លោក​ម៉ា​ក្រុង​និយាយថា EU ត្រូវតែ​រៀន​មេរៀន​ពី Brexit

751
ចែករម្លែក
  • 16
    Shares

​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយថា សហភាព​អឺរ៉ុប​ត្រូវតែ “​រៀន​មេរៀន​” ពី​ការសម្រេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​ក្នុងការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប (Brexit)​។​

​ថ្លែង​ពី​ទីក្រុង​ព្រុ​ច​សែ​ល លោក​ម៉ា​ក្រុង​បាន​និយាយថា ការចាកចេញ​របស់រ​ដ្ឋ​ជា​សមាជិក​ដ៏​សំខាន់​មួយ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្លុក​នេះ​បាន​បង្ហាញថា “​អឺរ៉ុប​មាន​ភាពផុយស្រួយ​” ហើយ​សហភាព​អឺរ៉ុប “​ក៏​មិន​ធានាបាន​ដូចគ្នា​”​។​

​មេដឹកនាំ​បារាំង​បាន​និយាយថា ពួក​មេដឹកនាំ​អឺរ៉ុប​មាន​កាតព្វកិច្ច​ដើម្បី “​ការពារ​អឺរ៉ុប​ប្រឆាំងនឹង​អ្នក​ដែល​ភ្លេច​ថា សហភាព​អឺរ៉ុប​គឺជា​អ្នកធានា​សន្តិភាព វិបុលភាព និង​សន្តិសុខ​”​។​

​លោក​ម៉ា​ក្រុង​ក៏បាន​គោរព​ដល់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ថេ​រ៉េ​សា មេ ផងដែរ​ចំពោះ​ការស្វែងរក “​ផ្លូវ​ឆ្ពោះទៅកាន់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​និរន្ត​ភាព​” ជាមួយ​សហភាព​អឺរ៉ុប ខណៈ​ការពារ​ផលប្រយោជន៍​របស់​ចក្រ​ភព​អង់គ្លេស​ក្នុងអំឡុងពេល​ចរចា​។​

​មេដឹកនាំ​អឺរ៉ុប​ចំនួន ២៧ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​កំណត់​លក្ខខណ្ឌ​នៃ​ការចាកចេញ​របស់​អង់គ្លេស​នៅ​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៩ និង​កំណត់​ក្របខ័ណ្ឌ​មួយ​សម្រាប់​ទំនាក់ទំនង​នាពេល​អនាគត​។​

​ទន្ទឹមនឹង​នេះដែរ អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ឡា មឺ​គែល បាន​ពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា​ជា “​ស្នាដៃ​សិល្បៈ​ការទូត​”​។​

​លោកស្រី​មឺ​គែល​បាន​និយាយ​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ផងដែរ​ថា “​វា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​បង្កឱ្យមាន​អារម្មណ៍​ស្រងូតស្រងាត់ … វា​ពិតជា​សោកស្តាយ​ខ្លាំងណាស់ ដែល​ចក្រភព​អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នាពេល​ឥឡូវនេះ បន្ទាប់ពី​រយៈពេល ៤៥ ឆ្នាំ ប៉ុន្តែ​ជាការ​ពិត យើង​ត្រូវតែ​គោរព​តាម​ការបោះឆ្នោត​របស់​ប្រជាជន​អង់គ្លេស​”​។​

​លោកស្រី​បានកើត​សរសើរ​កិច្ចព្រមព្រៀង​នេះដែ​លអាច​សម្រេចបាន “​ក្នុងស្ថានភាព​លំបាក​ខ្លាំង​បំផុត ក្នុងស្ថានភាព​ដែល​គ្មាន​បុព្វ​ភាព​ណាមួយ​សោះ ពីព្រោះ​យើង​មិន​ធ្លាប់​មានរឿង​បែបនេះ​ពីមុន​ទេ ដែល​ប្រទេស​អឺរ៉ុប​ចាកចេញ​ពី EU”​។

​លោកស្រី​មឺ​គេ​ល​និយាយថា ខណៈ​កិច្ចព្រមព្រៀង​នេះ​ផ្អែកទៅលើ​ការចរចា​ដ៏​លំបាក វា “​បាន​ពិចារណា​ទៅដល់​ផលប្រយោជន៍​របស់​ភាគី​ទាំងពីរ​”​។​

​ប្រ​ធានា​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​ក្លោដ ចាំង​ឃើ បាន​និយាយថា ចក្រភព​អង់គ្លេស​មិនអាច​សង្ឃឹម​ចរចា​លក្ខខណ្ឌ​ល្អប្រសើរ​ជាង​នេះ​បានទេ មុនពេល​ខ្លួន​ចាក​ចេញពី EU នៅ​ខែមីនា​។

​លោក​ចាំ​ឃើ​បាន​និយាយថា “​ខ្ញុំ​ជឿជាក់ថា​នេះ​គឺជា​កិច្ចព្រមព្រៀង​តែមួយគត់​ដែល​អាចធ្វើ​ទៅបាន​។ អ្នក​ដែល​គិតថា តាមរយៈ​ការច្រានចោល​កិច្ចព្រមព្រៀង​នេះ​ដោយ​សង្ឃឹមថា​នឹងមាន​កិច្ចព្រមព្រៀង​ផ្សេង​ល្អប្រសើរ​ជាង​នេះ គឺ​ច្បាស់​ជា​ត្រូវ​ខកចិត្ត​នៅ​វិនាទី​ដំបូង បន្ទាប់ពី​ការបដិសេធ​”​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​យល់ស្រប​នឹង​ការលើកឡើង​នេះ ដោយ​និយាយថា “​នេះ​គឺជា​កិច្ចព្រមព្រៀង ដែលមាន​នៅលើ​តុ​។ វា​ជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត​។ វា​ជា​កិច្ចព្រមព្រៀង​តែមួយគត់​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង