លោក​ត្រាំ​រង​ការរិះគន់​ខ្លាំង​ដោយសារ​គាត់​ចម្អក​ឱ្យ​នាង​ហ្គ្រេ​តា ថា​ន់​បឺ​ក ពេល​នាង​ឡើង​និយាយ​អំពី​អាកាសធាតុ​នៅ​អង្គការសហប្រជាជាតិ​

576
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បង្កឱ្យមាន​កំហឹង​ថ្មី​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កញ្ញា​ជាមួយ​សារ Twitter ចម្អក​ដល់​ការ​ថ្លែង​សុន្ទរកថា​ដ៏​រំជើបរំជួល​ដោយ​សកម្មជន​អាយុ ១៦ ឆ្នាំឈ្មោះ ហ្គ្រេ​តា ថា​ន់​បឺ​ក (Greta Thunberg) នៅឯ​កិច្ចប្រជុំ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​។​

​សំឡេង​ញ័រ​ក្តុកក្តួល​របស់​នាង​នៅក្នុង​សុន្ទរកថា​មួយ ដែលជា​ពេលវេលា​សំខាន់​កំណត់​ន័យ​របស់​កិច្ចប្រជុំ​កំពូល​នោះ នាង​ថា​ន់​បឺ​កបាន​ចោទប្រកាន់​មេដឹកនាំ​ពិភពលោក​ថា​ក្បត់​ជំនាន់​របស់​នាង​ដោយ​មិន​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការកើនឡើង​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ដោយនិយាយ​ដដែលៗ​៤​ដង​នូវ​ពាក្យ​ថា “​ម៉េច​ក៏​ពួកអ្នកឯង​ហ៊ាន​ម៉េះ​”​។​

​នាង​បាន​និយាយថា “​អ្នកឯង​បាន​លួច​ក្តី​សុបិន​របស់ខ្ញុំ​និង​កុមារភាព​របស់ខ្ញុំ​ដោយ​ពាក្យសម្តី​ទទេ​របស់​អ្នកឯង ហើយ​ទោះយ៉ាងណា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែលមាន​សំណាង​ណាស់​។ មនុស្ស​ជាច្រើន​កំពុង​រង​ទុក្ខ​។ មនុស្ស​ជាច្រើន​កំពុង​ស្លាប់​”​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក មេដឹកនាំ​ដែល​ចូលចិត្ត​សង្ស័យ​រឿង​អាកាសធាតុ​លោក​ដូ​ណា​ល់ ត្រាំ បាន​សរសេរ​សារ​លើ Twitter អម​ជាមួយ​វីដេអូ​សុន្ទរកថា​របស់​នាង យ៉ាង​ដូច្នេះ “​នាង​ហាក់ដូចជា​ក្មេងស្រី​វ័យក្មេង​ដ៏​រីករាយ​ខ្លាំង​ម្នាក់ ដែល​ទន្ទឹងរង់ចាំ​អនាគត​ភ្លឺស្វាង​និង​អស្ចារ្យ​។ ពិតជា​រីករាយ​ណាស់​ដែល​បានឃើញ​ដូច្នេះ​!”​។​

​សារ​ចម្អក​ទៅលើ​សកម្មជន​វ័យ​ជំទង់ ដែល​ទទួលរង​ពី​រោគសញ្ញា​ជំងឺ Asperger’s (​ជំងឺ​អូ​ទី​សឹម​កម្រិត​ស្រាល​) បានទទួល​ការឆ្លើយតប​ជាង ១៦.០០០ ដង​ក្នុង​រយៈពេល ៣ ម៉ោង​ដែល​ភាគច្រើន​នៃ​ការឆ្លើយតប​ទាំងនោះ​គឺ​វាយប្រហារ​ទៅលើ​ប្រធានាធិបតី​អាម៉េរិក​។​

​អ្នកលេង Twitter ម្នាក់​បានសរសេរថា “​ដូ​ណា​ល់ ត្រាំ​រករឿង​ឈ្លោះ​ជាមួយ​ក្មេងស្រី​ស្លូតត្រង់​បែបនេះ គឺ​ពិតជា​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​!!”​។​

​នាង​ថា​ន់​បឺ​ក​និង​លោក​ត្រាំ​បាន​ស្ថិតនៅក្នុង​បន្ទប់​តូច​តែមួយ​ជាមួយគ្នា​មួយ​ភ្លែត ពេល​ពួកគេ​បាន​មកដល់​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ ជាមួយ​វីដេអូ​មួយ​បានបង្ហាញ​ពី​នាង​បញ្ចេញ​ទឹកមុខ​សម្លក់សម្លឹង​ដាក់​ប្រធានាធិបតី​ត្រាំ ខណៈ​គាត់​បាន​ដើរ​ឆ្លងកាត់​ជាមួយ​អ្នក​ហែហម​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

ហ្គ្រេ​តា ថា​ន់​បឺ​ក ពន្លះ​មេដឹកនាំ​ពិភពលោក​ដែល​មិន​ខ្វល់​ពី​ការប្រែប្រួល​អាកាសធាតុ