លោក​ប្រា​វីត​បញ្ជាក់ថា លោកស្រី​យី​ង​ឡាក់​រត់គេចខ្លួន​ឆ្ងាយ​ពី​ប្រទេសជិតខាង​ទៅហើយ​

718

​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ប្រា​វីត វង់​សុ​វ៉ាន់ បានបញ្ជាក់ ប៉ុន្មាន​ម៉ោង ក្រោយពី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​សីហា​ថា អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ចាក​ចេញពី​ប្រទេស​ថៃ​ហើយ​ទំនងជា​មិន​ស្ថិតនៅក្នុង​បណ្តា​ប្រទេសជិតខាង​ទេ​។ លោក​និយាយថា អាជ្ញាធរ​សិង្ហ​បុរី ជាទី​ដែល​ពាក្យ​ចចាមអារ៉ាម​ថា​លោកស្រី​យី​ង​ឡាក់​បាន​ហោះ​ទៅនោះ បាន​ប្រាប់​សម​ភាគី​ថៃ​ថា លោកស្រី​មិនបាន​ចូលទៅក្នុង​ប្រទេស​ខ្លួន​ទេ​។ នេះ​បើតាម​ប្រភព​វេ​ប​សាយ​ដឹ​ណេ​សិន​។​

​លោក​ប្រា​វីត​និយាយថា “​យើង​មិនដឹង​ច្បាស់​ថា​តើ​លោកស្រី​យី​ង​ឡាក់​កំពុង​នៅ​ប្រទេស​ណា​នោះទេ​”​។​

​លោក​ប្រា​វីត​ដែលជា​អ្នកទទួលខុសត្រូវ​កង​កម្លាំង​ប៉ូលិស​បាន​និយាយថា​លោក​នឹងមិន​ច្រានចោល​ករណី​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ ដែល​តាម​ពាក្យ​ចចាមអារ៉ាម​ថា បាន​ជួយ​លោកស្រី​យី​ង​ឡាក់​រត់​ចេញពី​ប្រទេស នោះឡើយ​។​

​មាន​ពាក្យ​ចចាមអារ៉ាម​ថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​អាច​គេចខ្លួន​ទៅ​ប្រទេស​កម្ពុជា សិង្ហ​បុរី ហុងកុង ឬ​ឌូ​បៃ​។​

​ប្រភព​សន្តិសុខ​មួយ​បាន​និយាយថា លោកស្រី​យី​ង​ឡាក់​បានធ្វើ​ដំណើរ​ទៅកាន់​កោះ​ឆាង​នៅ​ខេត្ត​ត្រា​តនៃ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ហើយ​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​ទីក្រុង​ភ្នំពេញ ជា​កន្លែង​ដែល​លោកស្រី​បាន​ជិះ​យន្តហោះ​ជួល ទៅកាន់​ប្រទេស​សិង្ហ​បុរី​។
​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា លោកស្រី​ត្រូវបាន​អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​ម្នាក់ ដែល​បាន​ជួយ​សម្រួល​ដល់​ការចាកចេញ​របស់គាត់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ដំណើរការ​អន្តោប្រវេសន៍​ត្រឹមត្រូវ​។​

​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល​សម្រាប់​អ្នក​កាន់តំណែង​នយោបាយ​កាលពី​ថ្ងៃ​សុក្រ​បានចេញ​ដីកាចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​បន្ទាប់ពី​លោកស្រី​មិន​បង្ហាញមុខ​ស្តាប់​សាលក្រម​ក្នុង​រឿងក្តី​ធ្វេសប្រហែស​ប្រឆាំងនឹង​លោកស្រី​អំពី​គម្រោង​ទិញស្រូវ​របស់​រដ្ឋាភិបាល​លោកស្រី​។​

​តុលាការ​បាន​ពន្យារពេល​អាន​សាលក្រម​រហូតដល់​ថ្ងៃទី ២៧ ខែកញ្ញា ហើយ​បាន​បញ្ជា​ឱ្យ​ដកហូត​ប្រាក់​ធានា​ក្រៅ​ឃុំ ៣០ លាន​បាត​ពី​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់