លោក​ត្រាំ​បង្ហាញ​មី​ស៊ី​ល​ថ្មី​លឿន​ជាង​សំឡេង​ដើម្បី​ទម្លុះ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ស​ត្រូវ​

910
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​ប្រហែល​កំពុងស្ថិត​ក្នុង​ដំណើរ​លេង​កូន​ហ្គោល​មែន ប៉ុន្តែ​នៅឯ​ស្រុក​អាម៉េរិក​របស់គាត់​វិញ​នោះ អ្នក​អភិវឌ្ឍន៍​អាវុធ​សំខាន់​គ្រោង​នឹង​បញ្ចេញ​នូវ​មី​ស៊ី​ល​ថ្មី​ដែល​អាច​ប្រឆាំង​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស​រុស្ស៊ី S-400 ប្រកបដោយ​ប្រសិទ្ធភាព​។ មី​ស៊ី​ល​លឿន​ជាង​សំឡេង​ហោះ​ចម្ងាយ​ឆ្ងាយ (LRHW) ត្រូវបាន​ប្រកាស​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ក្រុម​អ្នក​អភិវឌ្ឍន៍​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កងទ័ព​អាម៉េរិក​ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​នេះ​ឡើង​។ តាម​ដឹង មី​ស៊ី​ល​ថ្មី​នេះ​នឹងមាន​ភាពប្រសើរឡើង​ខ្លាំង​ជាង​មី​ស៊ី​ល​បញ្ជា​ទិស Tomahawk ដែល​ប្រើ​នៅ​ប្រទេស​ស៊ី​រី​កាលពី​ឆ្នាំមុន​ទៅទៀត​។​

​យោងតាម​ឯកសារ​ដែល​រៀបរាប់​លម្អិត​អំពី​អាវុធ​ថ្មី​នេះ​ដែល​មើលឃើញ​ដោយ​វេ​ប​សាយ Defense Blog បានឱ្យដឹងថា ការ​ចល័ត​មី​ស៊ី​ល LRHW គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ធំ​ទូលាយ​ដើម្បី​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​បច្ចេកវិជ្ជា​យោធា​អាម៉េរិក​។​

​ឯកសារ​នោះ​សរសេរថា “​វា​នឹង​នាំមក​នូវ​មី​ស៊ី​ល​ថ្មី​រយៈ​ចម្ងាយ​ឆ្ងាយ​ដែលមាន​ល្បឿន​លឿន​និង​អាច​បញ្ជា​ទិស​បាន​ដើម្បី​បន្សាប​អាវុធ​ការពារ​ខ្លួន​របស់​សត្រូវ ជាមួយ​គ្រាប់​រ៉ុក្កែត​គឺ​បាញ់​ចេញពី​ឡាន​ជើង​ទម្រ​ដឹក​មី​ស៊ី​ល​ឈ្មោះ Transporter Erector”​។​

​យោងតាម​របាយការណ៍ មី​ស៊ី​ល​ថ្មី​នេះ​នឹងធ្វើ​ដំណើរ​លឿន​ជាង​ល្បឿន​នៃ​សំឡេង បន្ទាប់ពី​ត្រូវ​បាញ់​ចេញ​លើដី​និង​ជើង​ទម្រ​លើ​រថយន្ត​។​

​មី​ស៊ី​ល​នេះ​គ្រោង​នឹង​បំពាក់​ក្បាល​គ្រាប់​ដែល​អាច​បញ្ជា​ទិស​បាន ដោយ​ធ្វើឱ្យ​វា​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មិនអាច​ឱ្យ​សត្រូវ​ប៉ាន់ស្មាន​ដឹងថា​វា​នឹង​បាញ់​ចំ​ត្រង់​កន្លែង​ណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល​លឿន​ជាង​សំឡេង​ហោះ​ចម្ងាយ​ឆ្ងាយ (LRHW) ត្រូវបាន​ប្រកាស​កាលពី​ដើម​សប្តាហ៍​នេះ​ដោយ​យោធា​អាម៉េរិក