ដោយ: មូលសម្បត្តិ
ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីកការហោះហើរត្រង់បន្ថែមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផងដែរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខាធិការនៃក្រសួងធនធានឧស្សាហកម្ម និងទេសចរណ៍នៃប្រទេសព្រុយណេ ដែលជាប្រធានអង្គប្រជុំ ASEAN NTOs លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ។
ការលើកឡើងនេះក៏មិនខុសពីអ្វីដែលលោករដ្ឋមន្ត្រីរូបនេះ តែងតែជំរុញដល់ភាគីពាក់ព័ន្ធនៅកម្ពុជាឱ្យចូលរួមជំរុញនូវកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិនោះឡើយ ដោយលោកតែងតែលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញការតភ្ជាប់ការហោះហើរត្រង់ពីបណ្ដាប្រទេសគោលដៅនានាជារឿយៗ។
ក្នុងពិធីបើកកិច្ចប្រជុំ ASEAN NTOs នេះ លោក បានឆ្កឹះអំពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបានកំណើនជាមធ្យម ៤% ក្នុងមួយឆ្នាំ និងជំរុញឱ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្តបានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។
លោក បានសម្លឹងឃើញពីសក្ដានុពលនៃ «ទេសចរណ៍ម្ហូបអាហារ» យូរមកហើយ ដោយក្នុងកិច្ចប្រជុំខាងលើនេះដែរ ឱ្យអង្គប្រជុំ ASEAN NTOs រួមគ្នាពិភាក្សាពីចំណុចដ៏សំខាន់មួយនេះ សំដៅធ្វើយ៉ាងសម្រេចឱ្យបាននូវ «ស្ដង់ដារទេសចរណ៍ម្ហូបអាហារអាស៊ាន» នេះឱ្យបាន។
ដោយសារតែនៅតំបន់អាស៊ានសម្បូរទៅដោយធនធានធម្មជាតិ វប្បធម៌រូបិយ-អរូបិយ ដែលអំណោយផលដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់ ឱ្យក្លាយទៅជាផលិតផលដ៏ល្អឯក និងផ្ដល់នូវការចងចាំដ៏ជក់ចិត្តដល់ទេសចរ ដូច្នេះហើយបានជាលោក ថោង ខុន ជំរុញលើកទឹកដល់ប្រទេសសមាជិកអាស៊ាន ត្រូវធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកើនឡើងកាន់តែច្រើនថែមទៀត។
លោក បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ ដែលបានតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដែលនេះជាការរួមចំណែកដល់ការជំរុញចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។
តាមរបាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០១៨ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ១៣៥លាននាក់ កើនឡើង ៧,៦%។
បើតាម លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ កិច្ចប្រជុំ ASEAN NTOs នេះផ្ដោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អាស៊ាន ក្នុងនោះមានការត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៦ និងដាក់ចេញទិសដៅការងារបន្តរហូតទៅដល់ឆ្នាំ២០២៥។
ក្រៅពីនោះ មានការជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងគម្រោងអភិវឌ្ឍន៍នានា ដែលចូលរួមដល់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តស្តង់ដាគុណភាពអាស៊ានរួម និងការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមកម្មវិធីបណ្ដុះបណ្ដាលស្ដង់ដាអាស៊ាន។
សូមជម្រាបថា កិច្ចប្រជុំ ASEAN NTOs ខាងលើ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០១៩។ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុងក្របខ័ណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ៕ ល/សរន