លោក​ម៉ូ​រី​ញ៉ូ មិន​បារម្ភ​រឿង​លេង​ជាមួយ Tottenham នៅ​កីឡដ្ឋាន Wembley

929
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ និយាយថា ក្រុម​បិសាច​ក្រហម Manchester United មិន​ចាញ់​ប្រៀប​អី​នោះទេ​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ FA Cup នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ Tottenham នៅឯ​កីឡដ្ឋាន Wembley ដែលជា​ផ្ទះ​បណ្ដោះអាសន្ន​របស់ Spurs រដូវ​កាល​នេះ​។​

​ក្រុម​របស់លោក ម៉ូ​រី​ស៊ីអូ ផូ​ចេ​តទី​ណូ (Mauricio Pochettino) បាន​លេង​នៅ​ពហុកីឡាដ្ឋាន​ជាតិ ដែលជា​ទីលាន​សម្រាប់​វ​គ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ FA Cup ចំនួន​ពីរ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ជាមួយ​ក្រុម​តោ​ខៀវ Chelsea នឹង​លេង​ជាមួយ Southampton នៅ​ថ្ងៃអាទិត្យ ខណៈដែល​ទឹកដី White Hart Lane កំពុង​ត្រូវបាន​កសាងឡើង​វិញ​នៅ​រដូវ​កាល​នេះ​។​

​លោក ម៉ូ​រី​ញ៉ូ បាន​ចង្អុល​អំពី​ជ័យជម្នះ Coppa Italia ឆ្នាំ ២០១០ របស់​ក្រុម Inter Milan ទៅលើ​ក្រុម Roma នៅ​ទឹកដី Stadio Olimpico របស់​គូប្រជែង និង បរាជ័យ​របស់​ក្រុម Real Madrid របស់គាត់​ក្នុង​ឆ្នាំ ២០១៣ នៅ​ទឹកដី Bernabeu របស់​ពួកគេ​ក្រោម​ថ្វីដៃ​របស់​ក្រុម Atletico Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ។​

​លោក ម៉ូ​រី​ញ៉ូ ដែល​កំពុង​ស្វែងរក​ពានរង្វាន់ FA Cup ជា​លើក​ទី​៤ បន្ទាប់ពី​ឈ្នះ​ពាន​នេះ​ចំនួន ៣ ជាមួយ Chelsea បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​ថា “​ខ្ញុំ​មិន​គិតថា​វា​ជាការ​ចាញ់​ប្រៀប​នោះទេ​។ ខ្ញុំ​បាន​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​មួយ​នៅ​កីឡាដ្ឋាន​របស់ Roma ទល់នឹង​ក្រុម Roma ហើយ​ខ្ញុំ​បានឈ្នះ​។ ខ្ញុំ​បាន​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡាដ្ឋាន​របស់ខ្ញុំ ហើយ​ខ្ញុំ​ចាញ់​។ ដូច្នេះ​ខ្ញុំ​គិតថា នៅពេលដែល​អ្នក​ចូលទៅ​ដល់ពេល​វេលា​ដ៏​ធំ​បែបនេះ ជាមួយនឹង​ការសម្រេចចិត្ត​ដ៏​ធំ​ទាំងនេះ ពោលគឺ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខ្ញុំ​មិន​គិតថា វា​ជាការ​ចាញ់​ប្រៀប​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ នឹង​លេង​ជាមួយ Tottenham នៅ​កីឡដ្ឋាន Wembley ថ្ងៃ​សៅរ៍​នេះ