លោក​ម៉ា​ក្រុង​ព្រមាន​អំពី​ហានិភ័យ​នៃ “​ជម្លោះ​” ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

844
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​ព្រមាន​អំពី​ហានិភ័យ​នៃ “​ជម្លោះ​” ក្នុងការ​ប្រឈមមុខ​ដា​ក់​គ្នា​ជាមួយ​អ៊ីរ៉ង់ ក្រោយពី​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បានប្រកាស​ពី​ផែនការ​បង្កើន​សមត្ថភាព​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់ខ្លួន ខណៈ​អឺរ៉ុប​កំពុង​ប្រវេប្រវា​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពោរពេញ​ដោយ​បញ្ហា​នេះ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែ​ល​ដែល​កំពុង​បំពេញ​ទស្សនកិច្ច លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​អង្គារ​ទី ៥ មិថុនា លោក​ម៉ា​ក្រុង​បាន​អំពាវនាវ​ឱ្យ “​គ្រប់គ្នា​រក្សា​ស្ថិរភាព​ស្ថានភាព​និង​កុំឱ្យ​បង្កើន​ភាព​តានតឹង​បន្ថែម ដែល​នឹង​នាំឱ្យ​កើតរឿង​តែមួយគត់ គឺ ជម្លោះ​”​។​

​លោក​បាន​និយាយថា​ការសម្រេចចិត្ត​របស់​អ៊ីរ៉ង់​ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​មិនមែនជា​មូលដ្ឋាន​នៃ​ការចាកចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​គេ​បង្កើតឡើង​ដើម្បី​បញ្ឈប់​អ៊ីរ៉ង់​កុំឱ្យ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​នោះទេ​។​

​កិច្ចព្រមព្រៀង​នេះ​រង​ការគំរាមកំហែង​ដោយសារ​អាមេរិក​បាន​ដកខ្លួន​ចេញ​កាលពី​ខែ​មុន ដែលជា​ចំណាត់ការ​មួយ​អបអរសាទរ​ដោយ​អ៊ីស្រាអែល ជាស​ត្រូវ​សួ​ពូជ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ប្រទេស​ហត្ថលេខី​ដូចជា បារាំង ចក្រភព​អង់គ្លេស ចិន រុស្ស៊ី និង សហភាព​អឺរ៉ុប បាន​ឈរ​ការពារ​កិច្ចព្រមព្រៀង​នេះ​យ៉ាងរឹងមាំ​។​

​នៅក្នុង​ការរិះគន់​ខ្លាំងៗ​ដាក់​អាមេរិក​ចំពោះ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ លោក​ម៉ា​ក្រុង​បាន​និយាយថា ការ​តប​ឆ្លើយ​របស់​អ៊ីរ៉ង់ “​បង្ហាញ​យ៉ាង​សាមញ្ញ​ថា នៅពេលដែល​អ្នកសម្រេច​ចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​ជា​ឯកតោភាគី វា​មិនបាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ម្ខាង​ទៀត​គោរព​វាត​ទៅទៀត​នោះទេ​”​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូ ដែល​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​នេះ បាន​និយាយថា គាត់​មិនបាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ម៉ា​ក្រុង​ឱ្យ​បោះបង់ចោល​កិច្ចព្រមព្រៀង​នេះ​ទេ​។​

​លោក​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​នុយក្លេអ៊ែ​រ​ថ្មី​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់​និង​ផលវិបាក​សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​បន្តធ្វើ​អាជីវកម្ម​នៅ​សាធារណរដ្ឋ​អ៊ីស្លាម​នេះ ថា “​ខ្ញុំ​មិនបាន​ស្នើឱ្យ​ប្រធានាធិបតី​ម៉ា​ក្រុង​ចាក​ចេញពី​កិច្ចព្រមព្រៀង​នោះទេ​។ ខ្ញុំ​គិតថា ភាពជាក់ស្តែង​ខាង​សេដ្ឋកិច្ច​នឹង​សម្រេច​លើ​បញ្ហា​នេះ​”​។​

​លោក​បាន​បន្ថែមថា “​អ្វីដែល​យើង​ផ្តោតទៅលើ​និង​អ្វីដែល​ខ្ញុំ​បាន​ផ្តោតទៅលើ គឺ​របៀប​បញ្ឈប់​ការឈ្លានពាន​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ជួបគ្នា​នៅ​ប៉ារីស