លោក​ថៃ អ៊ូ​ពពាយនាយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់ខ្លួន ២ រូប​

275

(​ភ្នំពេញ​): លោក ថៃ អ៊ូ ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ក្លិប​ប្រដាល់​ក្រុង​ប៉ោយប៉ែត និង​អ្នក​អ្នក​នាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ បានប្រកាសថា លោក​នឹង​លក់​ចេញ​នូវ​អ្នក​ប្រដាល់​ល្បីៗ របស់លោក​ចំនួន​២​រូប​។​

​លោក​និយាយថា​អ្នក​ប្រដាល់​ទាំង ២​រូបនេះ លោក​លក់​ចេញ​ក្នុងតម្លៃ​តែ ១.០០០​ដុល្លារ​ប៉ុណ្ណោះ​។ ថៃ រដ្ឋា ដែលមាន​ទម្ងន់​៥៧​គីឡូក្រាម លោក​បាន​ទិញយក​មកពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​រប​ស់លោក ម៉ាង ម៉ន លោក​ទើបតែ​ទិញ​មក​មិនទាន់បាន ១​ឆ្នាំ​ទេ តែ​ពេលនេះ រដ្ឋា បាន​ក្លាយជា​អ្នក​ប្រដាល់​មួយរូប ដែល​លំបាក​រក​គូប្រកួត​ខ្លាំងណាស់​។ រាល់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ត្រូវគេ​លុបចេញ​ដោយសារតែ​អ្នក​ប្រដាល់​ថៃ​លោក ថៃ អ៊ូ ជា​អ្នក​នាំមក​ប្រកួត​នៅ​ស្រុក​ខ្មែរ ហើយ​គេ​ខ្លាច​កីឡាករ​រូបនេះ ដែល​ជិះឡាន​មក​ជាមួយគ្នា​ពី​ប៉ោយប៉ែត​មក​នោះ វ៉ៃ​មិន​អស់ពី​សមត្ថភាព​។​

​អ្នក​ប្រដាល់​មួយរូប​ទៀត ដែល​លោក​ប្រកាស​លក់​ចេញ​ដែរនោះ គឺ មាស សុជាតិ ដែល​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​មាស សុជាតិ មានឈ្មោះ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ Barrley Black របស់​អាស៊ីអាគ្នេយ៍​។ សុជាតិ​វ៉ៃ​បាន​មួយ​ប្រកួត​ហើយ ក៏ត្រូវ​ដកចេញ​វិញ​ដោយ​សង្ស័យថា អ្នក​ប្រដាល់​ថៃ​ពេល​ជួប​ប្រកួត​ជាមួយ សុជាតិ វ៉ៃ​មិន​អស់ពី​សមត្ថភាព​ដោយសារតែ​ខ្លាចចិត្ត​លោក ថៃ អ៊ូ​។​

​លោក ថៃ អ៊ូ បាន​និយាយថា ប្រសិនបើ​សិស្ស​របស់លោក​វ៉ៃ​មិន​អស់ពី​សមត្ថភាប​នោះ លោក​នឹង​សង​ថ្លៃ​ខូចខាត​កម្មវិធី​របស់​ទូ​រ​ទស្សន៍ ហើយ​លោក​ក៏​មិន​ទាម​ទារលុយ​តម្លៃ​ខ្លួន ព្រមទាំង​ឲ្យ​សហព័ន្ធ​ដាក់ទណ្ឌកម្ម ដល់​កីឡាករ​របស់លោក​ទៀត​ផង​។​

​ម្ចាស់​ក្លិប​រូបនេះ បាន​និយាយថា លោក​អស់សង្ឃឹម​ណាស់ ដែល​លោក​ខំ​បណ្ដុះបណ្ដាល​កីឡាករ​បានល្អ បែរជា​មិនមាន​ឱកាស​ប្រកួត​ទៅវិញ លោក​អាណិត​ពួកគេ​ណាស់​ហេតុនេះ លោក​មានតែ​ប្ដូរ​ក្លិប​ឲ្យ​គេ ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ប្រកួត​។​

​លោក ឡុង វណ្ណ​ថន ដែលជា​គ្រូបង្វឹក​ក្លិប​ពន្លឺ​ណេ​អុង កំពុងតែ​ចែចូវ​ជាមួយ​លោក ថៃ អ៊ូ ក្នុង​បំណង​ទិញយក​អ្នក​ប្រដាល់​ទាំង ២​រូបនេះ តែ​អ្វីៗ​នៅ​ច​ចារ​គ្នា​បន្តទៀត​សិន​៕ L ដោយ​: រ៉ូ​ហ្សា​