លោក​មហា​ធៀ​ព្រមាន​ហ្វីលីពីន​កុំឱ្យ​ជនបរទេស​ហូរ​ចូល​ស្រុក​ច្រើនពេក បន្ទាប់ពី​កម្មករ​ចិន​រាប់សែន​នាក់​សម្រុក​ចូលមក​ទីក្រុង​ម៉ានីល​

509
ចែករម្លែក
  • 693
    Shares

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មហា​ធៀ មហាម៉ាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​បាន​ព្រមាន​ហ្វីលីពីន​កុំឱ្យ​អនុញ្ញាតឱ្យ​ជនបរទេស​ចូល​ស្រុក​ច្រើនពេក “​ដែល​អាច​រំខាន​ដល់​សមាសភាព​នយោបាយ​” ខណៈដែល​ការ​ងាក​ទៅរក​ចិន​ពី​សំណាក់​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត បានធ្វើ​ឱ្យមាន​ការហូរ​ចូល​កម្មករ​ចិន​យ៉ាងច្រើន​។​

​ការស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ហ្វីលីពីន​កាលពី​ចុង​ឆ្នាំមុន​បានឱ្យដឹងថា យ៉ាងហោចណាស់​ជនជាតិ​ចិន​ចំនួន ២០០.០០០ នាក់​បាន​សម្រុក​មក​ទីក្រុង​ម៉ានីល​ចាប់តាំងពី​ការជាប់ឆ្នោត​របស់លោក​ឌុយ​ទែ​ត​នៅ​ឆ្នាំ ២០១៦ ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​ជួល​មក​ធ្វើការ​នៅតាម​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ ដែល​ផ្តល់ជូន​សេវា​ដល់​អ្នកលេង​ហ្គេម​វ័យក្មេង​នៅ​ចិន​។​

​បញ្ហា​នេះ​បាន​នាំឱ្យមាន​ការព្រួយបារម្ភ​ក្នុងចំណោម​អ្នកនយោបាយ​ហ្វីលីពីន​មួយចំនួន ដែល​ចោទថា លំហូរ​ជនបរទេស​នេះ​បាន​ជំរុញ​តម្លៃ​អចលនទ្រព្យ​ឱ្យ​ឡើងថ្លៃ ដណ្តើមយក​ការងារ​ពី​អ្នកស្រុក និង​ប៉ះពាល់​ដល់​ចំណូល​ពន្ធ​។​

​លោក​មហា​ធៀ ដែល​បាន​ផ្អាក​គម្រោង​ធំៗ​ជាច្រើន​របស់លោក​ជាមួយ​ប្រទេស​ចិន បាន​ព្រមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ប្រឆាំងនឹង​ការអនុញ្ញាតឱ្យ​ជនបរទេស​ហូរ​ចូលមកក្នុង​ស្រុក​។​

​លោក​មហា​ធៀ​បាន​ប្រាប់​ទូរទស្សន៍ ABS-CBN ក្នុង​បទសម្ភាសន៍​មួយ​ថា “​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​មិនគួរ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ចំនួន​ជនបរទេស​ច្រើនពេក​ដើម្បី​រស់នៅក្នុង​ប្រទេស​នោះទេ ព្រោះ​វា​អាច​រំខាន​ដល់​សមាសភាព​នយោបាយ​នៅក្នុង​ប្រទេស​”​។​

​លោក​មហា​ធៀ​និយាយថា “​ប្រសិនបើ​មាន​ជនបរទេស​ច្រើន​មក​រស់នៅក្នុង​ប្រទេស​ឬ​ថែមទាំង​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​នៃ​ប្រទេសមួយ​នោះ អ្នក​ត្រូវតែ​ពិចារណា​ឡើងវិញ​ថា​តើ​វា​ល្អ​ឬ​អាក្រក់​ឬ​ត្រូវមាន​កំហិត​អ្វី​ដើម្បី​ដាក់​ទៅលើ​ពួកគេ​”​។​

​លោក​មហា​ធៀ​អាយុ ៩៣ ឆ្នាំ​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​ហ្វីលីពីន​ជា​លើកដំបូង​ចាប់តាំងពី​លោក​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំមុន​។ លោក​នឹង​ជួប​ជាមួយ​លោក​ឌុយ​ទែ​ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​បាន​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​ជាមួយ​ចិន​ដោយនិយាយ​ថា​លោក​នឹង​ពិភាក្សា​អំពី​លក្ខខណ្ឌ​មិន​ស្មើភាព​គ្នា​នៃ​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​មុន​គឺ លោក​ណា​ជីប រ៉ា​ហ្សា​ក់​។​

​ការខិតខំ​ប្រឹងប្រែងរ​បស់​លោក​ឌុយ​ទែ​ត​ដើម្បី​បាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​សម្រាប់​ហ្វីលីពីន ដែលជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​សហរដ្ឋអាមេរិក បាន​ជំរុញឱ្យមាន​ការកើនឡើង​នៃ​ការមកដល់​របស់​កម្ម​ករ​ចិន​។​

​កាលពី​ឆ្នាំមុន សមាជិកសភា​បាន​និយាយថា​ប្រជាជន​ចិន​ប្រហែល ២០០.០០០ នាក់​កំពុងធ្វើការ​នៅក្នុង​ប្រទេស និង​បាន​ប្តេជ្ញា​ផ្តល់នូវ​ការការពារ​ដល់​ប្រជាជន​ហ្វីលីពីន​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មហា​ធៀ មហាម៉ាត់