លោក​ផ​ម​ផេ​វ​ស្វះស្វែង​បង្កើត​សម្ព័ន្ធ​សកលលោក​មួយ​ប្រឆាំងនឹង​អ៊ីរ៉ង់​

438
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​ថា លោក​ចង់​បង្កើត​សម្ព័ន្ធ​សកលលោក​មួយ​ប្រឆាំងនឹង​អ៊ីរ៉ង់​ក្នុងអំឡុងពេល​ពិគ្រោះ​យោបល់​ជាបន្ទាន់​នៅ​មជ្ឈិមបូព៌ា បន្ទាប់ពី​វិបត្ដិ​រយៈពេល​មួយ​សប្តាហ៍​បានឃើញ​សហរដ្ឋ​អាម៉េរិក​ដកថយ​ពី​ការ​រកកល់​វាយប្រហារ​យោធា​ទៅលើ​អ៊ីរ៉ង់​។​

​លោក​ផ​ម​ផេ​វ​បាន​និយាយ​ដូច្នេះ​នៅពេល​លោក​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បន្ទាប់មកទៀត​គឺ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែលជា​សម្ព័ន្ធមិត្ត​អារ៉ាប់​និកាយ​ស៊ុន​នី ដែលមាន​ការព្រួយបារម្ភ​ពី​ការកើនឡើង​ភាព​គឃ្លើន​របស់​អ៊ីរ៉ង់​និកាយ​ស៊ី​អ៊ី​ត និង​កំពុងធ្វើការ​ងារ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​។ ការឈប់​សំចត​របស់គាត់​នៅ​ទីក្រុង​ជេ​ត​ដា និង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ត្រូវបាន​រៀបចំ​យ៉ាង​តក់ក្រហល់​កាលពី​ចុង​សប្តាហ៍ ខណៈ​បន្ថែម​ទៅលើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​មួយទៀត ដែល​ចេញពី​កន្លែង​នោះ​ទៅ​គាត់​នឹងចូលរួម​ជាមួយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅក្នុង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​។ ប៉ុន្តែ​ដំណើរ​ទាំងនេះ​មិនត្រូវ​បានប្រកាស​ភ្លាមៗ​ទេ​មុនពេល​ការចាកចេញ​របស់គាត់ នៅក្នុង​សញ្ញា​នៃ​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស​និង​មិនអាច​ទាយ​ទុកជាមុន​បាន​។​

​លោក​ផ​ម​ផេ​វ​និយាយ​អំពី​អ៊ីរ៉ង់​យ៉ាង​ដូច្នេះ “​យើង​នឹង​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​យើងទាំងអស់គ្នា​ស្រប​គំនិត​គ្នា​ជា​យុទ្ធសាស្ត្រ​និង​អំពី​របៀប​ដែល​យើង​អាចបង្កើត​សម្ព័ន្ធ​ភាពជា​សកល មិន​ត្រឹមតែ​នៅតាម​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​នៅ​អាស៊ី​និង​អឺរ៉ុប ដែល​យល់​ពី​បញ្ហា​ប្រឈម​នេះ ខណៈដែល​ខ្លួន​ត្រៀម​រុញច្រាន​ប្រឆាំងនឹង​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​”​។​

​ប៉ុន្តែ​ទោះបីជា​លោក​ផ​ម​ផេ​វ​បាន​និយាយ​ធ្ងន់ៗ​បែបនេះ​ក្តី ក៏ប៉ុន្តែ​លោក​បាន​បន្ទរ​តាម​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​និង​អនុ​ប្រធានាធិបតី​លោក​ម៉ៃ ផ​ម​ផេ​វ ដោយ​និយាយថា សហរដ្ឋ​អាម៉េរិក​ត្រៀមខ្លួន​ចរចា​ជាមួយ​អ៊ីរ៉ង់​ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។ ភាព​តានតឹង​ទាំង​នោះបាន​កើនឡើង​ចាប់តាំងពី​លោក​ត្រាំ​បាន​ដក​សហរដ្ឋ​អាម៉េរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាស​កល​ជាមួយ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន ហើយ​បានដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ជាមួយ​ទណ្ឌកម្មសេដ្ឋកិច្ច​។ ការដាក់ទណ្ឌកម្ម​ថ្មីៗ​លើ​អ៊ីរ៉ង់​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​នេះ​ក្នុង​បំណង​បង្ខំ​ឱ្យ​មេដឹកនាំ​អ៊ីរ៉ង់​ចូលមក​តុ​ចរចា​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ