លោក​ប្ល៊ូ​ម​បឺ​ក​កំពុង​ត្រៀម​ចូល​ប្រជែង​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ ខណៈ​លោកស្រី​វ៉ារិន​វ៉ា​ដាច់​លោក​ចូ បាយ​ដិ​ន ក្នុង​ការស្ទង់មតិ​

167
ចែករម្លែក

​លោក​មហាសេដ្ឋី ម៉ៃ ប្ល៊ូ​ម​បឺ​ក អតីត​អភិបាលក្រុង​ញូវយ៉ក បានបង្ហាញ​ប្រាប់​ទៅដល់​សហការី​របស់គាត់​នៅក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ថា ការលំបាក​នាពេល​ថ្មីៗ​នេះ​របស់លោក​ចូ បាយ​ដិ​ន ទល់នឹង​ព្រឹទ្ធសមាជិក អេ​លីហ្សា​បេ​ត វ៉ារិន កំពុង​ធ្វើឱ្យ​គាត់​គិតពិចារណា​ឡើងវិញ​ទៅលើ​ការសម្រេចចិត្ត​របស់គាត់​ក្នុង​ការមិន​ចូលរួម​ប្រណាំងប្រជែង​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ឆ្នាំ ២០២០​។​

​មនុស្ស ដែល​ដឹង​អំពី​ការពិភាក្សា​នេះ បាន​ប្រាប់​ទូរទស្សន៍ CNBC ថា លោក​ប្ល៊ូ​ម​បឺ​ក​អាយុ ៧៧ ឆ្នាំ​បានបង្ហាញ​ឱ្យដឹង​ជា​លក្ខណៈ​ឯកជន​ថា គាត់​នៅតែ​កំពុង​ស្វែងរក​ឱកាស​ប្រជែង​តំណែង​ប្រធានាធិបតី ប៉ុន្តែ​មនុស្ស​ដែល​នៅ​ជិត​គាត់​និយាយថា មធ្យោបាយ​តែមួយគត់​ដែល​គាត់​អាច​នឹង​ដើរ​លើ​វិថី​មួយ​នេះ គឺ លុះត្រាតែ​ឱកាស​របស់លោក​ចូ បាយ​ដិ​ន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​ដកខ្លួន​ចេញ​មុនពេល ឬ អំឡុង​វគ្គ​បឋម​នៃ​ការ​ប្រណាំងប្រជែង​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​។​

​គ្រួសារ​ដែលជា​សម្ព័ន្ធមិត្ត​របស់លោក​ប្ល៊ូ​ម​បឺ​ក ដែល​ដឹង​អំពី​ការពិភាក្សា​នេះ​បាន​ប្រាប់ CNBC ថា “​ខ្ញុំ​គិតថា វា​ជា​អ្វីដែល​គាត់​ចង់បាន​។ គាត់​មិនចេះ​ខ្មាស់អៀន​ទេ​អំពី​រឿង​បែបនេះ​។ នឹងមិន​មាន​អ្វី​កើតឡើង​ទេ​ដរាបណា​ចូ បាយ​ដិ​ន​បោះបង់ចោល ហើយ​នោះ​នឹងមិន​កើតឡើង​ឆាប់ៗ​នោះទេ​”​។​

​នាយក​ប្រតិបត្តិ​ធនាគារ​មួយ ដែល​ស្គាល់​លោក​ប្ល៊ូ​ម​បឺ​ករាប់​ទសវត្សរ៍ និយាយថា “​គាត់​គឺ​ដូចជា​មនុស្ស​គ្រប់គ្នា​ដែរ​។ ពួកគេ​មិន​អាចយ​កវា​ចេញពី​ប្រព័ន្ធ​របស់​ពួកគេ​បានទេ​”​។ មហាសេដ្ឋី​ម្នាក់ទៀត​និយាយថា “​ប្ល៊ូ​ម​បឺ​ក​នឹង​ចូល ប្រសិនបើ​បាយ​ដិ​ន​ចេញ​”​។​

​ព័ត៌មាន​នេះ​កើតឡើង​នៅពេលដែល​ការស្ទង់មតិ​ចុងក្រោយ​បង្ហាញថា ព្រឹទ្ធសមាជិក​អេ​លីហ្សា​បេ​ត វ៉ារិន​និង​អតីត​អនុ​ប្រធានាធិបតី​ចូ បាយ​ដិ​ន​កំពុង​ប្រជែង​គ្នា​ដើម្បី​តំណែង​កំពូល​ក្នុងចំណោម​អ្នកបោះឆ្នោត​របស់​បក្ស​ប្រជាធិបតេយ្យ ដោយ​លោកស្រី​វ៉ារិន​នាំមុខ​លោក​បាយ​ដិ​ន​ក្នុង​សំឡេងគាំទ្រ ៣០ ភាគរយ​ទល់នឹង ២៧ ភាគរយ​។ យោងតាម​ការស្ទង់មតិ លោក​បាយ​ដិ​ន​នៅតែ​ជា​បេក្ខជន​ដែល​អាច​នឹង​ជាប់ឆ្នោត​ខ្ពស់បំផុត​នៅក្នុង​គំនិត​របស់​អ្នកបោះឆ្នោត ដោយ​អ្នកបោះឆ្នោត ៤៨ ភាគរយ​និយាយថា គាត់​គឺជា​អ្នក​ដែល​អាច​ផ្តួល​លោក​ត្រាំ​នៅក្នុង​ការបោះឆ្នោត​ទូទៅ​ឆ្នាំ ២០២០ ប៉ុន្តែ​លោកស្រី​វ៉ារិន​កំពុងតែ​ទទួលបាន​ការគាំទ្រ​សន្សឹមៗ​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃ ប្ល៊ូ​ម​បឺ​ក