លោក​ម៉ា​រ៉ា​ដូ​ណា​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ប៊ុ​យ​ណូ​ស៊ែរ ជុំវិញ​ពាក្យបណ្តឹង​របស់​អតីត​មិត្តស្រី​

558
ចែករម្លែក

​អតីត​ជ័យលាភី​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៨៦ រូបនេះ​ធ្លាប់បាន​សម្តែង​ការខឹង​សម្បារ​ចំពោះ​ការទាមទារ​ផ្នែក​ច្បាប់​និង​សេដ្ឋកិច្ច​ពី​អតីត​មិត្តស្រី​របស់គាត់ ដែល​បែកបាក់​គ្នា​កាលពី​ខែធ្នូ​ឆ្នាំ ២០១៨ បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​៦​ឆ្នាំ​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា ដែលជា​គ្រូបង្វឹក​បាល់ទាត់​នៅ​ក្លិប​ម៉ិ​ក​ស៊ិ​ក Dorados de Sinaloa ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ បន្ទាប់ពី​អតីត​មិត្តស្រី​របស់គាត់ នាង រ៉ូ​ស៊ីអូ អូ​លី​វ៉ា (Rocio Oliva) បាន​ប្តឹង​គាត់​ទារលុយ ៦,៣ លាន​ដុល្លារ​។

​គេ​ជឿជាក់ថា នាង​អូ​លី​វ៉ា ដែល​ទាក់ទង​គ្នា​ជាមួយ​ម៉ា​រ៉ា​ដូ​ណា​អស់​រយៈពេល ៦ ឆ្នាំ​មុនពេល​ពួកគេ​បែកបាក់​គ្នា​កាលពី​ខែធ្នូ​ឆ្នាំមុន បានដាក់​ពាក្យបណ្តឹង​មួយ​នៅក្នុង​តុលាការ​សាន់​មី​ហ្គែ​ល សម្រាប់ “​សកម្មភាព​នៃ​សំណង​ផ្នែក​សេដ្ឋកិច្ច​” ប្រឆាំងនឹង​អតីត​កីឡាករ​បាល់ទាត់​រូបនេះ​។​

​យោងតាម​របាយការណ៍​នានា​បានឱ្យដឹងថា លោក​ម៉ា​រ៉ា​ដូ​ណា​បាន​វិលត្រឡប់​ទៅ​អា​ហ្ស​ង់​ទីន​វិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក នៅពេលដែល​លោក​ត្រូវបាន​ឃាត់ខ្លួន​ដោយ​អាជ្ញាធរ ដែល​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​អំពី​នីតិវិធីតុលាការ​ប្រឆាំង​នឹង​រូបលោក ដែល​ប្តឹង​ដោយ​អតីត​មិត្តស្រី​។​ កាលបរិច្ឆេទ​ឡើង​តុលាការ​ត្រូវបាន​កំណត់​នៅ​ថ្ងៃទី ១៣ ខែមិថុនា​។ ទោះយ៉ាងណា ម៉ា​រ៉ា​ដូ​ណា​នឹងមិន​ចូលរួម​សវនាការ​ទេ ប៉ុន្តែ​នឹងត្រូវ​តំណាង​ដោយ​មេធាវី​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​ប៊ុ​យ​ណូ​ស៊ែរ​កាលពី​ថ្ងៃ​ពុធ​ទី​២២​ឧសភា