លោក​ម៉ាស​អះអាងថា មាន​មនុស្ស​បញ្ជា​ទិញ​រថយន្ត​ភី​ក​អាប់​អគ្គិសនី Cybertruck ចំនួន ២៥០.០០០ គ្រឿង​

259
ចែករម្លែក

​លោក អេ​ឡុ​ន ម៉ាស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla Inc និយាយថា ក្រុមហ៊ុន​បានទទួល​ការបញ្ជាទិញ​ចំនួន ២៥០.០០០ គ្រឿង​សម្រាប់​រថយន្ត​ភី​ក​អាប់​អគ្គិសនី ដែល​បាន​យកមក​បង្ហាញ​កាលពី ៥ ថ្ងៃមុន​។​

​លោក​ម៉ា​សបាន​ផ្សព្វផ្សាយ​រថយន្ត Cybertruck នៅលើ Twitter និង ធ្វើ​បច្ចុប្បន្នភាព​នូវ​ចំនួន​នៃ​ការបញ្ជាទិញ​ដែល​ក្រុមហ៊ុន​ទទួលបាន​ចាប់តាំងពី​ការដាក់​បង្ហាញ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​បន្ទាប់ពី​ផ្សព្វផ្សាយ​រថយន្ត​នេះ​ជាង ៥០ សារ​នៅលើ​បណ្តាញ​សង្គម Twitter ចាប់តាំងពី​ការដាក់​បង្ហាញ​រថយន្ត​នេះ​មក គាត់​បាន​សរសេរ​លើ​អ៊ី​ន​ធឺ​ណេ​ត​ថា “២៥០k” នៅ​យប់​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា ចង់​សំដៅ​ទៅលើ​ចំនួន​នៃ​ការបញ្ជាទិញ​។​

​ក្រុមហ៊ុន Tesla បាន​បើក​ការបញ្ជាទិញ​ភ្លាមៗ​បន្ទាប់ពី​ការដាក់​បង្ហាញ​និង​បាន​អនុញ្ញាតឱ្យ​អ្នកទិញ​កក់​យក​រថយន្ត​ដឹកទំនិញ​នេះ​ដោយ​ដាក់​ប្រាក់​តម្កល់ ១០០ ដុល្លារ ដែល​អាច​ដកយក​វិញ​បាន ធៀប​នឹង​ប្រាក់​តម្កល់ ១.០០០ ដុល្លារ ដែល​ខ្លួន​បាន​យក​សម្រាប់​ការ​កក់​រថយន្ត Model 3 ក្នុង​ឆ្នាំ ២០១៦ ។​

​មិនមែន​រាល់​ការបញ្ជាទិញ​ទាំងអស់​សុទ្ធតែ​ចាត់ទុកថា​លក់ដាច់​នោះទេ ព្រោះ​ការបញ្ជាទិញ​ភាគច្រើន​ទំនងជា​នឹងត្រូវ​លុបចោល​វិញ ហើយ​ប្រាក់​តម្កល់​នឹង​សង​វិញ​ដល់​អ្នកបញ្ជា​ទិញ​។ ក្រុមហ៊ុន Tesla គ្រោង​នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​ដឹកទំនិញ​នេះ​នៅ​ចុងឆ្នាំ ២០២១៕ ដោយ៖កញ្ញាដាលីស

រថយន្ត​ភី​ក​អាប់​អគ្គិសនី Cybertruck មាន​គេ​បញ្ជា​ទិញ ២៥ ម៉ឺន​គ្រឿង​ហើយ