លោក​ម៉ា​ក្រុង​ពិចារណា​បោះបង់ចោល​ផែនការ​បង្កើត​តួនាទី​ផ្លូវការ​សម្រាប់​ជំទាវ​ទី​១

838

​យោងតាម​របាយការណ៍​នានា​បានឱ្យដឹងថា ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អែល ម៉ា​ក្រុង គ្រោង​នឹង​បោះបង់ចោល​ផែនការ​ដើម្បី​បង្កើត​តួនាទី​ផ្លូវការ​របស់​ជំទាវ​ទីមួយ សម្រាប់​ភរិយា​របស់គាត់ គឺ​លោកស្រី ព្រី​ជី​ត​។​

​ក្នុងអំឡុង​យុទ្ធនាការ​បោះឆ្នោត​របស់​គាត់ លោក​ម៉ា​ក្រុង​បាន​និយាយថា គាត់​ចង់​បង្កើត “​ឋានៈ​ពិតប្រាកដ​មួយ​” សម្រាប់​ប្រពន្ធ​របស់គាត់​។​

​ប៉ុន្តែ​ញត្តិ​តាម​អ៊ី​ធឺ​ណិ​ត​ប្រឆាំងនឹង​ចំណាត់ការ​នេះ បានទទួល​ហត្ថលេខា​ជិត ២៩០.០០០ នាក់ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយការណ៍​ថា តំណែង​របស់​លោកស្រី ព្រី​ជី​ត ម៉ា​ក្រុង នឹងត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ប៉ុន្តែ​ថា​រដ្ឋធម្មនុញ្ញ​នឹងមិន​ត្រូវបាន​ផ្លាស់ប្តូរ​ទេ​។​

​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​អំឡុងពេល​យុទ្ធនា​ការឃោសនា ប្រធានាធិបតី​លោក​ម៉ា​ក្រុង​បាន​និយាយថា ប្រសិនបើ​ជាប់ឆ្នោត​មែន​នោះ លោក​នឹង​ចង់ឱ្យ​តួនាទី​ជំទាវ​ទីមួយ​ត្រូវបាន “​កំណត់​ន័យ​”​។​

​គាត់​បាន​ប្រាប់​ទូរទស្សន៍ TF1 កាលពី​ខែមេសា​ថា “​លោកស្រី [​ព្រី​ជី​ត ម៉ា​ក្រុង​] នឹង​និយាយ​អំពី​អ្វីដែល​គាត់​ចង់​ក្លាយ​” ។​

​រដ្ឋធម្មនុញ្ញ​បារាំង​មិនបាន​ផ្តល់​ឋានៈ​ជា​ផ្លូវការ​ដល់​ប្តី​ឬ​ប្រពន្ធ​របស់​ប្រធានាធិបតី​ឡើយ ទោះបីជា​ពួកគេ​ត្រូវបាន​គេ​ផ្តល់ជូន ការិយាល័យ​ឱ្យ​មួយ​នៅ​វិមាន​អេ​លី​សឺ អ្នកជំនួយការ​ម្នាក់ ឬ​ពីរ​នាក់ និង​អង្គរក្ស​ម្នាក់​ក៏ដោយ​។​

​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ម៉ា​ក្រុង​គឺ​ផ្អែកទៅលើ​ការបំបាត់​ញាតិសន្ដាន​និយម​នៅក្នុង​នយោបាយ​បារាំង បន្ទាប់ពី​គូប្រជែង​អភិរក្សនិយម លោក ហ្វ្រ​ង់​សឺ​ស ហ្វី​យ៉ង់ របស់គាត់​ត្រូវបាន​គេ​ស៊ើបអង្កេត​លើ​ការទូទាត់​ដ៏​ចម្រូងចម្រាស់​ដល់​ប្រពន្ធ​របស់គាត់​។​

​លោក​ម៉ា​ក្រុង​បាន​និយាយថា​លោក​នឹង​ហាមឃាត់​អ្នកនយោបាយ​ពី​ការជួល​សាច់ញាតិ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ជា​សាធារណៈ​អំពី​រឿងអាស្រូវ​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង​និង​លោកជំទាវ ព្រី​ជី​ត ម៉ា​ក្រុង