លោក​ត្រាំ​ បង្ហាញ​ផ្នែក​ទីមួយ​នៃ​ជញ្ជាំង​ព្រំដែន​ថ្មី “​ប្រឆាំងនឹង​ការឡើង​តោង​”

335
ចែករម្លែក
  • 3
    Shares

​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ត្រាំ ​បានមក​មើល​ផ្ទាល់​ជា​លើកដំបូង​នៅឯ​ផ្នែក​មួយ​នៃ​ជញ្ជាំង​ព្រំដែន​ថ្មី​កម្ពស់ ៩ ម៉ែត្រ ដែល​រដ្ឋបាល​របស់លោក​កំពុង​សាងសង់​នៅតាម​បណ្តោយ​ព្រំដែន​អាម៉េរិក​និង​ម៉ិ​ក​ស៊ិ​ក​ កាលពី​ថ្ងៃ​សុក្រ​ទី​៥​មេសា ដោយ​ធ្វើដំណើរ​ទស្សនា​នៅ​ទីក្រុង​ជាប់​ព្រំដែន​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា កន្លែង​ដែល​ជញ្ជាំង​ព្រំដែន​ប្រវែង ៣,៦ គីឡូម៉ែត្រ ត្រូវបាន​ជំនួស​ដោយ​របង​ដើម​វែងៗ​ខ្ពស់ៗ​ដែល​ធ្វើ​ពី​ចម្រឹង​ដែក​សម្រាប់​រថក្រោះ​បើក​ឆ្លង​ទឹក​ឡើងគោក​អំឡុង​សម័យ​សង្គ្រាម​វៀតណាម​។​

​សេត​វិមាន​បាន​ហៅថា កន្លែង​ដែល​ត្រាំ​កំពុង​ទៅ​មើល គឺ “​ជា​ផ្នែក​សង់​រួចរាល់​ដំបូង​នៃ​ជញ្ជាំង​ព្រំដែន​ថ្មី​នៅតាម​បណ្តោយ​ព្រំដែន​សហរដ្ឋអាម៉េរិក​និង​ម៉ិ​ក​ស៊ិ​ក​”​។​

​លោក​ប្រធានាធិបតី​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅឯ​ទីតាំង​ជញ្ជាំង​ព្រំដែន​ថ្មី​ថា “​យើង​បាន​សាងសង់​វា​ច្រើន​រួចមកហើយ​”​។

​លោក​ត្រាំ​បាន​និយាយថា ជញ្ជាំង​ព្រំដែន​ថ្មី ដែល​បង្កើតឡើង​ដោយ​បន្ទះ​ដែក​វែងៗ​មាន​ចន្លោះ​ដាច់ៗ​ពីគ្នា​ដើម្បីឱ្យ​ភ្នាក់ងារ​ល្បាត​ព្រំដែន​អាម៉េរិក​អាច​មើលឃើញ​នៅ​ភាគី​ម្ខាង​ទៀត​នោះ គឺជា​របង​ព្រំដែន “​ប្រឆាំងនឹង​ការឡើង​តោង​” និងអាច​សាងសង់ឡើង​បាន​យ៉ាង​លឿន​។​

​ខណៈ​យន្តហោះ Air Force One កំពុង​ហោះ​តាមផ្លូវ​ឆ្ពោះទៅកាន់​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស កន្លែង​ដែល​ពួក​អ្នកប្រមូល​មូលនិធិ​កំពុង​រង់ចាំ លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​ក្រឡេកមើល​ជញ្ជាំង​ថ្មី​នៅ​ព្រំដែន​ចុះ អស្ចារ្យ​មែនទែន​!”​។​

​លោក​ប្រធានាធិបតី​មាន​ឆន្ទៈ​ក្នុង​ការបន្ត​ធ្វើឱ្យ​សន្តិសុខ​តាម​ព្រំដែន​ក្លាយជា​បញ្ហា​ចម្បង​នៃ​យុទ្ធនាការ​បោះឆ្នោត​។ លោក​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភ្នាក់ងារ​អន្តោប្រវេសន៍​នៅ​ទីក្រុង​កា​ឡិច​ស៊ី​កូ​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ កាលពី​ថ្ងៃ​សុក្រ ខណៈ​លោក​បាន​ទទូចថា​ ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ប្រទេស​នេះ​ទទួលបន្ទុក​ធ្ងន់ធ្ងរ​ពេក​ហើយ និង​បានប្រកាសថា “​ប្រទេស​របស់​យើង​ពេញ​ហៀរ​បាត់​ហើយ​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ត្រាំ​ចុះ​ពិនិត្យមើល​របង​ព្រំដែន​ថ្មី​នៅ​ទីក្រុង​កា​ឡិច​ស៊ី​កូ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ជាប់​ម៉ិ​ក​ស៊ិ​ក
#