លោក​ត្រាំ​ពន្យារពេល​យកពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​មួយចំនួន​ដើម្បី​បន្ថយ​ផលប៉ះពាល់​នៅ​រដូវ​ទិញ​ទំនិញ​សម្រាប់​បុណ្យ​ណូអែល​

101
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​មុននេះ​ត្រូវគេ​ចោទថា​ជា​ចោរលួច​បុណ្យ​ណូអែល​ដោយសារ​ព្រួយបារម្ភ​ថា​ពន្ធ​របស់គាត់​លើ​ចិន​អាច​នឹង​ដំឡើងថ្លៃ​កាដូ​ណូអែល បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី ១៣ សីហា​ថា លោក​បាន​ពន្យារពេល​វា​យ​ពន្ធ​ដើម្បី​ទុកពេល​សម្រាប់​រដូវ​ទិញ​ទំនិញ​ថ្ងៃបុណ្យ​ណូអែល​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​មុនពេល​ឡើង​យន្តហោះ​នៅពេល​ថ្ងៃត្រង់​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​ថា “​យើង​កំពុង​ធ្វើបែបនេះ​សម្រាប់​រដូវ​បុណ្យ​ណូអែល ក្នុងករណី​ដែល​ពន្ធ​មួយចំនួន​អាចមាន​ផលប៉ះពាល់​ដល់​អតិថិជន​អាម៉េរិក ប៉ុន្តែ​រហូតមកទល់​ពេលនេះ ពួកគេ​មិន​រង​ផលប៉ះពាល់​ទេ​”​។​

​លោក​បាន​បន្ថែមថា “​ប៉ុន្តែ​ក្នុងករណី​ដែល​ពន្ធ​អាច​ជះ​ផលប៉ះពាល់​ដល់​ប្រជាជន អ្វីដែល​យើង​ធ្វើបាន​គឺ យើង​ពន្យារពេល​វាយ​ពន្ធ ដូច្នេះ​ពន្ធ​ទាំងនោះ​នឹងមិន​ពាក់ព័ន្ធ​នឹង​រដូវ​ទិញ​ទំនិញ​ថ្ងៃបុណ្យ​ណូអែល​ទេ​”​។​

​ប៉ុន្មាន​ម៉ោង​មុននេះ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក (USTR) បានប្រកាសថា ការដំឡើង​ពន្ធ ១០ ភាគរយ​នឹងត្រូវ​ពន្យារ​ដល់​ថ្ងៃទី ១៥ ខែធ្នូ​សម្រាប់​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​មួយចំនួន រួមមាន​កាដូ​បុណ្យ​ណូអែល ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ​យួរដៃ ក្បាល​ហ្គេម​វីដេអូ ប្រដាប់ប្រដា​ក្មេង​លេង ម៉ូនីទ័រ កុំ​ព្យួ​ទ័​រលើ​តុ ស្បែកជើង និង​សម្លៀកបំពាក់​។​

​បញ្ជី​កម្រាស់ ២១ ទំព័រ ដែល​ចេញផ្សាយ​ដោយ USTR ក៏មាន​ផងដែរ​នូវ​របស់របរ​ជាច្រើន​ទៀត ចាប់ពី​កាត​ជូនពរ​រហូតដល់​ប្រដាប់ប្រដា​ក្មេង​លេង​និង​ម៉ាស៊ីន​ស​ម្ងួ​ត​សក់​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជាច្រើន​បានផ្តល់​សក្ខីកម្ម​អស់​រយៈពេល ៧ ថ្ងៃ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ខែមិថុនា ដោយ​លើកឡើងថា ពន្ធគយ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួកគេ និង​បង្ខំ​ឱ្យ​ពួកគេ​បញ្ឈប់​បុគ្គលិក ដំឡើងថ្លៃ​ទំនិញ ឬ​សូម្បី​បិទទ្វារ​អាជីវកម្ម​។​

USTR បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ផលិតផល​ផ្សេងទៀត​នឹងត្រូវ​រួច​ពន្ធគយ​ទាំងស្រុង​ដោយសារតែ “​កត្តា​សុខភាព សុវត្ថិភាព សន្តិសុខ​ជាតិ និង​កត្តា​ដទៃទៀត​”​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា ការពន្យារ​ពន្ធគយ​នេះ​បានផ្តល់​នូវ​ការអនុគ្រោះ​បណ្តោះអាសន្ន​ដល់​អ្នកលក់​រាយ​និង​ផ្តល់ឱ្យ​មន្ត្រី​អាម៉េរិក​និង​ចិន​នូវពេល​ដកដង្ហើម​ខ្លះ​ដើម្បី​ទទួលបាន​ការចរចា​ពាណិជ្ជកម្ម​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ពន្យារពេល​យកពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​រហូតដល់​ថ្ងៃ​១៥​ធ្នូ