លោក​ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ជួប​ប្រធានាធិបតី​ម៉ា​ក្រុង ខណៈ​បារាំង​ទាមទារ​ឱ្យ Facebook ប្រឹងប្រែង​ថែមទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​ពាក្យ​សម្អប់​

1001
ចែករម្លែក

​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក​ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា ខណៈ​បារាំង​ព្យាយាម​ស្វះស្វែង​ចូលកាន់​កាប់​រូបមន្ត​គ្រប់គ្រង​របស់​វេ​ប​សាយ​បណ្តាញ​សង្គម​មួយ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ពាក្យ​សម្អប់​។​

​របាយការណ៍​មួយ​របស់លោក​ម៉ា​ក្រុង​បាន​សន្និដ្ឋានថា អាជ្ញាធរ​បារាំង​គួរតែមាន​សិទ្ធិ​ចូល​ប្រើ​គោលនយោបាយ​ផ្ទៃក្នុង​របស់ Facebook បន្ថែមទៀត​ដើម្បី​ដោះស្រាយ “​កង្វះ​នៃ​ភាព​គួរឱ្យ​ជឿទុកចិត្ត​ក្នុង​វិធីសាស្ត្រ​ស្វ័យគ្រប់គ្រង​ដោយ​ខ្លួនឯង​”​។​

​ការជួបគ្នា​នេះ​កើតឡើង​បន្ទាប់ពី Facebook ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកនយោបាយ​និង​សាធារណជន​ចំពោះ​បរាជ័យ​របស់ខ្លួន​ក្នុងការ​ដកចេញ​នូវ​វីដេអូ​នៃ​ការវាយប្រហារ​បាញ់​កាលពី​ខែមីនា​នៅក្នុង​ទីក្រុង​ក្រៃ​ឈឺ​ច​ប្រទេស​នូ​វែ​ល​សេ​ឡង់​ពី​បណ្តាញ​សង្គម​របស់ខ្លួន​។ មនុស្ស​ចំនួន ៥០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នោះ ជាមួយ​វីដេអូ​នៃ​ការវាយប្រហារ​ត្រូវបាន​ផ្សព្វផ្សាយ​តាម Facebook អស់​ជាច្រើន​ថ្ងៃ​។​

​ហើយ​នៅ​សប្តាហ៍​នេះ លោក​គ្រី​ស យូ​ច ជា​ស្ថាបនិក​ម្នាក់​របស់ Facebook ជាមួយ​លោក​ហ្សា​ក់​ឃើ​បឺ​ក​ខណៈ​ពួកគេ​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​ហា​វើដ​ជាមួយគ្នា បាន​សរសេរ​នៅក្នុង​អត្ថបទ​អត្ថាធិប្បាយ​មួយ​លើ​កាសែត New York Times ថា គាត់​ជឿជាក់ថា ក្រុមហ៊ុន Facebook មានអំណាច​ខ្លាំងពេក​ណាស់ ដូច្នេះ​ត្រូវតែ​បំបែក​អំណាច​នោះ​។​

​ប្រធានាធិបតី​បារាំង​បាន​ជួប​លោក​ហ្សា​ក់​ឃើ​បឺ​កនៅ​រសៀល​ថ្ងៃ​សុក្រ​នៅឯ​វិមាន​អេ​លី​សេ​។ អ្នក​ដែលមាន​វត្តមាន​នៅឯ​កិច្ចប្រជុំ​នោះដែរ​គឺ​អតីត​ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស​លោក នី​ក ក្លេ​ក (Nick Clegg) ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទទួលបន្ទុក​កិច្ចការ​ពិភពលោក​និង​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន Facebook​។​

​ប្រធានាធិបតី​ម៉ា​ក្រុង​ចង់ឱ្យ​បារាំង​ដើរតួនាទី​ឈានមុខ​គេ​លើ​បទបញ្ញត្តិ​បច្ចេកវិជ្ជា ដោយ​ស្វែងរក​តុល្យភាព​រវាង​អ្វីដែល​ខ្លួន​យល់ឃើញថា​ជា “​គោលជំហរ​មិន​លូកដៃ​” របស់​សហរដ្ឋអាមេរិក​និង​ការក្តោបក្តាប់​ដោយ​កណ្តាប់​ដែក​របស់​ចិន​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​។​

​របាយការណ៍​កម្រាស់ ៣៣ ទំព័រ​ដែល​សហ​និពន្ធ​ដោយ​ប្រធាន​កិច្ចការ​សាធារណៈ​សម្រាប់ Google France បានផ្តល់​អនុសាសន៍​ឱ្យ​បង្កើន​ការត្រួតពិនិត្យ​លើ​បណ្តាញ​សង្គម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​និង​អនុញ្ញាតឱ្យ​និយតករ​ឯករាជ្យ​ពិនិត្យមើល​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ក្នុងការ​ដោះស្រាយ​ជាមួយ​ពាក្យ​សម្អប់​។​

​របាយការណ៍​នេះ​បានធ្វើ​ឡើង បន្ទាប់ពី Facebook បានអនុញ្ញាត​ឱ្យ​ក្រុម​និយ័ត​ករ​បារាំង​ចំណាយពេល ៦ ខែ​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​ដើម្បី​ឃ្លាំមើល​គោលនយោបាយ​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង​ជួប​ជាមួយ​លោក​ហ្សា​ក់​ឃើ​បឺ​កនៅ​វិមាន​អេ​លី​សេ​កាលពី​ថ្ងៃ​សុក្រ