លោក​ម៉ា​ឌូ​រ៉ូ​បង្កើត​អង្គភាព​យោធា​មួយ​ដើម្បី​ការពារ​រោងចក្រ​ផលិត​ទឹក​និង​អគ្គិសនី​

217
ចែករម្លែក
  • 22
    Shares

​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​បង្កើត​អង្គភាព​យោធា​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​ដែល​ទទួលបន្ទុក​ការពារ​រោងចក្រ​និង​សេវាកម្ម​មូលដ្ឋាន​ដូចជា​អគ្គិសនី​និង​ទឹក ពោលគឺ​ជាង​មួយ​សប្តាហ៍​បន្ទាប់ពី​ប្រទេស​នេះ​រង​ការ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​បន្ទោស​ការ​ដាច់​ភ្លើង​នេះ​ទៅលើ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ពួក​អ្នក​រិះគន់​និយាយថា រដ្ឋាភិបាល​គឺជា​អ្នកមាន​កំហុស​ចំពោះ​ការខកខាន​ក្នុង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​។​

​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​និង​វិទ្យុ លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា “​ទីបញ្ជាការ​សម្រាប់​ការពារ​សេវាកម្ម​យុទ្ធសាស្ត្រ​មូលដ្ឋាន​” នឹងមាន​ភារកិច្ច​ធានា​នូវ “​សន្តិសុខ ប្រតិបត្តិការ និង​ការថែទាំ​”​។​

​មន្ត្រី​របស់ខ្លួន​នឹង​ទទួលខុសត្រូវ​ក្នុងការ​ធានា​សន្តិសុខ​ទាំង​ផ្នែក “​សុវត្ថិភាព​ជាក់ស្តែង​និង​សុវត្ថិភាព​អ៊ី​ន​ធឺ​ណេ​ត​” នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ភ្លើង​និង​ការថែទាំ​ឧបករណ៍​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា​ការ​ដាច់​ភ្លើង​ដែល​បានអូសបន្លាយ​ជិត​មួយ​សប្ដាហ៍​គឺ​ដោយសារតែ​ការវាយប្រហារ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​រោងចក្រ​វា​រី​អគ្គីសនី​ដ៏​សំខាន់​របស់​ប្រទេស​នេះ​នៅ​តំបន់​ហ្គូ​រី​ក្នុង​រដ្ឋ​បូ​លី​វ៉ា ដែល​ដឹកនាំ​ដោយ​លោ​កច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​របស់លោក​ដូ​ណា​ល់ ត្រាំ​។​

​ការ​ដាច់​ភ្លើង​បានកើត​ឡើង​នៅ​ថ្ងៃទី ៧ ខែមីនា ហើយ​បានធ្វើឱ្យ​ប្រទេស​ទាំងមូល​ងងឹតឈឹង​។​

​រដ្ឋាភិបាល​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ថាមពល​អគ្គិសនី​បាន​ត្រឡប់មកវិញ​នៅ​ទូទាំងប្រទេស ប៉ុន្តែ​តំបន់​ភាគ​ខាងលិច​នៅ​ដាច់​ខ្លះៗ​៕ ដោយ៖ កញ្ញាដាលីស

អគ្គិសនី​បាន​ដាច់​ទូទាំងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃទី​៧​មីនា និង​អូស​បន្លាយពេល​ជាង​មួយ​សប្តាហ៍