លោក​ផ​ម​ផេ​វ​នឹងធ្វើ​ទស្សនកិច្ច​នៅ​ថៃ​និង​ប្តេជ្ញា​ជាថ្មី​ចំពោះ​ការអភិវឌ្ឍ​តំបន់​អាស៊ីអាគ្នេយ៍​

580
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​ថា នៅពេល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​បាងកក រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​នឹង​ប្តេជ្ញាចិត្ត​ជាថ្មី​ឱ្យ​សហរដ្ឋ​អាម៉េរិក​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ចំពេល​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​អំណាច​របស់​ចិន​។​

​លោក​ម៉ាក ក្លាក មន្ត្រី​អាម៉េរិក​ទទួលបន្ទុក​ផ្នែក​តំបន់​មេគង្គ​បាន​និយាយថា លោក​ផ​ម​ផេ​វ​នឹងធ្វើ​ដំណើរ​ទៅកាន់​រាជធានី​របស់​ថៃ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី ២៩ កក្កដា​ដល់ ៣ សីហា ហើយនឹង​ដឹកនាំ​កិច្ចពិភាក្សា​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​។​

​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ចាប់ផ្តើម​កាលពី ១០ ឆ្នាំមុន​ដោយ​រដ្ឋមន្ត្រីការបរទេស​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដើម្បី​ជា​មធ្យោបាយ​មួយ​ដើម្បី​ជំរុញ​ការសម្របសម្រួលនិង​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ឡាវ​មី​យ៉ាន់​ម៉ា​ថៃ​និង​វៀតណាម ដែល​ភាគច្រើន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​។​

​លោក​ក្លាក​បាន​ប្រាប់​នៅ​សន្និសីទ​មួយ​ស្តីពី​តំបន់​ទន្លេមេគង្គ​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​មឺ​រី​ឌា​ន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​នៅពេល​ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​និង​រដ្ឋមន្ត្រី​របស់​យើង​ជួបគ្នា​នៅ​ទីក្រុង​បាងកក​នៅ​ដើមខែ​សីហា យើង​នឹង​លើកឡើង​ពីអ្វី​ដែល​យើង​បានសម្រេច​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ហើយនឹង​ប្តេជ្ញាចិត្ត​ជាថ្មី​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​នៅតាម​ដង​ទន្លេមេគង្គ​”​។​

​លោក​ក្លាក អនុរដ្ឋមន្ត្រី​ស្តីទី​ក្រសួងការបរទេស​អាម៉េរិក​បាន​សម្តែង​ការព្រួយបារម្ភ​ថា​ប្រទេស​ចិន​បាននិងកំពុង​ព្យាយាម “​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ត្រួតត្រា​” នៅក្នុង​តំបន់​។​

​លោក​បាន​ចោទប្រកាន់​ចិន​ថា​បានដាក់​សម្ពាធ​លើ​ប្រទេស​ទាំងនេះ​ឱ្យចូល​រួម​ក្នុង​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​របស់ខ្លួន បើទោះបីជា​លោក​និយាយថា​សហរដ្ឋ​អាម៉េរិក​មិនបាន​ព្យាយាម​បង្ខំ​ឱ្យ​ប្រទេស​ណាមួយ​ងាក​មកឈរ​ខាង​ចិន​ឬ​អាម៉េរិក​ក៏ដោយ​។​

​លោក​បាន​និយាយថា “​ទោះយ៉ាងណា អ្វីដែល​យើង​គាំទ្រ​គឺ​សិទ្ធិ​របស់​បណ្តា​ប្រទេស​នានា​ក្នុងការ​មាន​ជម្រើស​ក្នុង​ការគិត​ដោយ​ប្រុងប្រយ័ត្ន មុនពេល​ពួកគេ​ដើរចេញ​ពីអ្វី​ដែល​មើលទៅ​ដូចជា​ផ្លូវ​ល្បួង​ទៅរក​ការផ្តល់​ហិរញ្ញប្បទាន​ដ៏​ងាយស្រួល ប៉ុន្តែ​អាច​ក្លាយជា​ផ្លូវ​តែមួយគត់​ដើម្បី​ពឹងផ្អែក​ជ្រុល​ហួសហេតុ​”​។​

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បានធ្វើឱ្យ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​ក្លាយជា​គោលនយោបាយ​សំខាន់ ខណៈដែល​លោក​បានដាក់​ការវិនិយោគ​ដ៏​ធំ​នៅក្នុង​គម្រោង​ផ្លូវដែក​ផ្លូវថ្នល់​និង​ផ្លូវ​សមុទ្រ​ដើម្បី​បង្កើត​ផ្លូវ​សូត្រ​បុរាណ​ឡើងវិញ​និង​ត​ភ្ជាប់​អាស៊ី​ជាមួយ​អឺរ៉ុប​និង​អាហ្វ្រិក​។​

​ខណៈ​សហរដ្ឋ​អាម៉េរិក​នៅតែ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​លេចធ្លោ​បំផុត រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនបាន​ផ្តល់នូវ​អ្វី​ធំដុំ​នោះឡើយ ខណៈដែល​ប្រទេស​នានា​ពិចារណា​លើ​ការផ្តល់​ការវិនិយោគ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​។​

​លោក​ក្លាក​បាន​និយាយថា ផ​ម​ផេ​វ​ក៏​នឹងធ្វើ​ការសម្របសម្រួល​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​តំបន់​មេគង្គ​ជាមួយ​សម្ព័ន្ធមិត្ត​អូស្ត្រាលី​ជប៉ុន​និង​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ