លោក​ផ​ម​ផេ​វ​សង្ឃឹមថា​វេ​ណេ​ស៊ុយ​អេ​ឡា​នឹងមាន​ឯករាជ្យ​ពី​គុយបា​និង​រុស្ស៊ី បន្ទាប់ពី​ការផ្លាស់ប្តូរ​អំណាច

354
ចែករម្លែក

​លោក​ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox Business ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា​វេ​ណេ​ស៊ុយ​អេ​ឡា​នឹងមិន​ពឹង​ផ្អែកលើ​គុយបា​និង​រុស្ស៊ី​ទៀត​ទេ បន្ទាប់ពី​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​ធ្វើឡើង​នៅ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

​លោក​ផ​ម​ផេ​វ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ដែល​បានចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​៦​កុម្ភៈ​ថា “​រុស្ស៊ី​កំពុង​នៅ​ទីនោះ​។ គុយបា​កំពុង​នៅ​ទីនោះ​សព្វថ្ងៃ​។ យើង​សង្ឃឹមថា នៅពេលដែល​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​កើតឡើង ដែលជា​គោលបំណង​ចុងក្រោយ​របស់​យើង​នោះ ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​ចង់ឱ្យ​ប្រទេស​នេះ​ក្លាយជា​រដ្ឋ​អធិបតេយ្យភាព​និង​ឯករាជ្យ មិន​ពឹង​ផ្អែកលើ​គុយបា​និង​រុស្ស៊ី​សម្រាប់​សន្តិសុខ​ឬ​សុខុមាលភាព​របស់​ពួកគេ​នោះទេ​”​។​

​លោក​ផ​ម​ផេ​វ​បាន​កត់សម្គាល់ថា​ចលនា​ហេស​ប៊ូ​ឡា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​ដែល​សហរដ្ឋអាមេរិក​ចាត់​ទុកជា​សត្រូវ​នោះ ក៏​កំពុង​សកម្ម​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ​។​

​លោក​ផ​ម​ផេ​វ​បាន​បកស្រាយ​ថា “​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​មិនបាន​ដឹងថា​ពួក​ហេស​ប៊ូ​ឡា​មានកូន​ចៅ​ដ៏​សកម្ម​នោះទេ​។ ពួក​អ៊ីរ៉ង់​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​និង​នៅ​ទូទាំង​ទ្វីបអាមេរិក​ខាងត្បូង​។ យើង​មាន​កាតព្វកិច្ច​ត្រូវ​កម្ចាត់​ហានិភ័យ​ទាំងនេះ​សម្រាប់​អាមេរិក​”​។​

​រដ្ឋមន្ត្រីការបរទេស​រូបនេះ​បាន​កត់សម្គាល់ថា លោក​នឹង​លើក​បញ្ហា​នេះ​នៅក្នុង​សន្និសីទ​រដ្ឋមន្ត្រី​នាពេលខាងមុខ​ស្តីពី​មជ្ឈិមបូព៌ា​នៅ​ទីក្រុង​វ៉ា​សូវី​។​

​សហរដ្ឋអាមេរិក​បាន​កំពុង​ព្យាយាម​ទម្លាក់​ប្រធានាធិបតី​នី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​ជាប់ឆ្នោត​អា​ណ្ត​ត្តិ​ថ្មី​កាលពី​ខែឧសភា ដោយ​អះអាងថា​លោក​ម៉ា​ឌូ​រ៉ូ​បាន​ក្លែងបន្លំ​លទ្ធផល​បោះឆ្នោត​ដើម្បី​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​គាំទ្រ​ប្រធានសភា​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ ចំពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែមករា​។ វ៉ាស៊ីនតោន​ត្រូវបាន​ចូលរួម​ដោយ​រដ្ឋ​មួយចំនួន​ក្នុង​តំបន់​ខណៈ​លោក​ម៉ា​ឌូ​រ៉ូ​ត្រូវបាន​គាំទ្រ​ដោយ​ចិន​រុស្ស៊ី​និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ជា​ប្រធានាធិបតី​តែមួយគត់​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស​អាមេរិក
#