លោក​ម៉ៃ ផេ​ន​កំពុង​ស្ថិតនៅ​កូ​ឡុំ​ប៊ី ប្រកាស​ទណ្ឌកម្ម​ថ្មី​លើ​លោក​ម៉ា​ឌូ​រ៉ូ​

392
ចែករម្លែក
  • 31
    Shares

​រដ្ឋបាល​ត្រាំ​បានប្រកាស​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​លើ​ក្រុម​សម្ព័ន្ធមិត្ត​របស់លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ខណៈ​រដ្ឋបាល​នេះ​កំពុង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​មធ្យោបាយ​ថ្មី​ដើម្បី​ជំរុញ​ដល់​គូប្រជែង​របស់លោក​ម៉ា​ឌូ​រ៉ូ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជាតិ​ដែល​រង​ការបំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​នេះ​ត្រូវបាន​រារាំង ចំពេល​មានការ​តតាំង​យ៉ាងខ្លាំង​ក្លា​ពី​កងកម្លាំង​សន្តិសុខ​ដែល​ស្មោះត្រង់​នឹង​មេដឹកនាំ​សង្គមនិយម​រូបនេះ​។​

​លោក​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន​បាន​មកដល់​រដ្ឋធានីរ​បស់​កូ​ឡុំ​ប៊ី​សម្រាប់​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៃ​មេដឹកនាំ​ថ្នាក់​តំបន់​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​កាន់តែ​ជ្រាលជ្រៅ​និង​បាន​ជួប​ភ្លាមៗ​ជាមួយ​លោក​ហ្វ័​ន ក្វា​យ​ដូ មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​អាមេរិក​និង​ប្រទេស​ចំនួន ៥០​ផ្សេងទៀត​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​។​

​នៅក្នុង​សុន្ទរកថា​មួយ លោក​ផេ​ន​បាន​ជំរុញ​ឱ្យ​ដៃគូ​ក្នុង​តំបន់​បង្កក​ទ្រព្យសម្បត្តិ​ប្រេង​ដែល​គ្រប់គ្រង​ដោយ​លោក​ម៉ា​ឌូ​រ៉ូ ផ្ទេរប្រាក់​ឱ្យទៅ​លោក​ក្វា​យ​ដូ និង​រឹតបន្តឹង​លើ​ទិដ្ឋាការ​សម្រាប់​ក្រុមមន្ត្រី​របស់លោក​ម៉ា​ឌូ​រ៉ូ​។ លោក​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ទៅលើ​អភិបាល​ដែល​គាំទ្រ​រដ្ឋាភិបាល​ចំនួន​បួនរូប រួមទាំង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​ម៉ា​ឌូ​រ៉ូ ដែល​បាន​ចរចា​ដោះលែង​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ជាប់គុក​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។​

​លោក​ផេ​ន​បាន​និយាយថា “​វា​ដល់ពេល​ត្រូវធ្វើ​ចំណាត់ការ​បន្ថែម​ហើយ​។ ថ្ងៃនោះ​នឹង​មកដល់​ឆាប់ៗ នៅពេលដែល​សុបិន​អាក្រក់​ដ៏​យូរ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​នឹងត្រូវ​បញ្ចប់ នៅពេល​វេ​ណេ​ស៊ុយ​អេ​ឡា​នឹងមាន​សេរីភាព​ម្ដងទៀត នៅពេល​ប្រជាជន​របស់​ប្រទេស​នេះ​នឹង​ឃើញ​ការកកើត​ជាថ្មី​នៃ​សេរីភាព នៅក្នុង​ប្រជាជាតិ​មួយ​ដែល​សេរីភាព​នឹង​កកើត​ឡើងវិញ​”​។​

​ការបង្ហាញ​វត្តមាន​របស់លោក​ផេ​ន​នៅមុន​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​លី​ម៉ា​បាន​កើតឡើង​នៅ​ផ្លូវបំបែក​ដ៏​សំខាន់​សម្រាប់​សម្ព័ន្ធភាព​នៃ​ប្រជាជាតិ​អាមេរិក​ឡាទីន​អភិរក្សនិយម​ភាគច្រើន​និង​ប្រទេស​កាណាដា​ដែល​បានរួម​កម្លាំង​គ្នា​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ម៉ា​ឌូ​រ៉ូ​។ មួយខែ​បន្ទាប់ពី​លោក​ក្វា​យ​ដូ​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៅក្នុង​ការជួបជុំ​មួយ​នៅ​ខាងក្រៅ ក្តីសង្ឃឹម​ដែលថា​នឹង​លែងមាន​ការគាំទ្រ​ដល់​លោក​ម៉ា​ឌូ​រ៉ូ​នៅក្នុង​ជួរ​យោធា​តទៅទៀត​នោះ បាន​សាបរ​លាភ​ទៅវិញ​។​

​កាលពី​ចុង​សប្តាហ៍ កងកម្លាំង​សន្ដិសុខ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​និង​ប្រេ​ស៊ី​ល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​ជ័រ​ទៅលើ​សកម្មជន​ដែល​គ្រវីទង់ជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​កំពុង​អមដំណើរ​រថយន្ដ​ដឹក​ជំនួយ​សង្គ្រោះបន្ទាន់​ដែល​ផ្ទុក​ថ្នាំពេទ្យ​និង​ស្បៀងអាហារ​។ មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់​និង​យ៉ាងហោចណាស់​មនុស្ស ៣០០ នាក់​បាន​រងរបួស ប៉ុន្តែ​មនុស្ស​តែ​ពីរ​បីនាក់​ប៉ុណ្ណោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​៕ ដោយ៖ កញ្ញាដាលីស

(​រាប់​ពីឆ្វេង​) លោក​ក្វា​យ​ដូ លោកប្រធានាធិបតី​កូ​ឡុំ​ប៊ីអ៊ី​វ៉ាន់ ឌូ​កេ និង លោកម៉ៃ ផេន