លោក​ម៉ា​ក្រុង​ចាប់ផ្តើម​ការតស៊ូ​មតិ​ដើម្បី​លុបបំបាត់​ចលាចល​របស់ “​ចលនា​អាវកាក់​ពណ៌​លឿង​” ក្នុង​សារលិខិត ២.៣៣០ ពាក្យ​

529
ចែករម្លែក

​ប្រធានាធិបតី​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃអាទិត្យ​ទី​១៣​មករា​បានចាប់ផ្តើម​ការតស៊ូ​មតិ​ថ្នាក់ជាតិ​រយៈពេល ៣ ខែ​ដែល​គាត់​សង្ឃឹមថា​អាច​លុបបំបាត់​ភាពចលាចល​របស់ “​ចលនា​អាវកាក់​ពណ៌​លឿង​” ជាមួយ​សារលិខិត​មួយ​ផ្ញើ​ទៅ​ប្រជាជន​បារាំង ដែល​ក្នុងនោះ​គាត់​បាន​សន្យា​ស្តាប់​គំនិត​ថ្មីៗ ប៉ុន្តែ​ប្រកាន់ខ្ជាប់​នឹង​របៀបវារៈ​កំណែទម្រង់​សេដ្ឋកិច្ច​ស្នូល​របស់គាត់​។​

​គំនិត​ផ្តួចផ្តើម​របស់លោក​ម៉ា​ក្រុង​កើតឡើង បន្ទាប់ពី​ការតវ៉ា​រយៈពេល ៩ សប្តាហ៍​ដោយ “​ចលនា​អាវកាក់​ពណ៌​លឿង​”​។ ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល​បែបនេះ​បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ទីក្រុង​ប៉ារីស​និង​នៅតាម​ទីក្រុង​នានា​របស់​បារាំង ដោយ​ធ្វើឱ្យ​អង្រួន​ដល់​សេដ្ឋកិច្ច​និង​ជំទាស់​នឹង​សិទ្ធិអំណាច​របស់គាត់​។​

​លោក​ម៉ា​ក្រុង​សរសេរ​ក្នុង​លិខិត​មួយ​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់គាត់​យ៉ាង​ដូច្នេះ “​សម្រាប់​ខ្ញុំ គ្មាន​បញ្ហា​ហាមឃាត់​អី​នោះទេ​។ យើង​នឹងមិន​យល់ស្រប​លើ​អ្វីៗ​គ្រប់យ៉ាង​នោះទេ ដែល​នេះ​ជា​រឿង​ធម្មតា​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​យ៉ាងហោចណាស់​យើង​នឹង​បង្ហាញថា​យើង​ជា​មនុស្ស​ដែល​មិន​ភ័យខ្លាច​ក្នុងការ​និយាយ ចរចា និង តស៊ូ​មតិ​នឹង​គ្នា​”​។

​ប៉ុន្តែ​លោក​ម៉ា​ក្រុង​បាន​និយាយថា​លោក​នឹង​នៅតែ​ស្មោះត្រង់​ចំពោះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់ ហើយ​ហាក់ដូចជា​ច្រានចោល​ការដកចេញ​នូវ​កំណែទម្រង់សេដ្ឋកិច្ច​ដែល​គាំទ្រ​ខាង​ធុរកិច្ច ដូចជា​ការកាត់បន្ថយ​ពន្ធ​លើ​ទ្រព្យសម្បត្តិ​ជាដើម ដែល​បានធ្វើឱ្យ​គាត់​មានឈ្មោះ​ក្រៅ​ហៅថា “​ប្រធានាធិបតី​របស់​ពួក​អ្នកមាន​”​។​

​លោក​ម៉ា​ក្រុង​បានសរសេរថា “​នៅពេលដែល​ពន្ធ​មាន​ខ្ពស់​ពេក សេដ្ឋកិច្ច​របស់​យើង​នឹងខ្វះ​ធនធាន​ដែល​អាច​យកមក​បណ្តាក់​ទុន​យ៉ាង​មាន​ប្រយោជន៍​នៅក្នុង​ក្រុមហ៊ុន​នានា ដោយ​បង្កើត​ការងារ​និង​កំណើនសេដ្ឋកិច្ច​។ យើង​នឹងមិន​ទាត់ចោល​វិធានការ​នានា​ដែល​យើង​បាន​ណែនាំ​ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​និង​ធានាថា​ការងារ​នឹង​ផ្តល់​ប្រាក់ខែ​កាន់តែច្រើន​”​។​

​នៅក្នុង​សារលិខិត ២.៣៣០ ពាក្យ ដែល​នឹង​ចេញផ្សាយ​នៅក្នុង​កាសែត​បារាំង លោក​ក៏បាន​សួរ​សំណួរ​ជាច្រើន​ដែល​លោក​សង្ឃឹមថា​ប្រជាជន​បារាំង​នឹង​ឆ្លើយតប​នៅក្នុង​ការជួបជុំ​នៅ​សាលប្រជុំ​នៅ​ទូទាំងប្រទេស​ឬ​នៅក្នុង​កម្រង​សំណួរ​តាម​អន​ឡាញ​។​

​ខាងក្រោម​នេះ​គឺជា​សំណួរ​មួយចំនួន​ដែល​លោក​ម៉ា​ក្រុង​បាន​ចោទសួរ ៖

  • តើ​ពន្ធ​មួយណា អ្នក​គិតថា​យើង​គួរ​កាត់បន្ថយ​?
  • តើ​ការ​សន្សំសំចៃ​ចំណាយ​សាធារណៈ​ប្រភេទ​អ្វីដែល​អ្នក​គិតថា​យើង​គួរតែ​ចាត់ទុកថា​ជា​អាទិភាព​?
  • តើ​មាន​ស្រទាប់​រដ្ឋបាល​ច្រើនពេក​មែន​ទេ​?
  • តើ​យើង​គួរប្រើ​ការធ្វើប្រជាមតិ​ញឹកញាប់ និង​តើន​រណា​ដែល​គួរ​មានលទ្ធភាព​ធ្វើឱ្យមាន​ប្រជាមតិ​?៕ ដោយ៖ កញ្ញាដាលីស

ចលនា​អាវកាក់​ពណ៌​លឿង​បង្ក​ការបំផ្លិចបំផ្លាញ​ក្នុង​ទីក្រុង​ជាច្រើន​ជុំវិញ​ប្រទេស​បារាំង