លោក​ប្ល៊ូ​ម​បឺ​ក​បើកទ្វារ​សម្រាប់​ការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២០​តំណាង​បក្ស​ប្រជាធិបតេយ្យ​

199
ចែករម្លែក

​លោក​ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក អតីត​មហាសេដ្ឋី​អភិបាលក្រុង​ញូវយ៉ក បាន​បើកទ្វារ​ចំពោះ​យុទ្ធនាការ​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ឆ្នាំ ២០២០ ដោយបាន​ព្រមាន​ថា បេក្ខជន​បច្ចុប្បន្ន​នៅ​មិនទាន់មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​កម្ចាត់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ទេ​។​

​លោក​ប្ល៊ូ​ម​បឺ​ក ដែល​ដំបូង​ឡើយ​បាន​ច្រាន​ចោលការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០ មិនទាន់​បានធ្វើ​ការសម្រេច​ចិត្ត​ចុងក្រោយ​នៅឡើយ​ទេ​ថា​តើ​ត្រូវ​ហក់​ចូលក្នុង​ការប្រណាំង​ប្រជែង​នេះ​ឬ​យ៉ាងណា​។ ប្រសិនបើ​គាត់​ចាប់ផ្តើម​យុទ្ធនាការ​មែន​នោះ វា​អាច​នឹង​ផ្លាស់ប្តូរ​ការប្រកួតប្រជែង​ទាំងស្រុង​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុងពេល​មិន​ដល់​បី​ខែ​ផង​ទេ មុន​ការបោះឆ្នោត​បឋម​ចាប់ផ្តើម​។​

​បុរស​វ័យ ៧៧ ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ដើម្បី​ជជែក​ជាមួយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​លេចធ្លោ​ជាច្រើន​នាក់​អំពី​ស្ថានភាព​ប្រណាំងប្រជែង​បោះឆ្នោត​ឆ្នាំ ២០២០ ដោយ​សម្តែង​ការព្រួយបារម្ភ​អំពី​ស្ថិរភាព​នៃ​យុទ្ធនាការ​របស់​អតីត​អនុ​ប្រធានាធិបតី ចូ បាយ​ដិ​ន និង​ការឡើង​កូត​របស់​ព្រឹទ្ធសមាជិក​សេរីនិយម​ប្រចាំ​រដ្ឋ​ម៉ាស​សា​ឈូស​សេត លោកស្រី អេ​លីហ្សា​បេ​ត វ៉ារិន នេះ​យោងតាម​មនុស្ស​ដែល​ដឹង​អំពី​ការពិភាក្សា​នេះ​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​គាត់​បាន​ចាត់វិធានការ​ដើម្បី​រក្សា​ជម្រើស​របស់គាត់​ឱ្យនៅ​បើកចំហ រួមបញ្ចូល​ទាំង​ការ​ប្រឡូក​ក្នុងការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា នៅមុន​ថ្ងៃ​ផុតកំណត់​នៃ​ការដាក់​ពាក្យ​នៅ​ថ្ងៃ​សុក្រ​ទី​៨​វិច្ឆិកា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា ទីប្រឹក្សា​របស់លោក​ប្ល៊ូ​ម​បឺ​ក លោក ហូ​វ៉ាត វូ​ហ្វ​សុន និយាយថា អតីត​អភិបាលក្រុង​ញូវយ៉ក​រូបនេះ​ជឿថា លោក​ត្រាំ “​តំណាងឱ្យ​ការគំរាមកំហែង​មិន​ធ្លាប់មាន​ចំពោះ​ប្រជាជាតិ​របស់​យើង​” ហើយ​ដូច្នេះ​ត្រូវតែ​កម្ចាត់​។​

​លោក វូ​ហ្វ​សុន និយាយថា “​ប៉ុន្តែ​លោក​ម៉ៃ (​ប្ល៊ូ​ម​បឺ​ក​) មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ថា ក្រុម​បេក្ខជន​ឈរឈ្មោះ​បច្ចុប្បន្ន​មិន​ស្ថិតក្នុង​ស្ថាន​ភាពល្អ​ក្នុង​ការធ្វើ​ដូច្នេះ​ទេ​”​។​

​ចំណាត់ការ​របស់លោក​ប្ល៊ូ​ម​បឺ​កកើតឡើង ខណៈ​ការប្រណាំង​ប្រជែង​របស់​បក្ស​ប្រជាធិបតេយ្យ​ឈានដល់​ដំណាក់កាល​សំខាន់​។ ស្ថានភាព​បេក្ខជន​ឈានមុខ​គេ​របស់លោក​ចូ បាយ​ដិ​ន​ត្រូវបាន​ប្រជែង​យ៉ាង​ខ្លាំងក្លា​ដោយ​លោក​វ៉ារិន ប៊ូ​ហ្វ​ហ្វេ​ត និង ព្រឹទ្ធសមាជិក​រដ្ឋ​វើ​ម៉ុ​ន លោក បឺ​នី សាន់​ឌ័​រ ដែល​ទទួលបាន​លុយ​យ៉ាងច្រើន​ពី​ម្ចាស់ជំនួយ​បរិច្ចាគ​តូចៗ​។ ប៉ុន្តែ​អ្នក​ទាំងពីរ​ត្រូវបាន​អ្នកប្រជាធិបតេយ្យ​មួយចំនួន​ចាត់ទុកថា​ជា​អ្នក​សេរីពេក​មិនអាច​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​សកល​ទល់នឹង​លោក​ត្រាំ​បានទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក