លោក​ផ​ម​ផេ​វ​ប្តេជ្ញា​បញ្ឈប់​បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី​មក​ទ្វីបអឺរ៉ុប​

440
ចែករម្លែក
  • 50
    Shares

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​ថា សហរដ្ឋអាមេរិក​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បញ្ឈប់​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន Nord Stream 2 របស់​រុស្ស៊ី​ទៅកាន់​ទ្វីបអឺរ៉ុប ខណៈ​លោក​ចូលរួម​ជាមួយ​ប៉ូឡូញ​ដើម្បី​ព្រមាន​អំពី​ហានិភ័យ​នានា​។​

​លោក​ផ​ម​ផេ​វ​ពុំ​បង្ហាញ​សញ្ញា​ណាមួយ​អំពី​ការសម្រុះសម្រួល​ក្នុងការ​ជំទាស់​របស់​អា​មេ​រិ​ក​ចំពោះ​បំពង់​បង្ហូរ​ប្រេង​នៅ​ថ្ងៃ​ដូចគ្នា​ដែល​ប្រទេស​អាល្លឺម៉ង់ ដែលជា​អ្នកចរចា​នាំមុខគេ​លើ​គម្រោង​នេះ កំពុង​ព្យាយាម​បន្ថយកម្តៅ​នៅក្នុង​ជម្លោះ​នេះ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ថាមពល​អាមេរិក​ទៅកាន់​ទីក្រុង​បែរ​ឡាំង​។​

​លោក​ផ​ម​ផេ​វ​បាន​និយាយថា បំពង់​បង្ហូរ​ប្រេង​ពី​រុស្ស៊ី​ដែល​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំមុន​នោះ បាន “​បង្ហូរ​លុយ​” ឱ្យទៅ​ប្រទេស​រុស្ស៊ី​នៅក្នុង​របៀប​មួយ ដែល​ទីបំផុត​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទ្វីបអឺរ៉ុប​។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​នៅ​សន្និសីទកាសែត​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ លោក ចា​សេក សា​ពូ​តូ​វិក (Jacek Czaputowicz) ថា “​ដូច្នេះ​ខណៈដែល​វា​ពិត​ជាមាន​ទិដ្ឋភាព​ពាណិជ្ជកម្ម​ចំពោះ​ប្រភេទ​នៃប្រតិបត្តិ​ការ​បែប​នោះ វា​ក៏មាន​ហានិភ័យ​សន្តិសុខ​ដ៏​ធំ​សម្បើម​ភ្ជាប់​ជាមួយ​វា​ដែរ​”​។​

​នៅពេល​សួរថា​តើ​សហរដ្ឋអាមេរិក​នឹង​ពិចារណា​ដាក់ទណ្ឌកម្ម​ដែរឬទេ លោក​បាន​និយាយថា “​ខ្ញុំ​គិតថា​ប្រធានាធិបតី​ត្រាំ​គឺ​ច្បាស់លាស់​ណាស់​ថា អាមេរិក​នឹងធ្វើ​អ្វីដែល​ខ្លួន​អាចធ្វើ​បាន​ក្នុង​អំណាច​របស់ខ្លួន​ដើម្បី​មើលឃើញ សន្តិសុខ​អឺរ៉ុប​គឺ​រឿង​សំខាន់បំផុត នៅពេល​និយាយ​អំពី​ការសម្រេចចិត្ត​លើ​ថាមពល​”​។​

​បំពង់​បង្ហូរ​ប្រេង​នេះ​នឹង​បង្កើន​សមត្ថភាព​ទ្វេដង​នៃ​បណ្តាញ​ដែលមាន​ស្រាប់​រវាង​ប្រទេស​រុស្ស៊ី​និង​អាល្លឺម៉ង់​និង​បានធ្វើឱ្យ​សហភាព​អឺរ៉ុប​ខ្វែងគំនិត​គ្នា​ផងដែរ ជាមួយ​បារាំង​គាំទ្រ​គម្រោង​នេះ ប៉ុន្តែ​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​កង់​និង​ប៉ូឡូញ​មានការ​បារម្ភ ដោយសារតែ​ប្រវត្តិ​របស់​ពួកគេ​ជាមួយ​ទីក្រុង​មូ​ស្គូ​។​

​លោក​សា​ពូ​តូ​វិក​បាន​និយាយថា “​យើង​ចែករំលែក​ទស្សនៈ​ដូចគ្នា​ថា គម្រោង​បំពង់​បង្ហូរ​ប្រេង North Stream 2 មិន​បម្រើ​ដល់​សន្តិសុខ​ថាមពល​របស់​អឺរ៉ុប​ទេ​។ យើង​ចាត់ទុក​វា​ជា​គម្រោង​បរាជ័យ និង​ថែមទាំង​ប៉ះពាល់​ដល់​សន្តិសុខ​ថាមពល​នៅ​ទ្វីបអឺរ៉ុប​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ (​ឆ្វេង​) និង​រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ​លោក ចា​សេក សា​ពូ​តូ​វិក និយាយ​នៅក្នុង​សន្និសីទកាសែត​រួមគ្នា