លោក​ប្រា​វីត​ច្រានចោល​ការធ្វើ​រដ្ឋប្រហារ​ក្រោយ​ការបោះឆ្នោត​

423
ចែករម្លែក
  • 37
    Shares

​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រា​វីត វង់​សុ​វ៉ាន់ បាន​ច្រានចោល​ការព្រួយបារម្ភ​អំពី​ភាពចលាចល​នយោបាយ​ក្រោយ​ការបោះឆ្នោត​និង​រដ្ឋប្រហារ​យោធា​។​

​លោក​បាន​ឆ្លើយតប​ទៅនឹង​មតិយោបល់​របស់​សមាជិក​សំខាន់ៗ​ពីររូប​នៃ​គណបក្ស​សម្ព័ន្ធ​សកម្មភាព​សម្រាប់​ប្រទេស​ថៃ (ACT) ដែល​គាំទ្រ​របប​យោធា ដែល​និយាយថា ការជួបជុំ​ខាង​នយោបាយ​ឬ​រដ្ឋប្រហារ​យោធា​អាច​នឹង​កើតឡើង ប្រសិនបើ​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៤ ខែមីនា​។​

​លោក​ស៊ូ​ថេប ថង​ស៊ូ​បាន ស្ថាបនិក​គណបក្ស ACT និង​ជា​អ្នកធ្វើ​យុទ្ធនាការ​ដ៏​សំខាន់ បាន​និយាយ​នៅលើ​ឆាក ដោយ​ជំរុញ​ឱ្យ​មនុស្ស​ចូលរួម​ជាមួយ​គាត់​នៅលើ​ដង​វិថី​រ៉ា​ឆា​ដំនឿន (Ratchadamnoen) ជា​កន្លែង​ដ៏​ល្បីល្បាញ​សម្រាប់​ការប្រមូលផ្តុំ​ខាង​នយោបាយ​នៅក្នុង​ទីក្រុង​បាងកក ប្រសិនបើ​គណបក្ស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​។​

​លោក​ស៊ូ​ថេប​បានប្រកាស​នៅ​ខេត្ត​ប៉ា​តានី​កាលពី​ថ្ងៃ​អង្គា​រថា «​ប្រសិនបើ [​អ្នកបោះឆ្នោត​] ជ្រើសរើស​បណ្តា​គណបក្ស​ឈ្មោះ “​ភឿ​” ទាំងនេះ សូម​ជួបគ្នា​នៅ​វិថី​រ៉ា​ឆា​ដំនឿន​”​។​

​គាត់​បាន​អះអាងថា បណ្តា​គណបក្ស​ដូចជា គណបក្ស​ភឿ​ថៃ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ភឿ​ឆាត (Pheu Chat) និង​ភឿ​ថាំ (Pheu Tham) ព្រមទាំង​គណបក្ស​ប្រា​ចា​ឆាត (Prachachat) និង​គណបក្ស​អនាគត​ឆ្ពោះទៅមុខ បាន​កំពុង​ព្យាយាម​នាំយក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រឡប់មក​ថៃ​វិញ​ក្នុងនាម​ជា​បុរស​មាន​សេរីភាព​ម្នាក់​។​

​ប៉ុន្តែ​លោក​ស៊ូ​ថេប​បាន​បន្ថែមថា​លោក​សង្ឃឹមថា​វា​នឹងមិន​ទៅមក​ដល់​កម្រិត​នេះ​ទេ ហើយ​ប្រាប់​ប្រជាជន​កុំឱ្យ​បោះឆ្នោតឱ្យ​គណបក្ស​ទាំងអស់នេះ​។​

​លោកស្រី​បេន​យ៉ា ណាន់​ដា​ក្វាង ដែលជា​បេក្ខជន​តំណាងរាស្ដ្រ​ទី​១២ នៅលើ​បញ្ជី​គណបក្ស ACT និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កំណែទម្រង់​ប្រជាធិបតេយ្យ​របស់​ប្រជាជន ដែល​ឥឡូវនេះ​បាន​រំលាយចោល​ហើយ​នោះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​ដដែល​នោះ​ថា អ្នកបោះឆ្នោត​មិនគួរ​ស្រមើស្រមៃ​អំពី​ការផ្ដួលរំលំ​មេដឹកនាំ​ផ្តាច់ការ​ជាមួយ​ចុង​ប៊ិក​នោះទេ​។​

​លោកស្រី​បានសរសេរថា “​តើ​អ្នកចេះ​លេងអុក​ទេ​? ក្រឡេកមើល​ល្បែង​អុក​នាពេល​ឥឡូវនេះ​ទៅ​ដឹង​ហើយ​។ រាល់​គ្រាប់​អុក​ទាំងអស់​ត្រូវបាន​កំណត់​រួចជាស្រេច​។ ប្រសិនបើ​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ឈ្នះ​ការបោះឆ្នោត នោះ​នឹងមាន​រដ្ឋប្រហារ​មួយទៀត​។ តើ​នេះ​ជា​អ្វីដែល​អ្នក​ចង់បាន​?”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​ដែលជា​អ្នកទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​ជាតិ​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា​ថា លោក​មិន​ព្រួយបារម្ភ​ពី​ភាពចលាចល​ដែល​អាច​កើតមានឡើង​នោះទេ និង​មិនបាន​បញ្ជា​ឱ្យមាន​ការឃ្លាំមើល​ពិសេស​ទៅលើ​ក្រុម​ណាមួយ​នោះទេ រួមទាំង​អ្នក​ដែល​ស្ថិតនៅ​ខេត្ត​ភាគខាងត្បូង​ផងដែរ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​នោះទេ​។​

​ទោះយ៉ាងណា គាត់​មាន​ភាពម៉ឺងម៉ាត់​ចំពោះ​លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ ដោយ​បញ្ជាក់​ច្បាស់​ថា “​វា​នឹងមិន​កើតឡើង​ទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រា​វីត វង់​សុ​វ៉ាន់ (​ឆ្វេង​) លោក​ស៊ូ​ថេប ថង​ស៊ូ​បាន និង​លោកស្រី បេន​យ៉ា ណាន់​ដា​ក្វាង