុងខែ​កុម្ភៈ​ដើម្បី​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​រលូន​សម្រាប់​ប្រមុខ​មន្ទីរ​បញ្ច​កោណ​ថ្មី​របស់​យោធា​កំពូល​លើ​ពិភពលោក​នេះ ប៉ុន្តែ​លោក​ត្រាំ ដែល​ខកចិត្ត​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លិខិត​លាលែង​តំណែង​ដែល​បាន​ដាក់ជូន​ដោយ​លោក​ជី​ម​ម៉ា​តទី​ស បាន​ផ្លាស់ប្តូរ​តារាង​កាលវិភាគ​លាលែង​ពី​តំណែង​។​

​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បាន​សរសេរ​នៅលើ Twitter ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បានប្រកាសថា អនុរដ្ឋមន្ត្រី​ការពារជាតិ ផា​ទ្រី​ក សា​ណា​ហាន​របស់​យើង​នឹង​ទទួលបាន​ងារ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​ចាប់ពី​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០១៩​។ លោក​ផា​ទ្រី​កមាន​បញ្ជី​សមិទ្ធផល​ដ៏​វែង ខណៈ​បម្រើ​ការងារ​ជា​អនុរដ្ឋមន្ត្រី និង​អនុប្រធាន​ក្រុមហ៊ុន Boeing ពីមុន​។ គាត់​នឹង​ក្លាយជា​មនុស្ស​អស្ចារ្យ​!”​។​

​មុននេះ​លោក​ត្រាំ​បាន​សរសើរ​លោក​ម៉ា​តទី​ស​ក្នុង Twitter អំពី​ការចាកចេញ​របស់លោក ដោយ​និយាយថា លោក​ចូលនិវត្តន៍ “​ដោយ​កិត្តិយស​” ហើយ​ថា “​អំឡុងពេល​កាន់តំណែង​របស់លោក​ជី​ម ការរីកចម្រើន​យ៉ាង​ធំធេង​ត្រូវបាន​ធ្វើឡើង​”​។​

​ប៉ុន្តែ​លោក​ត្រាំ​បាន​ផ្លាស់ប្តូរ​សំឡេង​នៅ​២​ថ្ងៃ​ក្រោយមក ដោយ​សរសេរ​នៅលើ Twitter ថា លោក​បានផ្តល់​ឱកាស​ដ​ល់​លោក​ម៉ា​តទី​ស​ជា​លើក​ទី ២ បន្ទាប់ពី​លោក​ត្រូវបាន “​បណ្តេញចេញ​” ដោយ​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា ហើយ​ទំនងជា​ចង់​សំដៅ​ទៅលើ​អក្សរ​មួយ​បន្ទាត់​ពី​លិខិត​លាលែង​របស់​ប្រមុខ​មន្ទីរ​បញ្ច​កោណ​អំពី​ការគោរព​សម្ព័ន្ធមិត្ត​។​

​ត្រាំ​បានសរសេរថា “​សម្ព័ន្ធមិត្ត​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​មិន​សំខាន់​ឡើយ នៅពេល​ពួកគេ​ទាញយក​ប្រយោជន៍​ពី​សហរដ្ឋអាមេរិក​នោះ​”​។​

​ការប្រកាស​ថា​លោក​ម៉ា​តទី​សនឹង​ចាក​ចេញពី​រដ្ឋបាល​ត្រាំ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ត្រាំ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​នៅក្រៅ​ប្រទេស​ដោយ​ប្រកាសថា​កងទ័ព​អាមេរិក​នឹង​ចាក​ចេញពី​ប្រទេស​ស៊ី​រី​និង​ដកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​ម៉ា​តទី​ស​និង​អ្នក​ដទៃទៀត​បានផ្តល់​ដំបូន្មាន​យ៉ាង​ម៉ឺងម៉ាត់​ដល់​ប្រធានាធិបតី​ឆេវឆាវ​រូបនេះ​ប្រឆាំងនឹង​ចំណាត់ការ​បែប​នោះ ហើយ​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​រូបនេះ​ពិតជា​ខកចិត្ត​ខ្លាំង​ជាមួយ​លោក​ត្រាំ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង​អនុរដ្ឋមន្ត្រី​ការពារជាតិ លោក ផា​ទ្រី​ក សា​ណា​ហាន