លោក​ម៉ា​ក្រុង​ព្យាយាម​រៀបចំ​ឱ្យ​លោក​ត្រាំ​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​

161
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​ថា “​វា​ពិតជា​ឱកាសល្អ​” ដែល​គាត់​អាច​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​ស្តីពី​ការជាប់គាំង​រឿង​នុយក្លេអ៊ែរ​របស់​ពួកគេ បន្ទាប់ពី​មាន​អន្តរាគមន៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ពី​ប្រធានាធិបតី​បារាំង​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល G7 ដើម្បី​ព្យាយាម​នាំ​ទីក្រុង​វ៉ាស៊ីនតោន​និង​តេ​ហេ​រ៉ង់​មកជួប​គ្នា បន្ទាប់ពី​មាន​ជម្លោះ​ជាច្រើន​ទសវត្សរ៍​។​

​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​បានរៀបចំ​ការប្រថុយប្រថាន​ដ៏​ខ្ពស់​មួយ​ដើម្បី​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ដែល​យន្តហោះ​របស់គាត់​បាន​ចុះចត​នៅឯ​ព្រលានយន្តហោះ​បិទ​ចរាចរណ៍​នៅ​ទីក្រុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ប្យ៊ែ​រ​រីត ក្នុងអំឡុង​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​ទាំង ៧ របស់​ពិភពលោក​។ ដោយ​ពឹង​ផ្អែកលើ​ភាពចុះ​សម្រុង​គ្នា​ចាក់ទឹកមិនលិច​ជាមួយ​លោក​ត្រាំ លោក​ម៉ា​ក្រុង​បានរៀបចំ​ការប្រជុំ​បិទ​ទ្វារ​កម្រិត​ខ្ពស់​មួយ​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ ដែលមាន​ការការពារ​សន្តិសុខ​យ៉ាងរឹងមាំ​ដល់​បន្ទប់​តូច​មួយ​នៅក្នុង​សាលប្រជុំ ដែល​ពោរពេញ​ទៅដោយ​អ្នកការទូត​អឺរ៉ុប​និង​អ៊ីរ៉ង់​។​

​លោក​ម៉ា​ក្រុង ដែល​គេ​ដឹងថា​បាន​ដោះដូរ​សារ​ទៅវិញទៅមក​ជាធម្មតា​ជាមួយ​លោក​ត្រាំ សង្ឃឹមថា​លោក​ត្រាំ​និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី នឹង​អាច​ជួបគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ក្នុង​ក្តី​សង្ឃឹមថានឹង​ជួយសង្គ្រោះ​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​ទីក្រុង​តេ​ហេ​រ៉ង់​បានធ្វើ​ជាមួយ​មហាអំណាច​ពិភពលោក ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញ​ជា​ឯកតោភាគី​ពី​ឆ្នាំមុន​។ ក្រោម​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​បាន​យល់ព្រម​រឹតត្បិត​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។​

​លោក​ត្រាំ​មិន​ច្បាស់​នោះទេ​អំពី​ពេលវេលា​សម្រាប់​កិច្ចប្រជុំ​បែបនេះ​ជាមួយ​លោក​រូ​ហា​នី​។​

​ទាក់ទង​នឹង​អ៊ីរ៉ង់ លោក​ត្រាំ​និយាយថា “​ប្រសិនបើ​កាលៈទេសៈ​មាន​ភាពអំណោយ​ផល​ឬ​ត្រឹមត្រូវ ខ្ញុំ​ច្បាស់​ជា​យល់ព្រម​ចំពោះ​ការប្រជុំ​នោះ​។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន ពួកគេ​ត្រូវតែ​ជា​អ្នកដើរតួ​ដ៏​ល្អ​សិន​។ អ្នក​ច្បាស់​ជាយ​ល់ហើយ​ថា​នោះ​មានន័យ​អ្វី​”​។

​ក្រោយមក​គាត់​បន្ថែមថា “​នៅ​គ្រាមួយ​ដែល​បានកំណត់ នោះ​នឹងមាន​កិច្ចប្រជុំ​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​ជាមិនខាន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​ម៉ា​ក្រុង​ចាប់ដៃគ្នា​អំឡុង​សន្និសីទ​រួម​ចុងក្រោយ​នៃ​កិច្ចប្រជុំ G7