លោក​ត្រាំ​ភ្ជាប់​វិបត្តិ​ហុងកុង​ទៅនឹង​ពាណិជ្ជកម្ម​ខណៈ​យោធា​ចិន​ប្រមូលផ្តុំ​ក្បែរ​ព្រំដែន​

263
ចែករម្លែក

​លោក​ដូណាល់ ត្រាំ​បាន​ទទូច​ឱ្យ​ចិន​ធ្វើ​ការដោះស្រាយ “​ដោយ​មនុស្សធម៌​” លើ​ការប្រឈមមុខគ្នា​ដ៏​អហិង្សា​ជាមួយនឹង​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង ដោយ​ផ្អែក​លើ​ក្តីបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា​ចិន​ប៉េកាំង​កំពុង​ពិចារណា​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​នៅក្នុង​វិបត្តិ​នេះ​។​

​រូបភាព​ជាច្រើន​ថត​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​បាន​បង្ហាញ​ប៉ូលិស​ចិន​រាប់ពាន់​នាក់​កំពុង​គ្រវី​ទង់​ក្រហម​និង​ដង្ហែ​ក្បួន​នៅ​ឯ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង​សិន​ចិន នៅ​ជាប់​ព្រំដែន​ហុងកុង​។​

​រថពាសដែក​និង​រថយន្ដ​ផ្គត់ផ្គង់​ជាច្រើន​ក៏​ចត​បាន​នៅក្បែរ​នោះ​ដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា យោ​ធូប​ក​រណ៍​របស់​ប៉ូលិស​ប្រដាប់​អាវុធ​ប្រជាជន​ចិន (PAP) ដែល​ស្ថិតនៅក្រោម​បញ្ជា​របស់​គណៈកម្មការ​យោធា​កណ្តាល បាន​ប្រមូលផ្តុំ​នៅ​ទីក្រុង​សិន​ចិន​។​

​ការបង្ហាញ​ព្យុហយាត្រា​យោធា​នេះ​កើតឡើង​ខណៈ​ដែល​ប្រធានាធិបតី​អាម៉េរិក​បាន​ភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​អាច​ទៅរួច​មួយ​ជាមួយ​ប៉េកាំង​ទៅនឹង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ភាពវឹកវរ​នយោបាយ ដែល​បាន​អង្រួន​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​របស់​ចិន​នេះ​អស់​រយៈពេល ១០ សប្តាហ៍​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ចំពោះ​កងកម្លាំង​សន្តិសុខ​ចិន​ដែល​ប្រមូលផ្តុំ​នៅ​ជិត​ព្រំដែន​ជាមួយ​ហុងកុង ខណៈ​ការតវ៉ា​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការបញ្ចប់ ហើយ​ចិន​ប៉េកាំ​ង​បាន​បង្កើន​កម្រិត​នៃ​ការបំភិតបំភ័យ​ទៅលើ​ចលនា​បាតុកម្ម ដែល​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ​។​

​នៅក្នុង​ការចង្អុលបង្ហាញ​ច្បាស់ៗ​លើក​ដំបូង​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាច​នឹង​ត្រូវ​គំរាម​ដោយ​របៀប​ដែល​ចិន​ប្រតិកម្ម​នឹង​ការតវ៉ា លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​ការងារ​រាប់លាន​កំពុង​បាត់បង់​នៅក្នុង​ប្រទេស​ចិន​ឱ្យ​ទៅ​បណ្តា​ប្រទេស​ដែល​មិន​ជាប់ពន្ធ​។ ក្រុមហ៊ុន​រាប់ពាន់​កំពុង​ចាកចេញ​។ ជា​ការពិត ចិន​ចង់​ធ្វើ​កិច្ចព្រមព្រៀង​។ ឱ្យ​ពួកគេ​ធ្វើការ​ដោយ​មនុស្សធម៌​ជាមួយ​ហុងកុង​ជាមុន​សិន​ទៅ​!”​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង Twitter ជា​បន្តបន្ទាប់​ទៀត​ថា “​ខ្ញុំ​គ្មាន​ការសង្ស័យ​សោះឡើយ​ថា ប្រសិន​បើ​លោក​ប្រធានាធិបតី​ស៊ី​ចង់​ដោះស្រាយ​បញ្ហា​ហុងកុង​យ៉ាង​ឆាប់រហ័ស​និង​ដោយ​មនុស្សធម៌ លោក​ច្បាស់​ជា​អាចធ្វើ​បាន​” ដោយ​លើកឡើង​អំពី “​ការជួប​គ្នា​ផ្ទាល់​” ជាមួយ​សម​ភាគី​ចិន លោក​ស៊ី​ជីន​ពីង​។​

​ការតវ៉ា​នៅ​ហុងកុង​ត្រូវ​បាន​បង្កឡើង​ដោយ​ការប្រឆាំង​នឹង​ផែនការ​មួយ​ដើម្បី​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ទៅកាន់​ចិន​ដីគោក ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក​បាន​ក្លាយ​ជា​ការ​តវ៉ា​រីក​រាលដាល​កាន់តែ​ធំ​ទៅៗ ដែល​ជួនកាល​បានទាមទារ​ឱ្យ​មាន​សិទ្ធិ​ប្រជាធិបតេយ្យ​។​

​ចលនា​តវ៉ា​នេះ​តំណាង​ឱ្យ​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​សិទ្ធិ​អំណាច​របស់​ប៉េកាំង​ចាប់​តាំងពី​ទីក្រុង​ហុងកុង​ត្រូវបាន​ប្រគល់ឱ្យ​ដោយ​អង់គ្លេស​វិញ​នៅ​ឆ្នាំ ១៩៩៧ ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​ទីក្រុង​នេះ​រក្សា​សេរីភាព​ដែល​ប្រជាជន​ហុងកុង​ជាច្រើន​យល់ថា​កំពុង​ត្រូវបាន​គេ​លុបបំបាត់ចោល​៕ដោយ៖កញ្ញា ដាលីស/sn

ត្រាំ និយាយថា ចិន​គួរ​ដោះស្រាយ​បញ្ហា​ហុងកុង​ដោយ​មនុស្សធម៌ មុន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ និង​រំពឹង​សម​ភាគី​ចិន​លោក​ស៊ីជួបពួកគេ

#