លោក​ម៉ា​ក្រុង​និយាយថា សម្ព័ន្ធមិត្ត​ត្រូវតែ​អាច​ជឿ​ទុកចិត្តបាន បន្ទាប់ពី​អាមេរិក​ប្រកាស​ដកទ័ព​ចេញពី​ស៊ី​រី​

567
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ​បាន​រិះគន់​សេចក្តីសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ក្នុង​ការដក​កងកម្លាំង​អាមេរិក​ចេញពី​ស៊ី​រី ដោយ​និយាយថា “​សម្ព័ន្ធមិត្ត​ត្រូវតែ​អាច​ជឿ​ទុកចិត្តបាន​”​។​

​នៅក្នុង​សញ្ញា​មួយ​នៃ​ការកើនឡើង​ជម្លោះ​ការទូត​រវាង​មេដឹកនាំ​ទាំងពីរ លោក​ម៉ា​ក្រុង​បាន​និយាយថា “​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​ចំពោះ​ការសម្រេចចិត្ត​” ដោយ​លោក​ត្រាំ​ដើម្បី​ដកទ័ព​អាមេរិក​។​

​កាលពី​សប្ដាហ៍​មុន​លោក​ត្រាំ​បាន​បញ្ជា​ឱ្យ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​ទាំងអស់ ដោយ​អះអាងថា​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​រង​បរាជ័យ​និង​ការ​ដកទ័ព​យ៉ាងច្រើន​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​នឹងធ្វើ​ឱ្យ​តំបន់​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបន្ត​មាន​សង្គ្រាម និង​ការ​បង្ហូរឈាម​កាន់តែខ្លាំង​។​

​បារាំង​បាន​និយាយថា​ខ្លួន​នឹង​រក្សា​ការចូលរួម​របស់ខ្លួន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ពួក​អាយ​ស៊ី​ស​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​លោក​ម៉ា​ក្រុង​បាន​និយាយ​នៅក្នុង​រដ្ឋធានី​យ៉ា​មេ​ណា​របស់​ប្រទេស​ឆាដ​ជាមួយ​សម​ភាគី​ឆាដ លោក​អាយ​ឌ្រី​ស ដឺ​ប៊ី ថា “​ដើម្បី​ធ្វើជា​សម្ព័ន្ធមិត្ត​គឺ​ត្រូវ​ប្រយុទ្ធ​ប្រកៀក​ស្មា​គ្នា​” ដោយ​បន្ថែមថា​បារាំង​តែង​ធ្វើ​ដូច្នេះ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជី​ហាដ​នៅ​ប្រទេស​ឆាដ​។​

​ការ​ដកទ័ព​អាមេរិក​ចេញ​នឹង​ធ្វើឱ្យ​កងទ័ព​ឃឺ​ដ​រាប់ពាន់នាក់​នៅ​ភាគ​ខាងជើង​ស៊ី​រី ដែល​មន្ទីរ​បញ្ច​កោណ​បាន​បណ្តុះបណ្តាល​និង​បំពាក់អាវុធ​ឱ្យ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ប្រឆាំងនឹង​ពួក​អាយ​ស៊ី​ស ងាយ​រងគ្រោះ​ពី​ការវាយប្រហារ​របស់​តួ​ក​គី​។​

​តួ​ក​គី​ដែល​ភ័យខ្លាច​មហិច្ឆតា​បំបែក​ខ្លួន​របស់​ពួក​ឃឺ​ដ​នៅក្នុង​ប្រទេស​របស់ខ្លួន​នោះ បាន​គំរាមថា​នឹងធ្វើ​ការវាយលុក​ប្រឆាំងនឹង​ក្រុម​ឃឺ​ដ​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចោទប្រកាន់ថា​ជា “​ពួក​ភេរ​វករ​”​។​

​កាលពី​ថ្ងៃ​សៅរ៍ មន្ត្រីជាន់ខ្ពស់​ឃឺ​ដ​ម្នា​ក់បាន​អំពាវនាវ​ឱ្យ​អាមេរិក​រារាំង​ការវាយលុក​ណាមួយ​រប​ស់​តួ​ក​គី ដោយ​ហៅ​វា​ថា​ជា “​កាតព្វកិច្ច​របស់​អាមេរិក​ដើម្បី​ទប់ស្កាត់​រាល់​ការវាយប្រហារ​ណាមួយ​និង​ដើម្បី​បញ្ចប់​ការគំរាមកំហែង​របស់​តួ​ក​គី​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​ម៉ា​ក្រុង​ជួបគ្នា​នាពេល​កន្លងទៅ