ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស ម៉ាឌូរ៉ូ បានហៅកិច្ចប្រជុំរវាងលោកដូណាល់ ត្រាំ និងមេដឹកនាំកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌូកេ (Ivan Duque) ថាជា “ការអបអរភាពស្អប់មកលើវេណេស៊ុយអេឡា”។
លោកត្រាំនិងលោកឌូកេបានជួបគ្នាកាលពីថ្ងៃពុធទី១៣កុម្ភៈនៅការិយាល័យពងក្រពើ និងនិយាយថាប្រទេសជាច្រើនចង់ជួយវេណេស៊ុយអេឡាដែលញាំញីដោយវិបត្តិ។ លោកត្រាំក៏បាននិយាយផងដែរថាការបដិសេធរបស់លោកម៉ាឌូរ៉ូក្នុងការទទួលយកជំនួយមនុស្សធម៌គឺជា “កំហុសឆ្គងដ៏អាក្រក់បំផុត” និងបានព្រលយអំពីចំណាត់ការនាពេលអនាគតរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងមេដឹកនាំសង្គមនិយមវេណេស៊ុយអេឡារូបនេះ។
លោកម៉ាឌូរ៉ូបានរារាំងជំនួយមនុស្សធម៌ពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតដោយនិយាយថាវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបណ្តេញរូបគាត់។ ប្រជាជនវេណេស៊ុយអេឡាកំពុងទទួលរងនូវកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរហើយជាង ២ លាននាក់បានភៀសខ្លួនចេញពីប្រទេស។
សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀតបានទទួលស្គាល់មេដឹកនាំប្រឆាំងលោកហ្វ័ន ក្វាយដូ ជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡា។ លោកម៉ាឌូរ៉ូបានហៅលោកក្វាយដូជាអាយ៉ងរបស់អាមេរិក៕ ដោយ៖ កញ្ញាដាលីស