លោក​បូល​តុ​ន​និយាយថា អាម៉េរិក​គាំទ្រ Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង និង​ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ​អង់គ្លេស

130
ចែករម្លែក

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោ​កច​ន បូល​តុ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​សីហា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ថា សហរដ្ឋ​អាម៉េរិក​នឹង​គាំទ្រ Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង ប្រសិនបើ​នោះ​គឺជា​អ្វីដែល​រដ្ឋាភិបាល​អង់គ្លេស​សម្រេចចិត្ត​ធ្វើ​។​

​លោក​បូល​តុ​ន​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ថ្ងៃ​ទីមួយ​របស់គាត់​ថា “​ប្រសិនបើ​នោះ​ជាការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អង់គ្លេស យើង​នឹង​គាំទ្រ​វា​យ៉ាង​ក្លៀវក្លា ហើយ​នោះ​គឺជា​អ្វីដែល​ខ្ញុំ​កំពុង​ព្យាយាម​បង្ហាញ​។ យើង​នៅ​ជាមួយ​អ្នក យើង​នៅ​ជាមួយ​អ្នក​”​។​

​លោក​បូល​តុ​ន​បាន​និយាយទៀតថា “​ពួកគេ​នឹងត្រូវ​រក​វិធី​ដើម្បី​ធ្វើ​អ្វីដែល​ពួកគេ​អាចធ្វើ​បាន​នៅ​ថ្ងៃទី ៣១ ខែតុលា​ឬ​ឆាប់ៗ​នេះ​។ តាម​ទស្សនៈ​របស់​យើង យើង​រីករាយ​នឹងធ្វើ​វា​ឱ្យបាន​ឆាប់​ជាង​នេះ​” ។ លោក​បាន​បន្ថែមថា “​រដ្ឋាភិបាល​មុន​មិន​ចង់​ធ្វើ​វា​ទេ រដ្ឋាភិបាល​នេះ​ចង់​ធ្វើ​វា​។ យើង​សប្បាយ​ចិត្តនឹង​រឿងនេះ​ណាស់​”​។​

​លោក​បូល​តុ​ន​បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ច​ន​សុន ថា ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​ចង់ឃើញ​ការចាកចេញ​របស់​អង់គ្លេស​ប្រកបដោយ​ជោគជ័យ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី ៣១ ខែតុលា ហើយ​វ៉ាស៊ីនតោន​នឹង​ត្រៀមខ្លួន​ធ្វើការ​យ៉ាង​ឆាប់រហ័ស​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​។​

​ទូរទស្សន៍ BBC បាន​ដកស្រង់​សម្តី​លោក​បូល​តុ​ន​ថា កិច្ចព្រមព្រៀងទ្វេភាគី ឬ “​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​” អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស​និង​ភ្លាមៗ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោ​កច​ន បូល​តុ​ន