លោក​ប្រា​វីត​ពិនិត្យមើល​ជាក់ស្តែង​លើ​ការបំផ្លាញ​ទំនិញ​ក្លែងក្លាយ​តម្លៃ ១,៣ ពាន់​លាន​បាត​

499
ចែករម្លែក

​ទាហាន​ថៃ​បាន​បំផ្លាញ​ទំនិញ​ក្លែងក្លាយ​រឹបអូស​បាន​តម្លៃ​សរុប ១,៣ ពាន់​លាន​បាត ក្នុង​ពិធី​មួយ​នៅ​មូលដ្ឋានទ័ព​នៅ​សង្កាត់​ដន​មឿង​នៃ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​។

​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង់​សុ​វ៉ាន់ ដែល​អញ្ជើញ​ជា​អធិបតីភាព បាន​មើល​ការបំផ្លាញ​ទំនិញ​ក្លែងក្លាយ​បន្លំ “​ម៉ាក​ប្រណីតៗ​” ដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង វ៉ែនតា ទូរស័ព្ទ គ្រឿងសម្អាង និង នាឡិកាដៃ នៅ​ទីបញ្ជាការដ្ឋាន​ការពារជាតិ​របស់​កង​ទ័ពជើងគោក​។

​ប៉ូលិស​ជាតិ​ថៃ​បាន​រឹបអូស​ទំនិញ​ក្លែងក្លាយ ១៨៧.៣៣២ មុខ នាយកដ្ឋាន​គយ​រឹបអូស​បាន ១.៧៣២.៩៦៥ មុខ និង នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​រឹបអូស​បាន ១៨១.០៥០ មុខ​។​

​លោក​ប្រា​វីត​និយាយថា ទំនិញ​ក្លែងក្លាយ​ជាច្រើន​ទៀត​នឹងត្រូវ​រឹបអូស ខណៈដែល​រដ្ឋាភិបាល​ប​ន្ត​ជំ​រុញឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិបញ្ញា ជាពិសេស​ក្នុងការ​អនុវត្ត​ច្បាប់ និង ចំពេល​មាន​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​ជា​សាធារណៈ​អំពី​បញ្ហា​នេះ​។

​ដោយ​អរគុណ​រាល់​ទីភ្នាក់ងារ​ទាំងឡាយ​ដែល​បានធ្វើការ​ដើម្បី​បង្ក្រាប​ទំនិញ​ក្លែងក្លាយ រាប់​ចាប់ពី​ការផលិត​និង​ការ​ចែកចាយ​រហូតដល់​ការនាំ​ចូល​និង​ការនាំចេញ លោក​ប្រា​វីត​បាន​និយាយថា “​គ្រប់គ្នា​គួរ​ជួយ​ក្នុង​កិច្ចប្រឹងប្រែង​នេះ​ដូច្នេះ​ទើប​យើង​មានតែ​ផលិតផល​ស្របច្បាប់​នៅលើ​ទីផ្សារ​”៕ ដោយ៖ កញ្ញាដាលីស

ទំនិញ​ក្លែងក្លាយ​តម្លៃ ១,៣ ពាន់​លាន​បាតត្រូវបាន​បំផ្លាញ
#