លោក​ម៉ា​ក្រុង​ចេញមុខ​ទទួលខុសត្រូវ​តែម្នាក់ឯង​គត់​ជុំវិញ​រឿង​មេ​អង្គរក្ស​របស់គាត់​វាយ​បាតុករ​

711
ចែករម្លែក

​ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​ប្រាប់​សមាជិកសភា​មកពី​គណបក្ស​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​កក្កដា​ថា លោក​ទទួលខុស​ត្រូវតែ​ម្នាក់ឯង​គត់​ជុំវិញ​ករណី​អង្គរក្ស​កំពូល​ម្នា​ក់បាន​វាយ​លើ​ក្រុមអ្នកតវ៉ា​ទិវា​ឧសភា (May Day) ដែលជា​ឧបទ្ទវហេតុ​មួយ​បង្កឱ្យមាន​វិបត្តិ​នយោបាយ​ដ៏​ធំ​បំផុត​នៃ​អាណត្តិ​របស់លោក​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយថា ការិយាល័យ​របស់លោក​ម៉ា​ក្រុង​ខកខាន​ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រធាន​សន្តិសុខ​របស់ខ្លួន ឬ​បញ្ជូន​អង្គរក្ស​នោះ​ទៅ​អាជ្ញាធរ​យុត្តិធម៌​ជុំវិញ​ឧបទ្ទវ​ហេតុនេះ​។​

​ពួកគេ​និយាយថា ការដោះស្រាយ​របស់លោក​ម៉ា​ក្រុង​អំពី​ករណីនេះ​បាន​បង្ហាញថា គាត់​បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​ប្រជាជន​សាមញ្ញ ចាប់តាំងពី​ចូលកាន់​តំណែង​កាលពី ១៤ ខែ​មុន​។​

​វីដេអូ​មួយ​បានបង្ហាញ អង្គរក្ស​ឈ្មោះ អា​ឡិច​សាន់​ដឺ បេ​ណា​ល់​ឡា បាន​វាយ​អ្នក​តវ៉ា​ជា​បុរស​ម្នាក់ និង​ចាប់​អូស​ស្ត្រី​ម្នាក់ ខណៈ​គាត់​អស់ម៉ោង​បំពេញ​កាតព្វកិច្ច​អង្គរក្ស និង ពាក់មួក​កុបកម្ម និង​ស្លាក​សម្គាល់​ប៉ូលិស​ទៀត​។​

​លោក​ម៉ា​ក្រុង​បាន​ប្រាប់​ទៅ​សមាជិកសភា​មកពី​គណបក្ស​របស់លោក​ថា “​ខ្ញុំ​ម្នាក់ឯង​គត់​ទទួលខុសត្រូវ​។ ពួកគេ​អាចម​ករក​ខ្ញុំ​បាន​។ ខ្ញុំ​នឹង​ឆ្លើយ​ទៅ​ប្រជាជន​បារាំង​”​។​

​លោក​ម៉ា​ក្រុង​និយាយថា លោក​មិន​ចង់ឱ្យ​នរណាម្នាក់​រង​ដុំ​ភ្លើង​ពី​វិបត្តិ​នេះ​ទេ ហើយ​គ្មាន​បុគ្គលិក​ណា​ម្នាក់​របស់លោក​ឈរ​ពីលើ​ច្បាប់​នោះឡើយ​។​

​ក្នុងការ​ផ្តោះផ្តង​សម្តី​ដ៏​ក្តៅគគុក​នៅក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គារ លោកនាយក​រដ្ឋមន្ត្រី អេ​ឌូ​អាដ ហ្វី​លី​ព បាន​ព្យាយាម​ការពារ​រដ្ឋាភិបាល​ប្រឆាំងនឹង​ការអំពាវនាវ​របស់​ក្រុម​បក្សប្រឆាំង​ដើម្បីឱ្យ​មានការ​បោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​។​

​លោក​បាន​និយាយ​បន្ទាប់ពី​ការពារ​សមាជិកសភា​ជាច្រើនរូប​ទាក់ទង​នឹង​បញ្ហា​អង្គរក្ស​នោះ​ថា “​ឧបទ្ទវហេតុ​ដាច់ដោយឡែក ដែល​ធ្វើឡើង​ដោយ​មនុស្ស​ម្នាក់នេះ​…​មិនអាច​ចាត់ទុកជា​រឿងអាស្រូវ​របស់​រដ្ឋ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

មេ​អង្គរក្ស​របស់លោក​ម៉ា​ក្រុង ឈ្មោះ អា​ឡិច​សាន់​ដឺ បេ​ណា​ល់​ឡា (​ឆ្វេង​) ពេល​កំពុង​ការពារ​លោក​ម៉ា​ក្រុង​នៅ​ព្រឹត្តិការណ៍​មួយ​នៅ​ប៉ា​រី​ា​កាលពី​ខែឧសភា ឆ្នាំ ២០១៧