លោក​ប្ល៊ូ​ម​បឺ​ក​ប្រាប់​ទៅ​សន្និសីទ​អាកាសធាតុ​ពិភពលោក​ថា​អាច​ពឹង​អាស្រ័យ​លើ​សហរដ្ឋ​អាម៉េរិក​បាន​រឿង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​

209
ចែករម្លែក

​មហាសេដ្ឋី​នៅ​ទីក្រុង​ញូវយ៉ក​និង​ជា​បេក្ខជន​ប្រធានាធិបតី​លោក ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក បាន​ដឹកនាំ​ការជំទាស់​យ៉ាងខ្លាំង​ក្លា​ចំពោះ​គោលនយោបាយ​អាកាសធាតុ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ ដោយ​ធានា​ដល់​សកម្មជន​ អ្នកវិទ្យាសាស្ត្រ​និង​អ្នកនយោបាយ​មកពី​ជុំវិញ​ពិភពលោក​ថា​ពលរដ្ឋ​អាម៉េរិក​ប្តេជ្ញា​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ទោះបី​ជាមាន​ពួក​អ្នក​បដិសេធ​អំពី​បម្រែបម្រួល​អាកាសធាតុ​នៅក្នុង “​សេត​វិមាន​” ក្តី​។​

​លោក​ប្ល៊ូ​ម​បឺ​ក ដែល​បានចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០២០ របស់គាត់​តិចជាង​បី​សប្តាហ៍​មុន​នោះ បាន​និយាយ​បែបនេះ​ក្នុងអំឡុង​ដំណើរ​ទៅកាន់​សន្និសីទ​អាកាសធាតុ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ខណៈពេលដែល​គណៈប្រតិភូ​អាម៉េរិក​ផ្លូវការ​អង្គុយ​ក្បែរ​នោះ រក្សា​ភាព​ស្ងៀមស្ងាត់​មិនសូវ​ហ៊ាន​លេចមុខ​លេច​មាត់​ទេ​។​

​រួមគ្នា​ជាមួយ​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​ច​ន ឃើ​រី​និង​អតីត​អនុ​ប្រធានាធិបតី​លោក​អាល់ ហ្គ័​រ លោក​ប្ល៊ូ​ម​បឺ​កបាន​បង្កើត​ក្រុម​ប្រតិភូ​ស្រមោល​មួយ នៅ​គ្រា​ដែល​លោក​ត្រាំ​កំពុង​ទាញ​សហរដ្ឋ​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ប៉ារីស​ឆ្នាំ ២០១៥ ។​

​ដូច​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ផ្សេងទៀត​ដែរ លោក​ប្ល៊ូ​ម​បឺ​ក​ប្តេជ្ញា​ថា​នឹងចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ជាថ្មី ប្រសិនបើ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។​

​លោក​និយាយថា “​រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​នៅ​ថ្ងៃទី ១ គឺ​អ្នក​ត្រូវ​និយាយថា យើង​នឹង​ត្រឡប់មកវិញ​។ នោះ​គ្មាន​អី​ត្រូវ​គិត​ច្រើន​ទេ​”​។​

​អតីត​អភិបាលក្រុង​ញូវយ៉ក​រូបនេះ​បាន​ជួយ​គាំទ្រ​និង​ផ្តល់​ថវិកា​សម្រាប់​ការជំរុញ​ជា​លក្ខណៈ​ឯកជន​ដើម្បី​ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក ទីក្រុង​នានា និង ធុរកិច្ច​អាម៉េរិក​ទាំងអស់​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក