លោក​ត្រាំ​មិនឱ្យ​ប្រធានសភា​បក្ស​ប្រជាធិបតេយ្យ​ជិះ​យន្តហោះ​យោធា​ទៅធ្វើ​ទស្សនកិច្ច​ក្រៅប្រទេស​

434
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​មករា​បាន​បញ្ឈប់​ប្រធានសភា​តំណាងរាស្ដ្រ លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ពី​ការប្រើប្រាស់​យន្តហោះ​យោធា​សម្រាប់​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ក្នុងការ​សងសឹក​មួយ បន្ទាប់ពី​ការលើកឡើង​របស់​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​ថា លោក​ត្រាំ​ត្រូវតែ​ពន្យារពេល​ថ្លែង​សុន្ទរកថា​ក្នុង​រដ្ឋសភា អំឡុងពេល​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​។​

​លោក​ត្រាំ​របស់​បក្ស​សាធារណរដ្ឋ​បាន​ប្រាប់​លោកស្រី​ផេ​ឡូ​ស៊ី​នៅក្នុង​លិខិត​មួយ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​បែលហ្ស៊ិក​អេ​ហ្ស៊ី​ប​និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​លោក​ចាត់ទុកថា​ជា “​ព្រឹត្តិការណ៍​ទំនាក់ទំនង​សាធារណៈ​” នឹងត្រូវ​ពន្យារពេល ដោយ​លើកឡើង​ពី​ការបិទ​រដ្ឋាភិបាល ដែល​បាន​ឈានដល់​ថ្ងៃទី ២៧​។​

​អ្នកនាំពាក្យ​លោក​ឌ្រូ ហាម​មី​ល​បាន​និយាយថា លោកស្រី​ផេ​ឡូ​ស៊ី​មាន​គម្រោង​ទៅសួរសុខទុក្ខ​ទាហាន​អាមេរិក​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយ​ការឈប់​សំចត​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​សម្រាប់​កិច្ចប្រជុំ​ជាច្រើន​ដើម្បី​បញ្ជាក់​ជាថ្មី​នូវ “​ការប្តេជ្ញាចិត្ត​មុតមាំ​” របស់​អាមេរិក​ចំពោះ​អង្គការ​ណា​តូ​។​

​អេ​ហ្ស៊ី​ប​មិនបាន​ស្ថិតនៅក្នុង​ផែនការ​ធ្វើដំណើរ​នោះទេ​។​

​ការធ្វើដំណើរ​ចុង​សប្តាហ៍​នេះ​មិនត្រូវ​បានប្រកាស​ទេ មុនពេល​លោក​ត្រាំ​បានចេញ​លិខិត​របស់គាត់​។​

​សមាជិកសភា​ជា​ញឹកញាប់​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការធ្វើដំណើរ​នៅ​បរទេស​ទេ មុនពេល​ការធ្វើដំណើរ​នោះ​កើតឡើង ដោយសារ​ហេតុផល​សន្តិសុខ ជាពិសេស​នៅពេល​ការធ្វើដំណើរ​ទាក់ទង​នឹង​តំបន់​សង្គ្រាម ដូច​នៅក្នុង​ករណីនេះ​។​

​លិខិត​របស់លោក​ត្រាំ​បានសរសេរថា “​ដោយសារតែ​ការបិទ​រដ្ឋាភិបាល ខ្ញុំ​សូមទោស​ដែល​ប្រាប់​អ្នក​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នក​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​អេ​ហ្ស៊ី​ប​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​ពន្យារពេល​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ផេ​ឡូ​ស៊ី និង​លោក​ត្រាំ