លោក​ត្រាំ​បង្កើន​ភ្លើង​កម្តៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​

655
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​កាលពី​ថ្ងៃ​សុក្រ​ទី​៧​កញ្ញា​ថា​នឹង​វាយ​ពន្ធគយ​លើ​រាល់​ទំនិញ​ទាំងអស់​របស់​ចិន​ដែល​នាំ​ចូលទៅ​សហរដ្ឋអាមេរិក ដោយ​រឹត​បង្កើន​ភាព​តានតឹង​ខាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំពេល​កំពុង​ចរចា​ជា​បន្តបន្ទាប់​ជាមួយ​កាណាដា​និង​សហភាព​អឺរ៉ុប​។​

​ការអត្ថាធិប្បាយ​របស់​លោក​ត្រាំ ដែល​ផ្ទុយស្រឡះ​ពីស​ម្តី​បែប​ការទូត​កាលពី​ថ្ងៃ​សុក្រ​របស់​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់លោក បានធ្វើឱ្យ​ផ្សារ​ហ៊ុន​ធ្លាក់ចុះ​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការខូចខាត​សេដ្ឋកិច្ច ដែល​អាចជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​គ្រប់​ទិស​ដែល​លោក​កំពុង​បង្កឡើង​។​

​លោក​ត្រាំ​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​វាយ​ពន្ធ​ទណ្ឌកម្ម​លើ​ទំនិញ​របស់​ចិន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​នៅនឹងកន្លែង​រួចរាល់ ហើយ​ទំនិញ​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​ផ្សេងទៀត កំពុងស្ថិត​ក្នុង “​ដំណើរការ​ដាក់ទណ្ឌកម្ម​” ហើយ “​អាច​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​នេះ​”​។​

​ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដែល​ធ្វើដំណើរ​ជាមួយ​គាត់​ទៅកាន់​ទីក្រុង​ហ្វា​ហ្គោ រដ្ឋ​ន័​រ​ដា​កូតា ថា “​នៅ​ពីក្រោយ​រឿង​នោះ នៅមាន​ទំនិញ​តម្លៃ ២៦៧ ពាន់​លាន​ដុល្លារ​ទៀត​នឹងត្រូវ​យកមក​ពិចារណា​ភ្លាម ប្រសិនបើ​ខ្ញុំ​ចង់​”​។​

​នោះ​អាច​នឹង​គ្របដណ្តប់​ស្ទើរតែ​ទាំងអស់​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ លើ​ពិភពលោក​នេះ​។​

​លោក​ត្រាំ​បាន​និយាយថា “​នោះ​នឹង​ផ្លាស់ប្តូរ​សមីការ​ទាំងស្រុង​”​។​

​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន​លោក ឡា​រី គូដ​ឡូ​វ នៅ​ប៉ុន្មាន​ម៉ោង​មុន​នោះ បាន​និយាយថា កិច្ចចរចា​ជាមួយ​ប៉េកាំង​នៅតែ​បន្ត​ដើម្បី​ព្យាយាម​បញ្ចៀស​ជម្លោះ ហើយ​ថា​លោក​សង្ឃឹមថា ដំណោះស្រាយ​អាច​ត្រូវបាន​រកឃើញ​។​

​ហើយ​មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​ក្នុង​ការចរចា​ជាមួយ​ដៃគូ​នៅ​អាមេរិក​ខាងជើង​ក៏ដូចជា​សហភាព​អឺរ៉ុប​ផងដែរ​។​

​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក រ៉ូបឺត ឡៃ​ធី​ហ្ស័​រ បានរៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាណាដា​លោកស្រី គ្រី​ស្ទា ហ្វ្រី​លែ​ន ដើម្បី​សរសេរ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង បន្ទាប់ពី​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ម៉ិ​ក​ស៊ិ​ក​កាលពី​សប្តាហ៍​មុន​។​

​ទោះយ៉ាងណា លោកស្រី​ហ្វ្រី​លែ​ន​បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​នៅក្នុង​ដៃ​ហើយ​កាលវិភាគ​សម្រាប់​ការពិភាក្សា​នាពេល​អនាគត​គឺ​មិន​ច្បាស់លាស់​។​

​លោក​ឡៃ​ធី​ហ្ស័​រ​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ជាមួយ​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប លោកស្រី សេ​ស៊ី​ល​ឡា ម៉ា​ល់​ស្ត្រូ​ម ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​បានកើត​ឡើង នៅពេល​លោក​ត្រាំ​បាន​វាយ​ពន្ធ​លើ​ទំនិញ​ដែក​និង​អាលុយមីញ៉ូម​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ត្រាំ​អាច​វាយ​ពន្ធ​លើ​ទំនិញ​ចិន​ទាំងអស់ បើ​គាត់​ចង់