លោក​ផ​ម​ផេ​វ​រិះគន់​ខ្លាំងៗ​ទៅលើ​ចិន​និង​រុស្ស៊ី​ចំពោះ​ឥរិយាបថ “​គឃ្លើន​” នៅ​តំបន់​អាក​ទិ​ក​

905
ចែករម្លែក

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​បាន​និយាយថា​ខ្លួន​គ្រោង​នឹង​បង្កើន​វត្តមាន​របស់ខ្លួន​នៅ​តំបន់​អាក​ទិ​ក​ដែរ​ដើម្បី​រក្សា​ការតាមដាន​នូវ​ឥរិយាបថ​គឃ្លើន​របស់​រុស្ស៊ី​និង​ចិន​នៅក្នុង​តំបន់​សម្បូរ​ធនធាន​មួយ​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​រ៉ូ​វ៉ា​នី​មី (Rovaniemi) ភាគ​ខាងជើង​ប្រទេស​ហ្វាំ​ង​ឡង់​ថា “​តំបន់​នេះ​បានក្លាយ​ទៅជា​សង្វៀន​អំណាច​ពិភពលោក​និង​ការប្រកួតប្រជែង​” ដោយសារតែ​ធនធាន​ប្រេង​ឧស្ម័ន​រ៉ែ​និង​ធនធាន​ត្រី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​

​លោក​បាន​បន្តថា “​ដោយសារ​គ្រាន់តែ​តំបន់​អាក​ទិ​ក​ជាទី​វាល​រហោស្ថាន មិនមែន​មានន័យថា វា​ក្លាយជា​កន្លែង​ដែល​គ្មាន​ច្បាប់​នោះទេ​”​។​

​ថ្លែង​នៅ​មួយថ្ងៃ​មុន​កិច្ចប្រជុំ​របស់​សមាជិក​ទាំង ៨ នៃ​ក្រុមប្រឹក្សា​តំបន់​អាក​ទិ​ក លោក​ផ​ម​ផេ​វ​បានធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​មូ​ស្គូ​។​

​លោក​បាន​និយាយថា “​ទម្រង់​ឥរិយាបថ​គឃ្លើន​របស់​ចិន​នៅ​កន្លែង​ផ្សេង​នឹង​ប្រាប់​ពី​របៀប​ដែល​ចិន​ប្រព្រឹត្ត​ទៅលើ​តំបន់​អាក​ទិ​ក​”​។​

​លោក​បាន​ព្រមាន​ប្រឆាំងនឹង​សេណា​រី​យ៉ូ​នានា​ដែល​ប្រជាជាតិ​ជាច្រើន​ត្រូវ​ជាប់​ក្នុង​សំណាញ់​បំណុល​និង​អំពើពុករលួយ​ពី​ការវិនិយោគ​ដែលមាន​គុណភាព​ទាប​ការធ្វើ​យោ​ធូប​នីយ៍កម្ម​និង​ការកេងប្រវ័ញ្ច​លើ​ធនធានធម្មជាតិ ដែល​រាល់​រឿងរ៉ាវ​ទាំងអស់នេះ​លោក​បាន​និយាយថា កើតឡើង​គឺ​ដោយសារ​គេ​ទុកឱ្យ​ឥទ្ធិពល​ចិន​កើនឡើង​។​

​លោក​បាន​និយាយថា “​តើ​យើង​ចង់ឱ្យ​មហាសមុទ្រ​អាក​ទិ​ក​ប្រែ​ក្លាយទៅជា​សមុទ្រ​ចិន​ខាងត្បូង​ថ្មី ដែល​ពោរពេញ​ទៅដោយ​ការធ្វើ​យោ​ធូប​នីយ៍កម្ម​និង​ការទាមទារ​ទឹកដី​ដែល​ប្រណាំងប្រជែង​គ្នា​?”​។​

​ខណៈដែល​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​គឺជា​សមាជិក​នៃ​ក្រុមប្រឹក្សា​តំបន់​អាក​ទិ​ក ប្រទេស​ចិន​មាន​ឋានៈ​ត្រឹម​ជា​អ្នកសង្កេតការណ៍​នៅក្នុង​ស្ថាប័ន​សហប្រតិបត្តិការ​នេះ​តែប៉ុណ្ណោះ​។​

​ដោយ​កត់សម្គាល់ថា​ចុង​ភាគ​ខាងជើង​របស់​ប្រទេស​ចិន​មាន​ចម្ងាយ ១.៤៥០ គីឡូម៉ែត្រ​ពី​តំបន់​អាក​ទិ​ក លោក​ផ​ម​ផេ​វ​បាន​វាយ​សំពង​លើ​ការប៉ុនប៉ង​របស់​ប៉េកាំង​ក្នុង​ធ្វើ​ស្ទីល​ខ្លួនឯង​ជា “​រដ្ឋ​នៅ​ជិត​តំបន់​អាក​ទិ​ក​”​។​

​លោក​បាន​និយាយថា “​មានតែ​រដ្ឋ​អាក​ទិ​ក​និង​រដ្ឋ​មិនមែន​អាក​ទិ​ក​ប៉ុណ្ណោះ​។ គ្មាន​ប្រភេទ​ទី​៣​កើតឡើង​នោះទេ ហើយ​ដូច្នេះ​ចិន​គ្មាន​ឋានៈ​អ្វី​ឡើយ​នៅក្នុង​តំបន់​នេះ​”​។​

​យោងតាម​លោក​ផ​ម​ផេ​វ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​តំបន់​នេះ​គឺ​ជិត​៩០​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៧ និង​មានបំណង​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ផ្លូវ​សមុទ្រ​ខាងជើង​”​។​

​បណ្តាញ​ដឹកជញ្ជូន​ដែល​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​សមុទ្រ​ប៉ាស៊ីហ្វិក​និង​សមុទ្រ​អា​ត្ល​ង់​ទិ​កដោយ​ការឆ្លងកាត់​តាម​ភាគ​ខាងជើង​នៃ​ប្រទេស​រុស្ស៊ី​នេះ គឺអាច​ប្រើប្រាស់​បាន​កាន់តែខ្លាំង ដោយសារ​ទឹកកក​រលាយ​។​

​ចិន​និង​រុស្ស៊ី​ចង់​ធ្វើឱ្យ​ផ្លូវ​សមុទ្រ​ខាងជើង​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ដែលជា​កម្មវិធី​វិនិយោគ​ចិន​ដ៏​ធំ​មួយ ដែល​ប្រទេស​មួយចំនួន​ជាពិសេស​សហរដ្ឋអាមេរិក​មើលឃើញថា​ជាការ​ប៉ុនប៉ង​ដើម្បី​ទទួលបាន​ការគ្រប់គ្រង​លើ​តំបន់​៕ ដោយ៖ កញ្ញាដាលីស

ឆ្មាំ​ការពារ​របស់​រុស្ស៊ី​ឈរ​យាម​នៅ​មូលដ្ឋាន​យោធា​នៅលើ​កោះ​កូ​ថែ​ល​នី (Kotelny) នៅ​ជ្រៅ​ក្នុង​តំបន់​អាក​ទិ​ក